ជាតិ
មជ្ឈមណ្ឌលពិនិត្យគុណភាព-ចែកចាយបន្លែ ជាជំនួយរបស់ជប៉ុន ដាក់ដំណើរនៅខេត្តកណ្តាល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ របស់មន្ទីរកសិកម្មខេត្តកណ្តាល ថ្ងៃទី២៩កក្កដា ឆ្នាំ២០១៩។
× ភ្នំពេញ៖ មជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ របស់មន្ទីរកសិកម្មខេត្តកណ្តាល បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលនេះ គឺជាជំនួសឥតសំណង់របស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំទឹកប្រាក់១០ម៉ឺនដុល្លារ។
មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ គឺមានសារៈសំខាន់ ដែលធានាបាននូវគុណភាព សុវត្ថិភាព ផលិតផល ដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងបរិស្ថាន ដែលស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងចំពោះមុខលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ការដាក់សម្ភោធឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការគាំទ្រយ៉ាងជាក់ស្តែង ចំពោះកម្ពុជាដែលកំពុងអនុវត្តកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
ជាការឆ្លើយតបនៃការដាក់សម្ពោធមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ នៅមន្ទីរកសិកម្មខេត្តកណ្តាល ក្រសួងបានដាក់ចេញនូវគោលការណ៍ និងដាក់ឲ្យប្រើប្រាស់នូវរូបសញ្ញាជាតិនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់ឯកសារស្តង់ដារកសិកម្មសរីរាង្គកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
Tag:
កសិកម្ម
មជ្ឈមណ្ឌល
បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com