ជាតិ
សេដ្ឋកិច្ច
អ្នកខ្លះ​សួរថា ហេតុអ្វី​មិន​ធ្វើ​ឲ្យ​១​ដុល្លារ​ស្មើ​៤​រៀល​បាន​ហើយ ស្រួល​គិត កុំ​មាន​សូន្យ​ច្រើនពេក (៤០០០)!
31, Jul 2019 , 7:59 am        
រូបភាព
ដោយ:
១​ដុល្លារ​អាមេរិក ស្មើ ៤០០០​រៀល​។ អ្នកខ្លះ​សួរថា ហេតុអ្វី​មិន​ធ្វើ​ឲ្យ​១​ដុល្លារ​ស្មើ ៤​រៀល បាន​ហើយ កុំ​ឲ្យ​មាន​សូន្យ​ច្រើនពេក ពិបាក​គិត​? ឬ​អាច​សួរ​ម្យ៉ាង​ទៀតថា ហេតុដូចម្ដេច ១​ដុល្លារ មិន​ស្មើ ១​រៀល​?


 
​ក្នុង​បទឧទ្ទេសនាម​នា​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ នៅ​ថ្ងៃទី​២៧​ខែកក្កដា អ្នកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បកស្រាយ​ជុំវិញ​អត្រា​ប្ដូរ​ប្រាក់រៀល និង​ដុល្លារ​។ ក្នុង​បទឧទ្ទេសនាម​នោះ អ្នកស្រី​មិនបាន​លើកឡើង​ពី​ដើមហេតុ​យ៉ាងម៉េច​បានជា ១​ដុល្លារ​មិន​ស្មើ​១​រៀល ឬ​លុយ​គេ​១​ដុល្លារ​សោះ ស្រាប់តែ​ស្មើ​លុយ​ខ្មែរ ៤០០០​រៀល​?
​ទោះជា​មិនបាន​ពន្យល់​ពី​ដើមហេតុ តែ​អ្នកស្រី ជា សិរី បាន​បកស្រាយ​ពី​ភាពមិន​អាច​ឲ្យ ១​ដុល្លារ ស្មើ ៤​រៀល​បានឡើយ ដោយសារ​ហេតុផល​បច្ចេកទេស​មួយចំនួន​។ 
 
​សូម​ស្ដាប់​ការបកស្រាយ​របស់លោក​ស្រី ជា សិរី ៖ 


 
 
​មិនមែន​តែ​ប្រាក់រៀល​ខ្មែរ​ទេ លុយ​ប្រទេស​ផ្សេង​ក៏​ខុសត្រូវ​គ្នាច្រើន​អ៊ីចឹង​ដែរ នៅ​ប្រទេស​ខ្លះ ១​ដុល្លារ ដូរ​បាន​រាប់ម៉ឺន​ឯណោះ​។ អ្នកស្រី ជា សិរី អះអាងថា សំខាន់​នៅត្រង់​អត្រា​ប្ដូរប្រាក់ មាន​ស្ថិរភាព​ដែរ ឬទេ​? ឯ​រឿង​លុយ​មាន​សូន្យ​ច្រើន មិន​ចោទ​ជា​បញ្ហា​នោះទេ​។​
 
​បើ​អត្រា​ប្ដូរប្រាក់​គ្មាន​ស្ថិរភាព បច្ច័យ​ផ្សេង​នឹង​កើតឡើង​បង្ក​ជា​បញ្ហា​ដល់​សេដ្ឋកិច្ច​ជាមិនខាន​។ ឧទាហរណ៍​មួយ​ក្នុងចំណោម​នោះ​គឺ បើ​១​ដុល្លារ​ដូរ​បាន ៣៥០០​រៀល ដែល​មានន័យថា​ប្រាក់រៀល​ឡើងថ្លៃ  នោះ​អ្នកបើក​ប្រាក់ខែ​ជា​ដុល្លារ មិន​សប្បាយចិត្ត​នោះទេ​។ ពួកគេ​យក​ដុល្លារ​មក​ប្ដូរ​យកប្រាក់​រៀល ដើម្បី​ចាយវាយ​ផ្សេងៗ តែ​ប្ដូរ​បាន​តិចជាង​មុន​។ 
 
​អ្នកស្រី ជា សិរី លើកឡើងថា បើ​កាត់​សូន្យ​ចេញ ឲ្យ​១​ដុល្លារ​ស្មើ ៤​រៀល គឺ​ងាយស្រួល​គិត​មែន ព្រោះ​មិនមាន​សូន្យ​ច្រើន តែ​បង្ក​ផល​លំបាក​ច្រើន​។ ផល​លំបាក ដូចជា បញ្ជីស្នាម​ទាំង​ប៉ុន្មាន ត្រូវ​ប្ដូរ​ថ្មី​, ការចាយវាយ ពិសេស​ភ្ញៀវទេសចរ នឹង​ងាយ​ភាន់ច្រឡំ​រវាង​តម្លៃ​លុយ​ចាស់ និង​តម្លៃ​លុយ​ថ្មី ជាដើម​៕
 

Tag:
 ជា សិរី​
  ប្រាក់រៀល​
  ដុល្លារ​
  អត្រា​ប្ដូរប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com