ជាតិ
សេដ្ឋកិច្ច
ចិនបញ្ជាទិញផលិតផលកសិកម្ម ៦ប្រភេទ ពីកម្ពុជា
× ភ្នំពេញ៖ ផលិតផលកសិកម្ម ៦ប្រភេទ របស់កម្ពុជា ត្រូវបានជ្រើសរើសជាមុខទំនិញអទិភាពសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន នាឆ្នាំខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ផលិតផលកសិកម្មទាំង ៦ប្រភេទ ដែលត្រូវនាំចូលទីផ្សារចិននោះ រួមមាន ផ្លែសា្វយស្រស់, ផ្លែមៀនប៉ៃលិន, ម្រេច, ផ្លែស្រការនាគ, ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ។ បើតាមក្រសួងកសិកម្ម មុននឹងនាំចេញទំនិញទាំងនោះទៅប្រទេសចិនបាន លុះត្រាម្ចាស់រោងចក្រ និងកសិដ្ឋានត្រូវកែច្នៃវេចខ្ចប់ផលិតផលកសិកម្ម រួមទាំងបំពេញលក្ខខណ្ឌអនាម័យ និងបទដ្ឋានសុវត្ថិភាពម្ហូបអាហារដែលមានចែងក្នុងច្បាប់របស់ចិនជាមុនសិន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី២៨ កក្កដា បានសរសេរថា៖«អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ នឹងចរចារគ្នាអំពីលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលនីមួយៗ រួមមាន ការចុះទៅពិនិត្យ និងវាយតម្លៃ នៅតាមបណ្ដាកសិដ្ឋាន និងទីតាំងកែច្នៃវេចខ្ចប់ដោយផ្ទាល់»។
អគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវដល់ ម្ចាស់រោងចក្រកែច្នៃ និងម្ចាស់កសិដ្ឋានទាំងអស់ ដែលមានបំណង់ចង់នាំចេញផលិតផលខាងលើទៅប្រទេសចិននោះ ត្រូវស្នើសុំចុះបញ្ចីនៅនាយកដ្ឋានការពារដំណាំ អនាម័យ ដើម្បីឲ្យអគ្គនាយកដ្ឋានកសិកម្មចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យនិងបណ្តុះបណ្តាល កែតម្រូវបច្ចេកទេសជូនតាមជាក់ស្តែង ក្នុងការធានាអនាម័យតាមលក្ខខណ្ឌរបស់ប្រទេសចិន។
កន្លងមកចិន ក៏បានបញ្ជាទិញចេកអំបូងលឿងពីកម្ពុជាដែរ ដោយមានក្រុមហ៊ុនចំនួន៦ ជាអ្នកផ្គត់ផ្គង់ទីផ្សារ។ ក្នុងនោះក្រុមហ៊ុន Longmate ដែលទទួលបានសិទ្ធពីរដ្ឋាភិបាលកម្ពុជា និងចិន បាននាំចេកអំបូងលឿងជាង១០០តោនចូលទីផ្សារចិនហើយ ក្នុងត្រីមាសទី១ នៃជំហានដំបូង។
បច្ចុប្បន្នប្រទេសចិន បាននាំចូលកសិផលគ្រប់ប្រភេទជាង ១០ លានតោនក្នុងមួយឆ្នាំ ពីបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នេះបើតាមលោក លី ជៀនហ្វី (Li Jianwei) ប្រធាននាយកដ្ឋានកិច្ចការនាំចូលកសិផលពីបរទេសនៃក្រសួងគយចិន៕
Tag:
កសិកម្ម
ម្រេច
ស្វាយ
ដូងក្រអូប
© រក្សាសិទ្ធិដោយ thmeythmey.com