ជាតិ
កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​២៩​កក្កដា ដល់​ថ្ងៃ​៤​សីហា​
30, Jul 2019 , 7:19 am        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​
 
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​៤ ខែសីហា កម្ពុជា នឹងរង​សម្ពាធ​ទាប អូសបន្លាយ​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ប្រទេស​ថៃ និង​ឡាវ  ដែល​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ដែល​ចេញផ្សាយ​នា​ថ្ងៃទី​២៩​ខែកក្កដា​នេះ​។​

 
​បើតាម​ជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក មូលហេតុ​ដែល​នាំ​ឲ្យ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​បែបនេះ គឺ​ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​កាត់​ពីលើ​អាង​មេគង្គ​ប្រទេស​ថៃ និង​ឡាវ ខណៈ​នៅ​ប៉ែក​ខាងលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​កើត​ព្យុះ​ទី​៧​។ 
 
​ក្រសួង​ធនធានទឹក បញ្ជាក់ថា បណ្ដា​ខេត្ត​មួយចំនួន ដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និង​ខេត្ត​ព្រះសីហនុ   នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ហើយ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត​ទាំងនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ 
 
​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ខណៈ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​បាតុភូត​ផ្គរ រន្ទះ ចាប់ពី​ថ្ងៃទី​១-៤ ខែសីហា​៕

© រក្សាសិទ្ធិដោយ thmeythmey.com