ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុទ្ទកាល័យ​សម្តេច ហេង សំរិន​៖ មេដឹកនាំ​ក្រុង​ហូ​ជី​មិញ អរគុណ​កម្ពុជា ដែល​ជួយ​វៀតណាម​រហូតមក​
30, Jul 2019 , 7:19 pm        
រូបភាព
​លោកស្រី ង្វៀន ធី ឡិ (Nguyen Thi Le) អនុ​លេខា​គណៈកម្មការ​ថ្នាក់ក្រុង​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​ហូ​ជី​មិញ បាន​កោតសរសើរ​ពី​វឌ្ឍនភាព​របស់​កម្ពុជា  ជាពិសេស​ការអភិវឌ្ឍ​លើ​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។ ហើយ​លោកស្រី ក៏បាន​អំណរគុណ​កម្ពុជា​ផងដែរ ដែល​តែងតែ​ជួយ​ដល់​វៀតណាម​។ នេះ​បើតាម​លោក គឹម សាន្ត នាយករង​ខុទ្ទកាល័យ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។

 
​លោក គឹម សាន្ត ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​រវាង សម្ដេច ហេង សំរិន និង លោកស្រី ង្វៀន ធី ឡិ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ថា លោកស្រី ង្វៀន ធី ឡិ ថា​ទីក្រុង​ហូជីមិញ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់ពេលវេលា ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​ដល់​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​អបអរសាទរ​ពី​ការអភិវឌ្ឍ​របស់​កម្ពុ​ជា នៅក្រោម​ម្លប់​ព្រះករុណា​ព្រះមហាក្សត្រ ការដឹកនាំ​ស្ថាប័ន​សភា និង​រាជរដ្ឋាភិបាល​។ លើសពីនេះ​លោកស្រី បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​ដល់​ប្រទេស​វៀតណាម​តាំងពីដើម​រៀងមក​។   
 
​នាយករង​ខុទ្ទកាល័យ​របស់​សម្តេច​ប្រធានរដ្ឋសភា បាន​និយាយថា​៖«​ខាង​ភាគី​រៀ​ត​ណា​ម បានបញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គាត់ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ទីក្រុង​ហូជីមិញ និង​ភ្នំពេញ​។ ហើយ​គាត់​ក៏បាន​អរគុណ​ដល់​កម្ពុជា​យើង ដែល​តែងតែ​ជួយ​ដល់​វៀតណាម តាំងពី​ការរួម​គ្នា​ដំ​ដោះ​ប្រទេស និង​ការ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​។ គាត់​បាន​អរគុណ​ដល់​កម្ពុជា​»​។ 
 
​លោក​បន្តថា លោកស្រី​ក៏បាន​បញ្ជាក់​ពី​គោលនយោបាយ​ឥត​ងាករេ​របស់​រដ្ឋាភិបាល​ខ្លួន​ចំពោះ​កម្ពុជា ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី​ក៏​ថ្លែង​កោត​ស​សើ​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​។ 
 
​សម្តេច ហេង សំរិន បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ក្នុង​ក្របខណ្ឌ​បក្ស រដ្ឋ និង​រដ្ឋបាល​គ្រប់ផ្នែក រួមទាំង​ការផ្លាស់ប្តូរ​ទស្សនកិច្ច ចែករំលែក​បទពិសោធ​ន៍​ទៅវិញទៅមក រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ ក្រោម​ពាក្យស្លោក «​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​»​។ ជាមួយគ្នានេះ សម្តេច​មានការ​ជឿជាក់​ថា ការរីកចម្រើន​យ៉ាងខ្លាំង​របស់​ទីក្រុង​ហូជីមិញ នឹង​អាចធ្វើ​ឲ្យ​ទីក្រុង​នេះ​ក្លាយជា​ទីក្រុង​គុជ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងពេល​អនាគត​៕ 

Tag:
 ហេង សំរិន​
  Nguyen Thi Le
  កម្ពុជា​-​វៀតណាម​
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com