ជាតិ
សង្គមជាតិ
កម្មករ២នាក់ស្លាប់ និង៣១នាក់របួស ដោយសារក្រឡាប់ឡាននៅស្វាយរៀង
30, Jul 2019 , 10:30 am        
រូបភាព
កម្មករ-កម្មការិនី២នាក់ បានស្លាប់ និងកម្មការិនី៣១នាក់ទៀត បានរងបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលពួកគេជិះ បានក្រឡាប់ នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះបើតាមលោក កឹង ឃន ស្នងការខេត្តស្វាយរៀង។



លោកស្នងការ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កម្មការិនីទាំង៣១នាក់ ដែលរបួសនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។

ទំព័រហ្វេសប៊ុក «សម្ព័ន្ធសហជីពចលនាកម្មករ» បានឲ្យដឹងថា អ្នកបាត់បង់ជីវិតទាំង២នាក់នោះ គឺ ឈ្មោះ គង់ ចន្ធី (ប្រុស) និង ឈ្មោះ រ៉ន ស្រីអូន (ស្រី) ដែលបម្រើការងារនៅរោងចក្រ យូលី។ ទំព័រហ្វេសប៊ុកនេះ រៀបរាប់ថា មុនកើតហេតុ ក្រុមកម្មករ-កម្មការិនី បានធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ហើយពេលទៅដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរ បានបើកវ៉ាម៉ូតូ១គ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។

បើតាមប្រភពដដែល អ្នកបើកបរនោះ គឺទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងប៉ុណ្ណោះ សម្រាប់រូបគេ៕

Tag:
 កម្មករ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com