ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៥​យ៉ាង​អំពី​កូ​ឡេ​ស្តេ​រ៉ុល ដែល​មិនសូវមាន​នរណា​ប្រាប់​ឲ្យ​អ្នកដឹង​
31, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​កោសិកា​របស់​សត្វ​។ សារធាតុ​មួយ​នេះ​អាច​ទទួលបាន​ទាំងពី​ការ​ញ៉ាំ​អាហារ និង​រាងកាយ​ផលិត​ចេញ​ដោយ​ខ្លួនឯង​។



វា​ត្រូវបាន​ចល័ត​នៅក្នុង​ចរន្តឈាម​ពេញ​រាងកាយ​យើង ហើយ​កាលណា​វា​មាន​ចំនួន​ច្រើនពេក អាច​បង្ក​ទៅជា​កំណកខ្លាញ់​នៅ​ចន្លោះ​ជញ្ជាំង​សរសៃឈាម​អាក់ទែ​បាន​។ កំណក​នេះហើយ​ជា​អ្នកធ្វើ​ឲ្យ​សរសៃឈាម​ទៅជា​រឹង និង​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​។ ខាងក្រោម​នេះ​គឺជា​រឿង​ពិត​មួយចំនួន​អំពី​កូ​ឡេ​ស្តេ​រ៉ុល ដែល​អ្នក​គប្បី​យល់ដឹង និង​ជឿ​ចាប់ពីពេលនេះ​ទៅ​៖
 
​កូ​ឡេ​ស្តេ​រ៉ុល​មិនមែន​តែ​តែ​អាក្រក់​នោះទេ​
 
​រាងកាយ​របស់​មនុស្ស​យើង​មាន​កូ​ឡេ​ស្តេ​រ៉ូ​លពីរ​ប្រភេទ​នោះ​គឺ LDL (​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​) និង HDL (​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​)​។ កាលណា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​មាន​ច្រើន​ក្នុង​ឈាម វា​នឹង​បង្ក​ទៅជា​កំណក​ឈាម តែ​បើសិនជា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​មាន​ច្រើន​វិញ វា​នឹង​ជួយ​សម្អាត​កំណក​នានា​ក្នុង​សរសៃឈាម​ចេញ​វិញ​។ កូ​ឡេ​ស្តេ​រ៉ុល​មួយចំនួន​ត្រូវបាន​ថ្លើម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​យកទៅ​ប្រើប្រាស់​សម្រាប់​ផលិតផល​ផ្សេងៗ​ដូចជា អ័រម៉ូន​ភេទ ឬ​អង់ស៊ីម​រំលាយ​អាហារ​ជាដើម​។​
 
​កូ​ឡេ​ស្តេ​រ៉ុល​អាចមាន​ក្នុង​ហ្សែ​ន​មនុស្ស​យើង​ដែរ​
 
​ការដែល​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ក្នុង​ឈាម​ជា​រឿង​មួយ​ដែល​មិនអាច​ចៀសផុត​បានឡើយ​ជាពិសេស​មនុស្ស​មួយចំនួន​ដែលមាន​បញ្ហា​តំណពូជ ហើយ​វា​ក៏​អាចទាក់ទង​នឹង​ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ផងដែរ​។ ករណីបែបនេះ​ហៅថា Familial Hypercholesterolemia ដែល​អាច​នាំ​ឲ្យ​កើតជា​ជំងឺ​គាំងបេះដូង​ទាំង​វ័យក្មេង ហើយក៏​ត្រូវការ​ការព្យាបាល​ខ្លាំងក្លា​ផងដែរ​។ 
 
​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​អាច​មើលឃើញ​ពី​ខាងក្រៅ​
 
​ធម្មតា​គ្រាន់តែ​យើង​មើលឃើញ​ពី​ខាងក្រៅ ក៏​អាច​ដឹងថា​រាងកាយ​មនុស្ស​ម្នាក់​នោះ​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ឬ​អត់​ដែរ​។ កាលណា​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ វា​អាច​បណ្តាល​ឲ្យ​ដុះ​ខ្លាញ់​ក្រោម​ស្បែក​ច្រើន ដែល​មើលទៅ​ពណ៌​លឿងៗ និង​មាន​ដុំ​ក្រហមៗ​នៅលើ​ផ្ទៃ​ស្បែក​ខាងក្រៅ​។ ដុំ​បែបនេះ​ហៅថា Xanthomas ហើយ​អាច​មាននៅ​គ្រប់កន្លែង​ទាំង​អស់នៃ​រាងកាយ ជាពិសេស​នៅ​សន្លាក់ ប្រអប់ដៃ និង​ត្របកភ្នែក​តែម្តង​។ 
 
​ការហាត់​ប្រាណ​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​
 
​ការហាត់​ប្រាណ​គួរតែ​ធ្វើជា​ទម្លាប់​ប្រចាំថ្ងៃ​ដើម្បី​ជីវិត​មាន​សុខ​ភាពល្អ​។ ការហាត់​ប្រាណ​ត្រូវបាន​គេ​បង្ហាញថា ជួយ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​។ បើសិនជា​អ្នក​ធាត់ ចូរ​ធ្វើយ៉ាងណា​សម្រក​ទម្ងន់​ឲ្យ​បាន ១០ ទៅ​២០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​សរុបទៅ នោះ​អ្នកនឹង​មើលឃើញ​ការថយចុះ​នៃ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​អស្ចារ្យ​ប៉ុណ្ណា​ហើយ​។ 
 
​អាយុ​កាន់តែច្រើន​កូ​ឡេ​ស្តេ​រ៉ុល​កាន់តែ​ឡើង​ខ្ពស់​តែ​ជា​រឿង​ធម្មជាតិ​ទេ​
 
​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​នឹង​កើនឡើង​តាម​ធម្មជាតិ​នៅពេល​អាយុ​កាន់តែច្រើន ជាពិសេស​មនុស្ស​ស្រី​តែម្តង​។ មុនពេល​រ៉ាំ​ង​រដូវ ស្ត្រី​ភាគច្រើន​គឺមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ទាប​ជាង​បុរស​ទេ ប៉ុន្តែ​វា​នឹង​ឡើង​ខ្ពស់ជាង​បុរស​វិញ​នៅពេល​ពួកគេ​រ៉ាំ​ង​រដូវ​។ ចំពោះ​មូលហេតុ​វិញ ដោយសារតែ​ការថយចុះ​នៃ​អ័រម៉ូន​ភេទ​អេ​ស្ត្រូ​ជែ​ន​ក្រោយពី​រ៉ាំ​ង​រដូវ​រួច​តែម្តង​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ដែលមាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ច្រើនពេក ឬ​តិចពេក សុទ្ធតែ​បង្កបញ្ហា​ដល់​រាងកាយ​បាន​ទាំងអស់​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​រក្សា​ភាព​ធម្មតា​របស់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com