ជាតិ
សេដ្ឋកិច្ច
មេដឹកនាំ​កម្ពុជា​៖ «​បើទោះជា​គ្មាន​ចំណូល​បន្ថែម ក៏​កម្ពុជា​អាច​បើក​ប្រាក់ខែ​មន្ត្រីរាជការ លើសពី​១​ឆ្នាំ​»
29, Jul 2019 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ ទោះបី​គ្មាន​ចំណូល​បន្ថែម ក៏​កម្ពុជា អាច​បើក​ប្រាក់ខែ​មន្ត្រីរាជការ លើសពី​១​ឆ្នាំ​ដែរ​។ នេះ​ជាការ​ប្រតិកម្ម​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​ទៅនឹង​មតិ​សាធារណជន ដែល​និយាយថា កម្ពុជា​នឹង​អាច​ស្លាប់ បើសិន​ជាមាន​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក តាមរយៈ​ច្បាប់​ស្តីពី​«​ប្រជាធិបតេយ្យ​កម្ពុជា​»​។​

 
​ថ្លែង​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល និង​អង្គទូត​នៅ​ថ្ងៃទី​២៩ កក្កដា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា កម្ពុជា​អាច​ប្រមូល​ចំណូល​ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ក្នុង​មួយខែ ដែលមាន​អតិរេក​(​នៅសល់ ឬ​លើស​) ជាង​១០០​លាន​ដុល្លារ បន្ទាប់ពី​ការចំណាយ​ប្រចាំខែ​លើ​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន អះអាងថា រដ្ឋាភិបាល​អាចមាន​លទ្ធភាព​បើក​ប្រាក់ខែ​មន្ត្រី លើសពី​១​ឆ្នាំ ទោះ​ជាមាន​សម្ពាធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​ក្តី​។​



 
​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់ នៅ​ខណ្ឌ​ជ្រាយ​ចង្វារ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​អ្នកខ្លះ វា​ទៅជា​ឆ្កួត វា​ថា​ឥឡូវ​រដ្ឋាភិបាល​(​កម្ពុជា​)​អស់​លុយ​ចាយ​ហើយ គ្រាន់តែ​អាមេរិក​ធ្វើ​ច្បាប់​មួយ រដ្ឋាភិបាល​រកតែ​លុយ​បើកប្រាក់​ខែ​ឲ្យ​(​មន្ត្រីរាជការ​)​មិនបាន​។ ផ្ដាំ​ទៅ​អស់លោកអ្នក បើទោះបី​គ្មាន​ប្រាក់ចំណូល​បន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាព​បើកប្រាក់​ខែ​លើសពី​១​ឆ្នាំ ។ សូម​ប្រាប់​ឲ្យ​ហើយ​។ មកដល់ពេលនេះ ខ្ញុំ​និយាយ​ឲ្យ​អ្នកឯង​បាន​ភ្លឺភ្នែក ដោយ​មិន​គិតពី​ប្រាក់​បម្រុង​អន្តរជាតិ ប្រមាណ​១៥​ពាន់​លាន​។ សាច់ប្រាក់​សុទ្ធ ដែល​ផ្ញើ​នៅ​រតនាគារ និង​ផ្ញើ​នៅ​ធនាគារជាតិ ឡើង​ជិត​១៤​លាន​លាន​រៀល​។ ហើយ​អ្នកឯង​យកទៅ​គិត​ទៅ ១​លាន​លាន​រៀល ស្មើនឹង​២៥០​លាន​ដុល្លារ​អាមេរិក​។ ហើយ​១​ខែ យើង​ចាយ​ប្រមាណ​តែ​៣០០​លាន​ដុល្លារ​ទេ តែ​ប្រាក់ចំណូល​យើង​មាន​លើសពី​៤០០​លាន​ដុល្លារ​ក្នុង​មួយខែ​»​។​
 
​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា លើកឡើង​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​មតិ​សាធារណជន ដែល​និយាយថា កម្ពុជា​នឹង​អាច​ស្លាប់ បើសិន​ជាមាន​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក តាមរយៈ​ច្បាប់​ស្តីពី​«​ប្រជាធិបតេយ្យ​កម្ពុជា​»​។ សេចក្ដីស្នើច្បាប់​របស់​ស​ភា​អាមេរិក ស្តីពី​«​ប្រជាធិបតេយ្យ​កម្ពុជា​»​នេះ គឺមាន​ការចែង​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន ដែល​ពួកគេ​ចាត់ទុកថា បាន​ចូលរួម​ធ្វើ​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​សម្ដេច ហ៊ុន សែន​។ ក្នុងចំណោម​សេចក្តីស្នើច្បាប់​ទាំងនោះ មាន​សេចក្តីស្នើច្បាប់​មួយ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក តាក់តែងឡើង ដើម្បី​ជំរុញ​ឲ្យ​លោក ត្រាំ ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នៅ​កម្ពុជា​។​
 
​ត្រង់ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា អាមេរិក​ធ្វើ​ច្បាប់​នេះ វា​គ្មានអ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ ហើយក៏​មិនអាច​ឲ្យ​កម្ពុជា​ស្លាប់​បានដែរ​។ «​អាមេរិក​ធ្វើ​ច្បាប់​នៅ វ៉ាស៊ីនតោន បែរជា​ខ្មែរ​អស់​លុយ​បើក​ប្រាក់ខែ បើ​អស់លោក​(​អ្នក​និយាយថា កម្ពុជា​រងគ្រោះ​)​ចេះ​ភូត គួរតែ​ភូ​ច​ឲ្យ​វា​សមគួរ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បន្ថែមថា រដ្ឋាភិបាល ចេះ​ចាយលុយ​ដោយ​ការគិតគូរ​វែងឆ្ងាយ មុននឹង​ចំណាយ​លើ​អ្វីមួយ​។​
 
​ប្រទេស​កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​មាន​ចំនួន ១១,១ ប៊ី​លាន​ដុល្លារ ដែល​អាចជួយ​ធានា​ដល់​ការ​នាំចូល​ទំនិញ​និង​សេវា​ផ្សេងៗ​បាន​ប្រមាណ​៥​ខែ ដើម្បី​ចរចា​ជាមួយ​បរទេស ក្នុងករណី​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​។ លើសពីនេះ​ទុនបម្រុង​អន្តរជាតិ ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ដែលមាន​បំណង​មករក​ស៊ី​នៅ​កម្ពុជា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី ៕

Tag:
 ហ៊ុន សែន​
  ពន្ធគយ​
© រក្សាសិទ្ធិដោយ thmeythmey.com