កីឡាអន្តរជាតិ
អន្តរជាតិ
Evra ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ និង​ត្រៀម​ធ្វើ​គ្រូ​វិញ​
29, Jul 2019 , 11:39 pm        
រូបភាព
Patrice Evra អ​តី​ត​ខ្សែការពារ​ឆ្នើម Manchester United នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ បានប្រកាស់​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​អាយុ ៣៨​ឆ្នាំ​។ ក្រោយ​បង្ហាញខ្លួន​លើ​វាលស្មៅ​រយៈពេល​២០​ឆ្នាំ Evra ទំនង​នឹង​ក្លាយជា​គ្រូបង្វឹក​នាពេល​ឆាប់ៗ​នេះ​។​


 
Evra បាន​ផ្លាស់​ទៅ Old Trafford ក្នុង​ខែមករា ឆ្នាំ ២០០៦ ពី AS Monaco ក្នុងតម្លៃ​ត្រឹមតែ ៥,៥ លាន​ផោន (៦,៧៨​លាន​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​។ រូបគេ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម​ចំនួន ២៧៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​។​
 
​រយៈពេល​៨​រដូវ​កាល អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ ជួយ Man Utd លើក​ពាន Premier League ចំនួន​៥​លើក Community Shield ៥​លើក League Cup ៣​លើក និង Champions League ១​លើក មុន​ផ្លាស់​ទៅ Juventus នៅ​ឆ្នាំ​២០១៤​។​
 
​ទៅដល់​ទឹកដី​អ៊ីតាលី Evra ជួយ​ក្រុម​សេះបង្កង់ ឈ្នះ​ពានរង្វាន់ Serie A ៣​ដង ព្រមទាំង Coppa Italia ពីរដង មុន​ត្រឡ​បើ​ទៅ​ក្រុម​ក្នុងប្រទេស​កំណើត Marseille នៅ​ឆ្នាំ​២០១៧​។ នៅ Ligue 1 បារាំង Evra បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់គេ​ធ្លាក់ចុះ​ខ្លាំង​បន្ទាប់ពី​បង្កជម្លោះ​ជាមួយ​អ្នកគាំទ្រ​។​
 
​យ៉ាងណាក៏ដោយ Evra ត្រូវបាន West Ham United ចុះកិច្ចសន្យា​រយៈពេល​១​រដូវ​កាល ពោលគឺ​ក្នុង​ឆ្នាំ​២០១៨ និង​ជា​ក្លិប​ចុងក្រោយ​របស់គេ​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​។​
​បើតាម​ការផ្សាយ​របស់ The Sun ការប្រកាស​ចូលនិវត្តន៍​នេះ ទំនង​ជា Evra នឹង​ត្រៀម​ចូលកាន់​តំណែង​ជា​គ្រូបង្វឹក​តែម្តង​៕

Tag:
 Patrice Evra
  Manchester United
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com