អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ភ្នំពេញ​លែ​ន ឃែ​ភី​ថ​ល វិនិយោគ​ទឹកប្រាក់ ជាង​៥​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​
30, Jul 2019 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញៈ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន​ភ្នំពេញ​លែ​ន ឃែ​ភី​ថ​ល ដែលជា​ក្រុមហ៊ុន​ដែលមាន​សក្កា​នុព​ល​មួយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បាន​វិនិយោគ និង​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចុះហត្ថលេខា  រួមគ្នា​វិនិយោគ​ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ។​
 
​លោកជំទាវ សែ លី​លី ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង​ជា​សមាជិក​វ័យក្មេង​ជាងគេ​នៃ​សមាគម​នាយក​ប្រតិបត្តិ​វ័យក្មេង​ហៅ​កាត់​ថា YPO Cambodia ដែល​សមាគម​នេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៥០ ហើយ​សព្វថ្ងៃ​មាន​បណ្តាញ​ថ្នាក់​នាយក​ក្រុមហ៊ុន​ធំៗ​មកពី ១៣០ ប្រទេស​ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ៩ សែន​កោដិ​ដុល្លារ​សហរដ្ឋអាមេរិក ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ក៏បាន​រៀបចំ​នូវ​គម្រោង​ថ្មី​ទីក្រុង​រណប​វៃឆ្លាត​មួយ​ហៅថា អៃ ស៊ី​ធី​។​


 
​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​លើ​អចលនទ្រព្យ​តែមួយ​មុខ​នោះទេ តែ​ជា​ក្រុមហ៊ុន​ដែល​ពង្រីក​សក្តានុពលរ​បស់​ខ្លួន​ទៅ​បន្ត​វិនិយោគ​លើ​សេវាកម្ម​ដឹកជញ្ជូន​, បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​ទៀតផង ។ ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​បង្កើត​នូវ​ទីក្រុង​វៃឆ្លាត​ដំបូង​គេ​បង្អស់​ដែល​រួមបញ្ចូល​វិស័យ​ជាច្រើន​ដូចជា ពាណិជ្ជកម្ម​, អេកូ​ទេសចរណ៍​, វប្បធម៌​, បរិស្ថាន ដែល​សុទ្ធសឹង​ជា​ផ្នែក​សំខាន់ៗ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។ 
 
​លោក ថៃ ឧ​ត្ត​ម ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ក៏បាន​មានប្រសាសន៍ រថា​វិស័យ​នាំចេញ​-​នាំចូល​មាន​តម្រូវការ​ខ្ពស់ ។ ដោយ​មើលឃើញ​នូវ​តម្រូវការ​ក៏ដូចជា​ឱកាស​ទៅលើ​វិស័យ​នាំចេញ​-​នាំចូល​នេះ បានជា​ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ល និង​ក្រុមហ៊ុន​ភ្នំពេញ​លែ​ន ឃែ​ភី​ថ​ល ចូល​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន នេះ​ឡើង​ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក៏ដូចជា​អាចឈាន​ជើង​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​។​


 
​លោក​ក៏បាន​បន្តទៀតថា ដោយសារ​វិស័យ​ដឹកជញ្ជូន យើង​អាចធ្វើ​ការសហការ​គ្នា​ជា​សកល​ព្រោះ​យើង​បាន​ភ្ជាប់​ការដឹកជញ្ជូន​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ពី​ប្រទេសមួយ​ទៅកាន់​ប្រទេសមួយ​ផ្សេងទៀត​។​ជាក់ស្ដែង យើង​បាន​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ចេញទៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជាដើម ហើយ​យើង​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើឱ្យ​ពិភពលោក​កាន់តែ​មាន​ភាព​ជិតបង្កើយ​។​
 
​នៅក្នុង​ឱកាស​នេះ លោក​ថ​មមី ស៊ីម ជាទី​ប្រឹក្សា​ក្រុមហ៊ុន​ភ្នំពេញ​លែ​ន ឃែ​ភី​ថ​ល បាន​មានប្រសាសន៍ថា ការរួម​គ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ លើ​ការ វិនិយោគ​ក្នុង​វិស័យ ដឹកជញ្ជូន ព្រោះ ភ្នំពេញ​លែ​ន បាន​បង្កើត​នូវ​ទីក្រុង​ថ្មី​នោះ​គឺ​នឹង​ផ្តល់​អ្វីដែល​ថ្មី​ដែល​គេ​ហៅថា​ភាពខុសប្លែក​គ្នា​រវាង​ទីក្រុង ឬ​បុរី ដោយ​គេ​ហៅ​បាន​ថា​ជាទី​ក្រុង​ឆ្លាត​វៃ ឬ Smart City ដែល​នៅក្នុង​ទីក្រុង​ទាំងអស់​ប្រើប្រាស់​ទៅដោយ​ប្រព័ន្ធ​តិច​ណូ​ឡូ​ជី​ដើម្បី​ដំណើរការ និង​គ្រប់គ្រង និង​ធ្វើឱ្យ​ការរស់នៅ​មាន​សុវត្ថិភាព ដែល​អាចជួយ​បញ្ចៀស​រាល់​ហានិភ័យ​ទាំងអស់​របស់លោក​អ្នក ថែមទាំង​រួមបញ្ចូល​គ្នា​ជាមួយ​វិស័យ​ដឹក​ជ​ញ្ចូ​ន​និង​វិស័យ​ជាច្រើន​ផ្សេងទៀត​។​

​ក្រុមហ៊ុន​ទាំងពីរ​ជឿជាក់ថា ពិធី​ចុះហត្ថលេខា និង​ការចាប់​ដៃគូ​វិនិយោគ​រវាង​ក្រុមហ៊ុន​ទាំងពីរ និង​ផ្តល់នូវ​ភាព​រីកចម្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន​ក្នុងប្រទេស​ថែម​មួយកម្រិត​ទៀត​៕










 





 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com