កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន​៖ ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ទោះបី​មិនបាន​មេដាយ តែ​កុំ​ឲ្យ​គេ​និយាយដើម​
29, Jul 2019 , 9:59 pm        
រូបភាព
សម្តេច ហ៊ុន សែន មើលប្លង់គំរូទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ, រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន មើលប្លង់គំរូទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ, រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ការរៀបចំ​ដំណើរការ​ប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ និង​ទំនួល​ខុសត្រូវ ជា​រឿង​អាទិភាព​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ សម្រាប់ សម្តេច គឺ​មិន​ចង់​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​កីឡាករ​កីឡាការិនី​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្រោយ​ចប់​ការប្រកួត​។

 
​នាពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សម្រាប់ សម្តេច គឺ​មិន​ចង់​ឲ្យ​កីឡាករ​កីឡាការិនី​និង​ថ្នាក់ដឹកនាំ​មកពី​ប្រទេស​នានា​អន់ចិត្ត និង​និយាយ​ដើមពី​កម្ពុជា ថា​ជា​ប្រទេស​មិនល្អ​នោះឡើយ​។  


 
«​ខ្ញុំ​សុំ​បញ្ជាក់​អនុសាសន៍​ទី​ពីរ​មាន​ពីរ​ចំណុច ទី​១.​ការទទួលខុសត្រូវ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ទី​២.​ខិតខំ​ដណ្តើម​មេដាយ​ឲ្យ​បាន​ច្រើន​។ ប៉ុន្តែ​ចំណុច​ទី​១​ធំជាងគេ បើទោះបី​មិនបាន​មេដាយ​សោះ​ក៏​ហី​ទៅ​ចុះ ប៉ុន្តែ​ធ្វើ​ម៉េច​ឲ្យ​តែ​ការប្រកួត​បាន​ត្រឹមត្រូវ បើក​បាន​ត្រឹមត្រូវ និង​បិទ​ត្រឹមត្រូវ ហើយ​ពេល​គេ​ត្រឡប់​ទៅវិញ ថា​កម្ពុជា​ជា​ប្រទេស ដែល​គួរ​ឲ្យ​ចងចាំ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​»​។ សម្តេច​ថ្លែង​បែបនេះ នៅមុខ​ថ្នាក់​កីឡា និង​ក្រសួង​នានា ពេល​ធ្វើជា​ធិបតី​ក្នុង​ពិធី​ដំឡើង​បង្គំ​កៅអី​ចុងក្រោយ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សិក្សា​លើ​ការពង្រីក​និង​សាងសង់​ផ្លូវ​បន្ថែម ដោយ​ភ្ជាប់​ពី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​កាន់​ផ្លូវជាតិ​នានា ដើម្បី​ជួ​យស​ម្រូ​ល​ដល់​ការធ្វើដំណើរ​របស់​កីឡាករ​កីឡាការិនី និង​ប្រជាពលរដ្ឋ​ក្នុងអំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ សម្តេច ក៏​ជំរុញ​ឲ្យ​គណៈកម្មាធិការ​នេះ រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​បណ្តា​ទូរទស្សន៍ និង​សារព័ត៌មាន​នានា ដើម្បី​ត្រៀម​ផ្សាយ​ការប្រកួត​នៅ​ឆ្នាំ​នោះ​ផងដែរ​។ 
 
​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ទីលាន​បាល់ទាត់​ទើប​បញ្ចប់​បង្គំ​កៅអីអង្គុយ ដែលជា​សមិទ្ធផល​ដំណាក់កាល​ទី​២ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ចំណងដៃ​របស់លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ប្រជាមានិត​ចិន​សម្រាប់​ប្រជាជន​កម្ពុជា​។ ទីលាន​បាល់ទាត់​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៦៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​។ ពហុ​កីឡដ្ឋាន ដែល​ស្ថិតនៅ​ភូមិ​តាសេក សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​មួយ​នេះ ស្ថាបនា​ឡើង​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕    

Tag:
 ហ៊ុន សែន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com