ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹង​បញ្ជូន​លោក កៅ គឹមហួន ទៅកាន់​តំណែង​អគ្គលេខាធិការ​អាស៊ាន
29, Jul 2019 , 5:00 pm        
រូបភាព
លោក កៅ គឹមហួន
លោក កៅ គឹមហួន
ដោយ: ថ្មីៗ
​ឆ្នាំ​២០២៣ គឺជា​វេន​កម្ពុជា ដែល​ត្រូវ​កាន់តំណែង​អគ្គលេខាធិការ​អាស៊ាន​។ សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាសថា លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី ជា​បេក្ខជន សម្រាប់​តំណែង​នេះ​។ 


 
​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់ថា​៖«​ខ្ញុំ នឹង​បញ្ជូន​បេក្ខជន​មួយ​នេះ [​ទៅ​]​។ [​ខ្ញុំ​] ប្រាប់​ទៅលោក ប្រាក់ សុខុន ឲ្យ​ត្រៀម​»​។  

អត្ថបទទាក់ទង


 
​សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា មុនដំបូង សម្តេច សម្លឹង​ឃើញ​បេក្ខជន​ដល់​ទៅ​បី​រូប​។ ពីររូប​ទៀត គឺ​អ្នកស្រី សឿង រដ្ឋ​ចា​វី ដែល​បច្ចុប្បន្ន ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង់គ្លេស និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងការបរទេស ហើយក៏​ធ្លាប់​ធ្វើជា​អគ្គលេខាធិការរង​អាស៊ាន​ផងដែរ និង លោក សុក ស៊ីផាន់ណា ជាទី​ប្រឹក្សា​ក្រសួងការបរទេស និងជា​អ្នកការទូត​ផ្នែក​ពាណិជ្ជកម្ម​។​
 
​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់​បន្ថែមថា ក្នុងចំណោម​ឥស្សរជន​ទាំងបី​រូបនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​ជ្រើស​រើសយក​លោក កៅ គឹមហួន​។ លោក បន្តថា ចំពោះ​ឥស្សរជន​ពីររូប​ទៀត ដែល​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​ក្នុង​ពិធី​ខាងលើ គឺជា​ការគិតគូរ​រប​ស់​ប្រមុខ​រដ្ឋាភិបាល មុននឹង​សម្រេច​ចុងក្រោយ​ថា​ត្រូវ​ជ្រើស​រើសយក​អ្នកណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ បែបនេះថា៖«​ឥឡូវ យើង សម្រេច​ហើយ ថា​នឹង​បញ្ជូន​ឯកឧត្តម កៅ គឹមហួន ទៅ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ ពុំបាន​លើកឡើង​ពី​គុណសម្បត្តិ​របស់លោក កៅ គឹមហួន ឡើយ​។ ប៉ុន្តែ លោក លើក​ពី​គោលការណ៍​ខ្លះៗ​ថា ដើម្បី​អាច​ឈរឈ្មោះ​ជា​បេក្ខជន​អគ្គលេខាធិការ​អាស៊ានបាន គឺ​ទាមទារ​ឲ្យ​មានចំណេះដឹង​ខ្ពស់​និង​មាន​បទពិសោធ​ច្រើន​ក្នុង​កិច្ចការ​អាស៊ាន ហើយ​មាន​ឋានៈ​ចាប់ពី​អនុរដ្ឋមន្ត្រី​ឡើ់យ​ទៅ​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ប្រមុខ​រដ្ឋាភិបាល ឈ្វេងយល់​ច្បាស់​ហើយ គឺ​បេក្ខជន​នោះ ត្រូវមាន​សមត្ថភាព​»​។ 
 
Dato Paduka Lim Jock Hoi អតីតមន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម និង​ជាអតីត​អ្នកការទូត​របស់​ព្រុយ​ណេ គឺជា​អគ្គលេខាធិការ​អាស៊ាន នាពេល​បច្ចុប្បន្ន​។ អាណត្តិរបស់អគ្គលេខាធិការ​អាស៊ាន មានរយៈពេល៥​ឆ្នាំ​។ ការប្តូរ​អគ្គលេខាធិការ​អាស៊ាន  គឺ​ធ្វើ​ទៅតាម​អក្ខរក្រម​នៃ​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន  គឺ​ចាប់ A ទៅ Z ។ ទីស្នាក់ការ​អគ្គលេខាធិការ​អាស៊ាន  គឺ​ស្ថិតនៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​៕ 
 

Tag:
 កេ​ត សោ​ផាន់​
  កៅ គឹមហួន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com