សៀមរាប៖ បន្ទាប់ពីមានការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាឱ្យសាធារណជនចូលរួមដាំដើមឈើក្នុងតំបន់អង្គររួចមក គេសង្កេតឃើញថាមានចលនាចូលរួមជាបន្តបន្ទាប់និងមានសកម្មភាពខ្លាំងក្លាគួរឱ្យកត់សម្គាល់។ ប្រជាពលរដ្ឋខ្មែរទាំងបព្វជិក គ្រហស្ថ ចាស់ ក្មេង ប្រុសស្រី បានបង្ហាញសកម្មភាពចូលរួមការដាំកូនឈើនេះ។ សកម្មភាពនេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានស្មារតីចង់ចូលរួមអភិរក្សប្រាង្គប្រាសាទដែលជាដួងព្រលឹងជាតិ ក៏ដូចជាគិតគូរពីបរិស្ថានសង្គម។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ចលនាបំផុសឱ្យចូលរួមដាំកូនឈើហាក់ក្លាយជាការងារសង្គមមួយដ៏សំខាន់សម្រាប់ក្រុមយុវជនសព្វថ្ងៃ។ ចលនានេះមាននៅតាមបណ្ដាខេត្តឬតំបន់ផ្សេងៗ ពិសេសកន្លែងដែលបាត់បង់គម្របព្រៃឈើតែម្ដង។ នៅសៀមរាប អាជ្ញាធរជាតិអប្សរាដែលគ្រប់គ្រងនិងអភិរក្សរមណីយដ្ឋានអង្គរ ក៏បានបង្កើតចលនានេះដែរ ដោយស្ថាប័ននេះចាត់ទុកថា ការចូលរួមរបស់សាធារណជនមានតម្លៃជាងដែលពួកគេខំដាំតែម្នាក់ឯង។
បើរៀបរាប់ត្រួសៗទៅ កម្មវិធីដាំកូនឈើដែលរៀបចំដោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗបានប្រមាណ១០កម្មវិធីហើយ។ អ្នកបង្កើតកម្មវិធីដាំនេះមានទាំងព្រះសង្ឃមកពីបណ្ដាវត្តនានា ក្រុមហ៊ុន សណ្ឋាគារ ក៏ដូចជាវិស័យឯកជននានា ដែលបានចងក្រងនិងបង្កើតកម្មវិធីមនុស្សធម៌ក្នុងសង្គម។
នៅក្នុងខែកក្កដា កម្មវិធីដាំកូនឈើយ៉ាងហោចចំនួន៣លើក ត្រូវបានរៀបចំដោយព្រះសង្ឃដោយបានគៀងគរពុទ្ធបរិស័ទទីជិតឆ្ងាយ ដើម្បីដាំកូនឈើក្នុងតំបន់អង្គរ។ តួយ៉ាង ការដាំកូនឈើចំនួន៥ពាន់ដើមកាលពីពាក់កណ្ដាលខែកក្កដា គឺជាការផ្តួចផ្តើមដោយសាលាអនុគណក្រុងសៀមរាប ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមសរុប៥០០អង្គ/នាក់។
ព្រះគ្រូរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីកាក្នុងពិធីដាំកូនឈើនៅពេលនោះថា ការដាំកូនឈើក៏ជាពុទ្ធឱវាទដែរ ហើយព្រះពុទ្ធសម្ដែងថា សកម្មភាពនេះក៏បានបុណ្យដូចគ្នាទៅនឹងការកសាងផ្លូវ និងស្ពាន។ ការដាំកូនឈើជាម្លប់សម្រាប់មនុស្សទូទៅ។ មនុស្សគ្រប់រូបសុទ្ធសឹងត្រូវការធម្មជាតិ។ ក្នុងនោះ ព្រះពុទ្ធក៏បានប្រសូត បួស សម្ដែងធម៌ទេសនាក៏នៅក្នុងព្រៃនេះដែរ។
ចូលរួមក្នុងពិធីដាំកូនឈើនៅពេលនោះដែរ ព្រះគ្រូ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា មានសង្ឃដីកាថា ព្រៃឈើក៏ត្រូវការការពារ ថែរក្សា ដូចមនុស្សដែរ។ ព្រះគ្រូ តាត មហាទី បានលើកយកឧទាហរណ៍ដូចករណីមនុស្សលោកមកពន្យល់យ៉ាងដូច្នេះថា៖« ភាគច្រើនមនុស្សយើងមានប្រពន្ធកូនចៅ យើងតែតែបីបាច់ថែរក្សាពួកគេ ដូច្នេះយើងក៏គម្បីបង្កើតនូវដើមឈើឱ្យបានគ្រប់ៗគ្នា ហើយចិញ្ចឹមបីបាច់ថែរក្សាដូចគ្នាដែរ។ យើងឃើញថា ពេលមនុស្សឈឺរត់ទៅរកពេទ្យ ហើយពេលណាសត្វឈឺក៏ទៅរកពេទ្យសត្វ... ឬឯដើមឈើអត់មានទេ មានតែអ្នកខ្លះពេលឃើញដើមឈើក្រមហដើម មានតែកាប់...»។
នៅចំពោះមុខអ្នកដាំកូនឈើប្រមាណ៣០០នាក់ ព្រះគ្រូ តាត មហាទីមានសង្ឃដីកាបន្ថែមក៏ដូចជាសារមួយសម្រាប់បំផុសស្មារតីឱ្យចូលរួមដាំកូនឈើបន្ថែមទៀត។ ព្រះអង្គថា កុំខ្វល់ពីគំនិតដែលលើកឡើងថា «កុំគិតថា អ្នកដាំក៏ដាំ អ្នកកាប់ក៏កាប់ កុំគិតអ៊ីចឹង» ដ្បិតថាសព្វថ្ងៃនេះមានច្បាប់និងអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ ដូច្នេះអ្នកកាប់ និងបំផ្លាញមិនរួចពីសំណាញ់ច្បាប់ឡើយ។
ក្នុងកម្មវិធីដាំកូនឈើនៅបរិវេណជុំវិញប្រាសាទប្រី លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានចាត់ទុកសកម្មភាពចូលរួមដាំកូនឈើថាជាតួនាទីរបស់ពលរដ្ឋគ្រប់រូបក្នុងការថែរក្សាបរិស្ថាន។ លោកស្រីបន្តថា ការដាំនេះគឺដើម្បីទុកជាមរតកមួយសម្រាប់អ្នកជំនាន់ក្រោយ ក៏ជាដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជាមានភាពស្រស់បំព្រងផងដែរ។
ជាមួយគ្នានេះ លោកស្រីក៏ជំរុញឱ្យពលរដ្ឋដទៃទៀត ត្រូវចូលរួមដាំកូនឈើទាំងអស់គ្នា និងមិនគួរទុកដីឱ្យនៅទំនេរឡើយ។ លោកស្រីបញ្ជាក់ថា ប្រសិនបើពលរដ្ឋខ្មែរម្នាក់ដាំកូនឈើមួយដើម នោះគេនឹងបានដើមឈើយ៉ាងហោចណាស់ក៏១៤លានដើមដែរ។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេលពីខែមករា ដល់ថ្ងៃទី២៥ កក្កដាមានកូនឈើចំនួនជិត២ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងតំបន់អង្គរ។ ក្រៅពីនេះអាជ្ញាធរបានចែកជូនកូនឈើដល់ពលរដ្ឋនិងព្រះសង្ឃដើម្បីយកទៅដាំនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ ដែលសរុបមានចំនួនជាង៤៦ពាន់កូនឈើចម្រុះផងដែរ។
ជាមួយនឹងការបំផុសចលនាឱ្យសាធារណជនដាំកូនឈើនៅរមណីយដ្ឋានអង្គរនេះ ត្រូវបានលោក ជូរ៉ា ឌីណា ពន្យល់ថា ដើម្បីឱ្យតំបន់អង្គរប្រមូលផ្ដុំទៅដោយប្រភេទដើមឈើដែលបាត់បង់ ក៏ដូចជាដើម្បីបរិស្ថានអង្គរឱ្យមានភាពស្រស់បំព្រងផងដែរ។ ជាមួយគ្នានេះ ដើម្បីស្រូបទាញទឹកក្រោមដីដើម្បីកិច្ចការអភិរក្សប្រាសាទផងដែរ ដ្បិតថាគ្រឹះប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទឹកក្រោមដី ហើយដើមឈើប្រៀបដូចអាវដើម្បីការពារខ្យល់កុំឱ្យប៉ះពាល់ទៅប្រាសាទដោយផ្ទាល់។
ជាមួយគ្នានេះដែរ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាបន្តអំពាវនាវដល់សាធារណជនបន្ថែមទៀត សូមចូលរួមដាំកូនឈើក្នុងតំបន់អង្គរ និងស្នើសុំមកអាជ្ញាធរជាតិអប្សរាដើម្បីទំនាក់ទំនងការដាំនេះ គឺចាប់ពី២នាក់ឡើងអាជ្ញាធរនឹងរៀបចំដើមឈើនិងទីតាំងសម្រាប់ដាំបាន ដើម្បីរួមគ្នាអភិរក្ស ក៏ដូចជាការងារបរិស្ថាននៅកម្ពុជា៕