ជាតិ
សង្គមជាតិ
យុវជន​សំរាម​៖ បើ​មិន​ប្រមូល​កន្ទុយបារី​នៅ​ឆ្នេរ​អូ​រ​ឈើទាល​ទេ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវចម្រុះ
31, Jul 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​សំរាម បានកំណត់​បេសកកម្ម​ទី​២​នៃ​សកម្មភាព​របស់ខ្លួន ក្នុងការ​រើស​«​កន្ទុយបារី​» ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បោះចោល​ពាសវាល​ពាសកាល​ឱ្យបាន​១​លាន​ដើម នៅលើ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ​។ ការកំណត់​បេសកម្ម​ទី​២​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សាន ដា​រ៉ា​វីត និង​សមាជិក​៨​នាក់​ទៀត បាន​រើស​កន្ទុយបារី​រហូត​ជិត​៥០០០​ដើម កាលពី​ថ្ងៃទី​២១ កក្កដា ឆ្នាំ​២០១៩​។ លោក ដា​រ៉ា​វីត និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អូរ​ឈើទាល គឺជា​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​កម្ពុជា មិនគួរ​ឱ្យមាន​កន្ទុយ​បារី​រាយប៉ាយ​យ៉ាងច្រើន​ឡើយ​។​

 
​ក​តា្ក​ដែល​ជំរុញ​ឱ្យ​យុវជន ដា​រ៉ា​វីត សម្រេចចិត្ត​ដឹកនាំ​ក្រុម​មក​រើស​កន្ទុយបារី​នៅ​ឆ្នេរ​អូរ​ឈើទាល​នេះ  ព្រោះ​លោក​បារម្ភ​ថា កន្ទុយបារី​ដែលមាន​សារធាតុ​មិន​រលាយ និង​មាន​ក្លិន​មិនល្អ ដែល​ចោល​រាយប៉ាយ នៅ​ទីនោះ នឹងធ្វើ​ឱ្យ​ខូច​សោភ័ណភាព​ដ៏​ស្រស់ស្អាត​នៃ​ឆ្នេរសមុទ្រ​។ លើសពីនេះ លោក​បារម្ភ​ខ្លាច​កន្ទុយបារី​ទាំងនោះ​ហូរ​ចូល​ទឹកសមុទ្រ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវចម្រុះ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​ចុះ​លេង​ទឹកសមុទ្រ​ផងដែរ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សាន​ដា​រ៉ា​វីត ប្រធាន​ក្រុមយុវជន​សំរាម ដូចតទៅ​៖ 
 
 
«​ហេតុអ្វី​បានជា​យើង​មិន​រើស​កន្ទុយបារី​នៅ​រាជធានី​ភ្នំពេញ ហើយ​សុខចិត្ត​ចំណាយ​ពេលវេលា និង​ថវិកា​ទៅ​រើស​កន្ទុយបារី​នៅ​ឆ្នេរ​អូរ​ឈើទាល​នេះ ព្រោះ​នៅ​ភ្នំពេញ​យើង​វា​មាន​កន្ទុយបារី​ម្តុំៗ​រាយប៉ាយ​ច្រើន​កន្លែង ដែល​យើង​ពិបាក​មែនទែន​ក្នុង​ការប្រមូល​កន្ទុយបារី​ទាំងនោះ ដោយ​យើង​បានកំណត់​ប្រមូល​ឱ្យបាន​១​លាន​ដើម​។ ប៉ុន្តែ​បើ​យើង​ប្រមូល​កន្ទុយ​នៅ​ខេត្ត​ព្រះសីហនុ​វិញ ខ្ញុំ​អាច​និយាយបានថា​ត្រឹម​បរិវេណ​កន្លះ​គីឡូម៉ែត្រ​នៃ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​នេះ យើង​អាច​ប្រមូល​កន្ទុយបារី​បាន​រហូតដល់​១០-២០​ម៉ឺន​ដើម​ក្នុង​រយៈពេល​មួយខែ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សាន ដា​រ៉ា​វីត​។ 


 
​កន្លងមក​លោក សាន ដា​រ៉ា​វីត ក៏បាន​ដឹកនាំ​ក្រុមយុវជន​ប្រមូល​សំរាម ដោយ​កំណត់​យក​«​លូ​បឹងត្របែក​»​ជា​ចំណុច​ផ្តើម ដើម្បី​ប្រែ​ភ្នំពេញ​ទៅជា​ទីក្រុង​គ្មាន​សំរាម ដែល​បាន​ចាប់ពី​តាំងពីដើម​ខែមីនា ឆ្នាំ​២០១៩  រហូតមកដល់​ពេលនេះ គឺ​មិនទាន់​បានបញ្ចប់​នៅឡើយ​។ យុវជន​រូបនេះ បានបញ្ជាក់​ដូច្នេះ​៖« មូលហេតុ​ដែល​ខ្ញុំ បង្កើត​សកម្មភាព​ប្រមូល​កន្ទុយបារី​ដែលជា​បេសកម្ម​ទី​២​នេះ​ឡើង ស្របពេល​ជាមួយ​សកម្មភាព​ប្រមូល​សំរាម​នៅ​លូ​បឹងត្របែក​នេះ​មិនទាន់​បញ្ចប់ ព្រោះ​ខ្ញុំ​យល់ថា​ឆ្នេរសមុទ្រ​អូរ​ឈើទាល កំពុង​ឈានទៅរក​ការបាត់បង់​នៃ​ភាពស្រស់ស្អាត​នៃ​សមុទ្រ​ធម្មជាតិ​។ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ខ្មែរ​មួយរូប ខ្ញុំ​មិន​ចង់ឃើញ​ការបាត់បង់​ភាពស្រស់ស្អាត​នៃ​សម្បត្តិ​ធម្មជាតិ​នេះ ក្នុង​រូបភាព​ណាមួយ​ឡើយ »​។ 
 
​បើតាម​លោក សាន ដា​រ៉ា​វីត សកម្មភាព​ប្រមូល​កន្ទុយបារី​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល គឺធ្វើឡើង​រាល់​ចុង​សប្តាហ៍ ដោយមាន​ការចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត​មកពី​រាជធានី​ភ្នំពេញ និង​យុវជន​ដែល​រស់នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់​។ បច្ចុប្បន្ន ក្រុមយុវជន​សំរាម​ប្រមូល​កន្ទុយ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល បាន​ជិត​១​ម៉ឺន​ដើម​នៃ​បេសកកម្ម​ថ្មី​នេះ​៕ 

រូបភាព ផ្តល់ដោយលោក សាន ដារ៉ាវីត


រូបភាព ផ្តល់ដោយលោក សាន ដារ៉ាវីត
 

Tag:
 យុវជន​
  ប្លា​ស្ទិ​ក​
  បារី​
  ឆ្នេរ​អូរ​ឈើទាល
© រក្សាសិទ្ធិដោយ thmeythmey.com