ជាតិ
សេដ្ឋកិច្ច
កន្លះឆ្នាំ គយរកបាន ១៤៧៥លានដុល្លារ, ពន្ធដារ ១៥២៦លានដុល្លារ
× រដ្ឋរកចំណូលសរុបបាន ៣០០១ លានដុល្លារពីផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៩ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសនៅថ្ងៃទី២៤ខែកក្កដាថា ក្នុងឆមាសទី១ឆ្នាំនេះ ចំណូលសរុបទទួលបាន ១៤៧៥ លានដុល្លារអាមេរិក កើនឡើង ២៥,៥ភាគរយ (កើន៣០០លានដុល្លារ) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ចំណូលនេះត្រូវនឹង៦៥ភាគរយនៃផែនការប្រចាំឆ្នាំ។ មុខទំនិញជាប្រភពចំណូលសំខាន់ៗ រួមមាន យានយន្តនិងគ្រឿងចក្រគ្របដណ្ដប់ ៥២ភាគរយនៃចំណូលសរុប ប្រេងឥន្ធនៈនិងថាមពល១៧ភាគរយ ទំនិញចម្រុះនិងគ្រឿងសំណង់ ២៩,៥ភាគរយ។
រីឯអគ្គនាយកដ្ឋានពន្ធដារបាន នៅថ្ងៃទី២៣ខែកក្កដា បានប្រកាសថា ការរកចំណូលពន្ធអាករសម្រាប់ឆមាសទី១ឆ្នាំ២០១៩នេះ សម្រេចបាន ១៥២៦,៥ លានដុល្លារ កើនឡើង ២៨,៩៤ភាគរយ (ប្រមាណ ៣២៤លានដុល្លារ)។ ចំណូលនេះស្មើនឹង៦៦,៧នៃផែនការប្រចាំឆ្នាំ។ ចំណូលពន្ធដារដែលកើនឡើងដល់ជិត៣០ភាគរយ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ កត់សម្គាល់ដូច្នេះថា៖«តាមរយៈការដាក់ឲ្យអនុវត្តប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធដែលជាលទ្ធផលរយៈពេល៦ខែឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣៦,៦២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨»៕
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមក ចំណូលពីគយមានចំនួន ២៥០០លានដុល្លារដែលកើន៣២ភាគរយ ខណៈចំណូលពន្ធដារមានទំហំ ២១៩៧,៨ លានដុល្លារ ដែលកើន ១៣,៣៧ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com