ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពី​ក្មេង​សុំទាន លោក ប៊ួ បញ្ញា តស៊ូ​រៀន​រហូត​ក្លាយជា​សាស្ត្រាចារ្យ​ភាសា​បារាំង នៅ​សាលា​តិច​ណូ​
30, Jul 2019 , 9:17 am        
រូបភាព
ភ្នំពេញ​៖ ការប្រឹងប្រែង​រៀនសូត្រ បាន​ជួយ​កែប្រែ​ជីវិត​លោក ប៊ួ បញ្ញា ពី​ក្មេង​សុំទាន​រហូត​ក្លាយជា​សាស្ត្រាចារ្យ​ភាសា​បារាំង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ លោក ប៊ួ បញ្ញា ធ្លាប់​ធ្វើជា​អ្នកសុំទាន ជាមួយ​ឪពុក​នៅ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តសៀមរាប ក្នុងអំឡុង​២០០០​។ ក្រោយ​ប្រក​បរបរ​សុំទាន​ជាង​១​ឆ្នាំ ឪពុក​លោក បញ្ញា បានបញ្ចប់​របរ​ដើរ​សុំទាន ដោយ​ងាក​មក​ប្រកបរ​បរជា​ជាងកាត់សក់​វិញ​។ ពេលនោះ​ហើយ​ដែល លោក ប៊ួ បញ្ញា មានឱកាស​ចូលរៀន និង​ទទួលបាន​ការផ្គត់ផ្គង់​ពី​អង្គការ​កុមារ​មេគង្គ នា​ខេត្តបន្ទាយមានជ័យ រហូត​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ នៅ​រាជធានី​ភ្នំពេញ និង​បាន​ក្លាយជា​សាស្ត្រាចារ្យ​ភាសា​បារាំង នៅ​ឆ្នាំ​២០១៨​។​


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com  រវាង​លោក ប៊ួ បញ្ញា សាស្ត្រាចារ្យ​ភាសា​បារាំង​ដូចតទៅ​៖ 

​វីដេអូ​ភាគ​១​


កើត​នៅក្នុង​ជំរំសាយធូ នៅ​ព្រំដែន​ខ្មែរ​-​ថៃ និង​បន្ត​រស់នៅ​ខេត្តបន្ទាយមានជ័យ លោក ប៊ួ បញ្ញា មាន​បងប្អូន ៤​នាក់​។ កាល​នៅ​កុមារភាព​ក្នុង​វ័យ​៩​ឆ្នាំ បញ្ញា បាន​ប្រក​បរបរ​សុំទាន​ជាមួយ​ឪពុក អស់​រយៈពេល​ជាង​១​ឆ្នាំ ដោយសារតែ​ស្ថានភាព​គ្រួសារ​ក្រីក្រ​។ «​ថ្ងៃ​ខ្លះ សុំ​បាន​អង្ករ ថ្ងៃ​ខ្លះ បាន​លុយ និង​ថ្ងៃ​ខ្លះទៀត បានត្រឹមតែ​ពាក្យ​ជេរ​ស្ដី​ប៉ុណ្ណោះ​។ តែ នេះ​ជា​ជីវិត​ជូរចត់ ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច និង​ជា​អតីត​កាលដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ​មកដល់​សព្វថ្ងៃ​»​។ នេះ​ជាការ​រម្លឹក​ពី​ជីវិត​តស៊ូ​របស់​កុមារ ប៊ួ បញ្ញា ដែល​ដើរ​សុំទាន​គេ​នៅ​ក្រុង​សៀមរាប អំឡុង​ឆ្នាំ​២០០០ ជាមួយ​ឪពុក​និង​បងប្អូន ដោយ​ធ្វើដំណើរ​ថ្មើរជើង​តាំងពី​ស្រុក​ព្រះនេត្រព្រះ​។​
 
​កុមារ ប៊ួ បញ្ញា រំឭក​ពាក្យសម្ដី​ឪពុក​ដែល​ធ្លាប់​និយាយថា​៖ «​ខ្ញុំ​ចាំបាន​ថា ឪពុក​ខ្ញុំ ធ្លាប់​ពន្យល់ថា យើង​សុំទាន​គេ គឺ​ក្នុងដំណាក់កាល​បណ្ដោះអាសន្ន​ទេ​។ យើង​មិនអាច​យកមុខ​របរ​សុំទាន​នេះ ដើម្បី​ចិញ្ចឹមជីវិត​មួយជីវិត​ទេ​។ យើង​សុំ​គេ ប្រសើរ​ជាង​លួច​គេ​។ ខ្ញុំ​ចាំ​សម្ដី​ឪពុក​ខ្ញុំ មកដល់​សព្វថ្ងៃនេះ​»​។​
 
​វីដេអូ​ភាគ​២​



ទោះ​ក្រីក្រ​និង​ប្រក​បរបរ​សុំទាន តែ បញ្ញា ស្រឡាញ់​និង​គោរព​ឪពុក ដោយសារតែ​ឪពុក​របស់លោក បាន​បង្រៀន​កូនៗ​នៅពេល​យប់ ព្រោះ​ពេលនោះ​កូនៗ​ជាប់​ដើរ​សុំទាន ហើយ​មិនមាន​ឱកាស​ចូល​សាលា​ដូច​គេ​។ ក្រោយ​ឈប់​ដើរ​សុំទាន បញ្ញា មានឱកាស​ចូលរៀន​នៅ​ឆ្នាំ​២០០២ ដោយ​ទទួល​បានការ​ទំនុកបម្រុង​ពី​អង្គការ​កុមារ​មេគង្គ ក្នុង​ខេត្តបន្ទាយមានជ័យ​។ 
 
​ការ​ខំប្រឹងប្រែង​របស់លោក បញ្ញា បាន​ជួយ​លោក​ឲ្យ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​)​។ នៅពេល​បន្ត​ការសិក្សា​នៅ​ភ្នំពេញ លោក បញ្ញា ដឹងថា​ជំនាញ​ដែល​លោក​បានជ្រើសរើស គឺ​ខុសពី​អ្វីដែល​លោក ស្រឡាញ់​។ លោក បញ្ញា ចាប់ផ្ដើម​ពង្រឹង​ភាសា​បារាំង ជា​ស្ពាន​ថ្មី រហូត​នាំ​ឲ្យ​លោក​ជោគជ័យ​មួយកម្រិត និង​មាន​ជំនាញ​ថ្មី​។ បច្ចុប្បន្ន អតីត​ក្មេង​សុំទាន​រូបនេះ ក៏បាន​ប្រែក្លាយជា​សាស្ត្រាចារ្យ​បារាំង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕​

© រក្សាសិទ្ធិដោយ thmeythmey.com