កីឡាជាតិ
ជាតិ
គិរីវង់ ដាក់​និមិត្តសញ្ញា «​មាន់គក​» ដើម្បី​រំលឹក​គុណ​សម្តេច សុខ អាន ដែលជា​ស្ថាបនិក​
30, Jul 2019 , 8:59 pm        
រូបភាព
ដោយ: រួបរួម
​ក្លិប​គិរីវង់​សុខ​សែន​ជ័យ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា បានបង្ហាញ​និមិត្តសញ្ញា (​ឡូហ្គោ​) ថ្មី ដោយមាន​រូប​មាន់គក ជំនួស​ឲ្យ​សត្វ​នាគ​ដែល​ធ្លាប់ប្រើ​ប្រាស់​កន្លងមក​។ ថ្នាក់ដឹកនាំ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ ប្រើប្រាស់​រូប​មាន់គក ដែល​ត្រូវបាន​ចាត់ទុកជា​ស្តេច​មាន់ ដើម្បី​រំលឹក​គុណ​សម្តេច សុខ អាន ដែលជា​ស្ថាបនិក ហើយ​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ក្លិប​ចាប់តាំងពី​បង្កើត​ដំបូង​។ សម្តេច សុខ អាន បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧ ក្នុង​អាយុ​៦៦​ឆ្នាំ​។​

 
​ទាក់ទង​នឹង​និមិត្តសញ្ញា​ថ្មី​នេះ ក្លិប​គិរីវង់​សុខ​សែន​ជ័យ បាន​ពន្យល់​យ៉ាង​លម្អិត​ថា មាន់គក ដែល​ត្រូវបាន​ចាត់ទុកជា​ស្តេច​មាន់ តំណាង​ឲ្យ​ភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ស្មោះត្រង់ ប្រុងប្រយ័ត្ន ប្រកបដោយ​ឬ​ទ្ធា​នុ​ភាព បញ្ញា​វាងវៃ និង​វិន័យ​។ 


 
​រូប​ជើងមាន់ ក្រ​ញុំ​ា​បាល់ គឺ​តំណាង​ឲ្យ​ការគ្រប់គ្រង បាល់​គ្រប់​កាលៈទេសៈ​នៃ​ការប្រកួត ដើម្បី​ឆ្ពោះទៅកាន់​ភាពជោគជ័យ​។ ខែល បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ក្រុម ក្បាច់​ភ្ញីភ្លើង តំណាង​ឲ្យ​ស្មារតី​រួម​សាមគ្គី​គ្នា រីឯ​ក្បាច់​ពងត្រី ជាការ​តុបតែង​លម្អ​ដើម្បី​ឲ្យ​តម្លៃ​ដល់​ក្បាច់រចនា​ខ្មែរ ខណៈ​ពណ៌​បៃតង បង្ហាញ​ពី​ការរីកលូតលាស់ ដុះដាល និង​ការអភិវឌ្ឍ​ក្លិប​ឆ្ពោះទៅមុខ​។ ពណ៌​បៃតង​ជុំវិញ​ខែល តំណាង​ឲ្យ​ការរួបរួម​គ្នា ដែល​មានន័យថា «​រួមគ្នា​ដើម្បី​ទាំងអស់គ្នា​» ឬ «Stronger Together»​។​
 
​គីរីវង់​សុខ​សែន​ជ័យ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ដំបូង​ឡើយ​ក្លិប​នេះ​មាន​ឈ្មោះថា ក្លិប​កងរាជអាវុធហត្ថ​ខេត្តតាកែវ ។ ប៉ុន្តែ​ក្រោយ ក្លិប​នេះ ត្រូវបាន​ដូរ​ឈ្មោះ​មក គីរីវង់​សុខ​សែន​ជ័យ ដែលជា​ឈ្មោះ​ស្រុកកំណើត​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​សម្តេច និង​គ្រួសារ​សម្តេច​ជា​អ្នក​ឧបត្ថម្ភ​ក្លិប​នេះ​រហូតមក​ផងដែរ​។ 
 
​គិរីវង់​សុខ​សែន​ជ័យ ជា​ក្លិប​គំរូ​មួយ​នៅក្នុង​បាល់ទាត់​កម្ពុជា ដែល​តែងតែ​រក្សា​ឈ្មោះ​របស់ខ្លួន បើទោះជា​លទ្ធផល​មិនសូវ​គាប់ប្រសើរ​ក៏ដោយ ស្រប​ពេលដែល​ក្លិប​ជាច្រើន​ដែល​បង្កើត​តំណាល បាន​ដកខ្លួន​ថយ ឬ​ក្ស័យធន​។​
 
​ក្លិប​ខេត្តតាកែវ​មួយ​នេះ បង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា​ចាប់ពី​ឆ្នាំ​២០០៨​មក ហើយ​បន្ត​លេង​ជាប់​រហូតដល់​រដូវ​កាល​ឆ្នាំ​២០១៣ ។ ក្លិប​នេះ បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​ដល់​ទៅ​៣​លើក​នៅ​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧​។ ឆ្នាំ​២០១៦ ពួកគេ​ជា​ម្ចាស់​ជើងឯក​នៅ​ក្របខណ្ឌ​លំដាប់​ទី​ពីរ ដែលជា​ក្របខណ្ឌ​មិនមាន​ការរៀបចំ​ទៀងទាត់​នៅក្នុង​បាល់ទាត់​កម្ពុជា​។​


 
​លទ្ធផល​ដ៏​ល្អ​បំផុត​របស់​គិរីវង់ គឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ក្របខណ្ឌ​កំពូល​កាលពី​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ និង​ឡើងដល់​ចំណាត់ថ្នាក់​លេខ​៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣​។ នៅ​ឆ្នាំ​២០១៧ គិរីវង់​បង្ហាញ​វត្ត​មាននៅ​ក្របខណ្ឌ​កំពូល​ម្តងទៀត ដោយសា​រវេ​ស្ទើ​ន​ភ្នំពេញ និង​ស៊ីម៉ាក់​យូ​ណាយ​ធី​ត ប្រកាស​រំសាយ​។​
 
​បច្ចុប្បន្ន លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​កូន​ទី​ពីរ របស់​សម្តេច សុខ អាន ជា​ប្រធាន​ក្លិប លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អនុប្រធាន​។ លោក ឌុ​ក វាសនា ជា​អ្នកចាត់ការ​ទូទៅ រីឯ លោក Ekapob Potisai ជនជាតិ​ថៃ ជា​គ្រូបង្វឹក​។​
 
​នា​ការប្រើប្រាស់​ឯកសណ្ឋាន​ថ្មី​លើកដំបូង គិរីវង់ បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-០ កាលពី​ថ្ងៃទី​២៨ ខែកក្កដា នៅ​កីឡដ្ឋាន​របស់ខ្លួន ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម ដាវ នី​ម សម្រេចបាន​នៅ​តង់​ទីមួយ ហើយ​ខ្សែប្រយុទ្ធ​ម៉ាលី Souleymane Coulibaly បន្ថែម​គ្រាប់​ទី​ពីរ​នៅ​ជិត​បញ្ចប់​ការប្រកួត​។ 
 
 
​គិត​ត្រឹម​សប្តាហ៍​ទី​១៧​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ គិរីវង់​ស្ថិតនៅ​លេខ​រៀង​ទី​១០ ដោយ​ឈ្នះ​៦​ប្រកួត និង​ចាញ់​១១​ប្រកួត​។ ដោយឡែក​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រុម​ខេត្តតាកែវ​មួយ​នេះ ត្រូវ​តទល់​ជាមួយ​វិសាខា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ពួកគេ​ទម្លាក់​ជើង​ខ្លាំង​ណាហ្គា​វើ​លដ៍​៕







Tag:
 គិរីវង់​សុខ​សែន​ជ័យ​
  MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com