ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ប្រាប់​ទិច​និក​របស់​គូប្រកួត Gustavo Balart មុន​ប៉ះគ្នា​នៅ​ខែសីហា​
30, Jul 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​កំពូល​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា ចាន់ រតនា បាន​ត្រៀមខ្លួន​រួចស្រេច​មុន​ជួប​ជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart នៅ​សង្វៀន ONE: DREAMS OF GOLD ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៩ ខាងមុខ​។ ម្ចាស់​ក្លិប «​សិល្បៈ​» ដែល​លេចធ្លោ​លើស​ង្វៀន​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៤ រូបនេះ បាន​រៀបរាប់​ពី​ចំណុច​ល្អ​មួយចំនួន​របស់ Gustavo​។



​កីឡាករ​វ័យ​៣៣​ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា​បាន​បង្ហើប​ក្បាច់​របស់​គូប្រកួត​ថា ៖«​ខ្ញុំ​បាន​តាមដាន​វីដេអូ​ច្រើន​អំពី Gustavo ។ ខ្ញុំ​ឃើញ​គេ​វាយ​ជាមួយ Tatsumitsu Wada នា​ប្រកួត​ចុងក្រោយ​ដូច​អត់​សូវ​ហ៊ាន​ចូលចាប់​។ ខ្ញុំ​មិនដឹងថា​ពេល​ហ្នឹង​យ៉ាងម៉េច​ទេ​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ក្បាច់​ចំបាប់​គេ​ល្អ​ណាស់ និង​បទពិសោធន៍​ច្រើនណាស់​នៅ​សង្វៀន MMA»​។ 


 
Gustavo Balart មាន​វ័យ ៣២ ឆ្នាំមាន​កម្ពស់​ត្រឹម ១,៤៩ ម៉ែត្រ​ជា​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Pan American Games នៅ​ឆ្នាំ ២០១១​។ ក្នុងការ​ប្រកួត​ពិភព​គុន​ចម្រុះ​បាន​ចំនួន ១០ លើក Gustavo ធ្វើ​បានល្អ​ខ្លាំងណាស់​ដោយ​ឈ្នះ ៨ ដង​និង ចាញ់​ត្រឹម ២ ដង​ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត Gustavo មានកំណត់​ត្រា​ល្អ​បំផុត​ក្នុង​ការប្រកួត​លើស​ង្វៀន​គុន​ចម្រុះ ព្រោះ​គេ​មិនដែល​ចាញ់​ទាល់តែសោះ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧​។ អ្នកលេង​ចំបាប់ និង គុន​ចម្រុះ​សញ្ជាតិ​គុយបា ឈ្នះ ៦​ប្រកួត​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ រយៈពេល ២ ឆ្នាំ​រហូតដល់​ដើមឆ្នាំ ២០១៨ ទើប​ស្គាល់​រសជាតិ​បរាជ័យ​។ យ៉ាងណាក្ដី ការប្រកួត​៤​លើកចុងក្រោយ​របស់ Gustavo គឺ ឈ្នះ ២ និង ចាញ់ ២​លើក​។ 
 
 ម្ចាស់​ក្លិប «​សិល្បៈ​» រូបនេះ​កត់សម្គាល់​ឃើញថា ៖«Gustavo មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ខ្លាំង ក្បាច់​ចូលចាប់​អស្ចារ្យ​។ ដូច្នេះ​ខ្ញុំ​មិនទាន់​គិតថា​អាចមាន​ប្រៀប​ទេ​ទោះ​ឈរ​វ៉ៃ ឬ ដេក​វ៉ៃ​»​។  យ៉ាង​ក៏ដោយ​បុរស​វ័យ ៣៣​ឆ្នាំ​រូបនេះ​បាន​ត្រៀមលក្ខណៈ​រួចហើយ ក្រោម​ការ​បង្វឹក​ផ្នែក​កម្លាំង​ស៊ុ​ហ្វ និង​ក្បាច់​ជាច្រើន​ពី​សំណាក់​គ្រូបង្វឹក Lorenzo Lanzafame​។  រតនា សង្កត់ធ្ងន់​បែបនេះ ៖«​ខ្ញុំ​រង់​ចាំមើល​ពេលវេលា​ជាក់ស្ដែង ថា​ត្រូវ​ប្រើ​ជំហរ​ឈរ​វ៉ៃ​ឲ្យ​ច្រើន​ឬ យ៉ាងណា​។ ប៉ុន្តែ​គេ​ពិបាក​ជាមួយ​យើង​ដែរ​ដោយសារ គេ​ខ្លី​ជាង​យើង​។ ដូច្នេះ​ខ្ញុំ​អាច​ប្រើ​ដៃ​វ៉ៃ​ចេញ​ច្រើន​»​។ រតនា បានធ្វើ​កម្ពុជា​ខ្ពស់​មុខមាត់​នៅ​សង្វៀន ONE តាមរយៈ​ការ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian , Abrou Fernandes និង កីឡាករ​ហ្វីលីពីន Ramon Gonzales ។ ពីរ​ប្រកួត​ចុងក្រោយ​ឈ្នះ​ទាំងអស់​នៅ​សង្វៀន ONE សម្រាប់ ចាន់ រតនា​។ 
 
​គួរ​ដឹងថា Gustavo Balart ជា​ម្ចាស់​មេដាយមាស Pan American Games 2011 ដែល​រៀបចំ​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​កូ បន្ទាប់ពី​រូបគេ​យកឈ្នះ​កីឡាករ​វេ​ណេ​ស៊ុយ​អេ​ឡា Jorge Cardozo​។ គេ​ជា​កីឡាករ​ជម្រើស​គុយបា​ដោយបាន​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០១២ នៅ​ក្រុង ឡុង​ដ៏​ប្រទេស​អង់គ្លេស​។ កាល Balart ឈ្នះ កីឡាករ​ទួ​ក​គី​នៅ​វគ្គ ១៦ នាក់ ប៉ុន្តែ ចាញ់​កីឡាករ​កូរ៉េខាងត្បូង វគ្គ ៨​នាក់​ចុងក្រោយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com