អន្តរជាតិ
ជប៉ុន មានសមាជិកព្រឹទ្ធសភា២រូប ដែលជាជនពិការក្នុងសភាពធ្ងន់ធ្ងរ
× ជប៉ុនព្យាយាមបង្ហាញពីគំរូភាពនៃការមិនរើសអើងជនពិការ ដោយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗកន្លងមក មានបេក្ខជនដែលអង្គុយលើរទេះរុញពីរនាក់ បានជាប់ឆ្នោត ជាលើកដំបូងបំផុត។ នេះបើតាមការផ្សាយរបស់ The Japan Times។
លោក Yasuhiko Funago អាយុ៦១ឆ្នាំ មានជំងឺប្រព័ន្ធប្រាសាទ ALS ដោយលោកមិនអាចដើរ និងនិយាយអស់រយៈពេល២០ឆ្នាំមកហើយ ហើយប្រើប្រាស់ការដកដង្ហើមសិប្បនិម្មិតចាប់តាំងពីឆ្នាំ២០០២មក។ រីឯលោកស្រី Eiko Kimura អាយុ៥៤ឆ្នាំ មានជំងឺពិការខួរក្បាល។
លោក Funago និងលោកស្រី Kimura សុទ្ធតែជាសមាជិកគណបក្សប្រឆាំង Reiwa Shingsengumi ដែលទើបតែត្រូវបានបង្កើតថ្មីដោយលោក Taro Yamamoto។ ពួកគាត់សុទ្ធតែស្ថិតនៅលើកៅអីរុញ។
បើទោះបីជាមិនអាចនិយាយ ប៉ុន្តែលោក Funago អាចបង្ហាញពីអារម្មណ៍ និងធ្វើចលនារបស់ខ្លួន តាមរយៈជំនួយពីកុំព្យូទ័រផងដែរ។ លោកក៏ជាអនុប្រធានអង្គការ Earth ដែលផ្តល់ជំនួយ និងសេវាកម្មសម្រាប់មនុស្សពិការ និងជនចាស់ជរា។
អ្នកស្រី Rie Saito ដែលបានឈរឈ្មោះសម្រាប់បក្សប្រឆាំង Constitutional Democratic Party ក៏ជាបេក្ខជនពិការម្នាក់ផងដែរ ដោយគាត់ថ្លង់តាំងពីកំណើត ប៉ុន្តែគាត់មិនបានជាប់ឆ្នោតនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com