អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រី​មហាផ្ទៃ​រូ​ម៉ា​នី​លាលែង ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​អើពើ​ករណី​ឃាតកម្ម​ក្មេងស្រី​ម្នាក់​
31, Jul 2019 , 1:45 pm        
រូបភាព
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូ​ម៉ា​នី លោក Nicolae Moga បានប្រកាស​លាលែង​ពី​តំណែង
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូ​ម៉ា​នី លោក Nicolae Moga បានប្រកាស​លាលែង​ពី​តំណែង
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូ​ម៉ា​នី លោក Nicolae Moga បានប្រកាស​លាលែង​ពី​តំណែង នៅ​ថ្ងៃ​អង្គារ​ទី ៣០ កក្កដា ក្រោយពី​ផ្ទុះ​បាតុកម្ម​មួយ​ជុំវិញ​ករណី​ឃាតកម្ម​លើ​ក្មេងស្រី​ម្នាក់ ខណៈដែល​ប៉ូលិស​មិនបាន​ជួយ​ជីវិត​នាង​ទាន់ពេលវេលា​ឡើយ ទោះ​ទទួលបាន​ការសុំ​ជួយ​ក្ដី​។



​សំណុំរឿង​ដ៏​កក្រើក​នេះ បាន​បង្ក​ជា​បាតុកម្ម​ប្រឆាំងនឹង​អាជ្ញាធរ​ក្រុង​ប៊ុ​យ​ការ៉េ​ស ដោយ​ប្រជាជន​រ៉ូ​មា​នី​រាប់ពាន់នាក់​បាន​ចូលរួម កាលពី​យប់​ថ្ងៃ​សៅ​រ៏ ទី​២៧ ខែកក្កដា​។

«​ខ្ញុំ សម្រេចចិត្ត​ធ្វើ​រឿងនេះ​ដើម្បី​ការពារ​កិត្យានុភាព​របស់​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ង​ន់​បំផុត ដោយសារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​ថ្នាក់ក្រោម​ខ្លះ​»​។ លោក​រដ្ឋមន្ត្រី Moga និយាយ​បែបនេះ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់លោក​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Moga គឺជា​មន្ត្រីជាន់ខ្ពស់​ទី​បី​ហើយ ដែល​ត្រូវ​អស់តំណែង​ក្នុង​រឿងក្តី​ឃាតកម្ម​ដ៏​កក្រើក​ក្នុងប្រទេស​រូ​ម៉ា​នីមួយ​នេះ ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។ អ្នក​ដែល​ខ្ទាត​ចេញពី​តំណែង​មុន​លោក គឺមាន​ដូចជា​ស្នងការ​ប៉ូលីស​ក្រុង លោក Ioan Buda និង​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ទូរគមនាគមន៍​ពិសេស លោក Ionel Vasilca ។


​Alexandra បានទទួលទូរសព្ទទៅ​ការិយាល័យ​ប៉ូលិស​រហូត​ដល់​១១២ដង ប៉ុន្តែគ្មានអ្នកអើពើ។ ពេលប៉ូលិសលើក គេឮសំដីចុងក្រោយថា «គេ [ឃាតករ] មកហើយ»

និយាយ​ពី​សំណុំរឿង​ឃាតកម្ម​លើ​ក្មេងស្រី​ជំទង់ ជនសង្ស័យ​ឈ្មោះថា Gheorghe Dinca អាយុ ៦៥​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា​កន្លងទៅ នៅ​ភាគខាងត្បូង​ទីក្រុង Caracal ។ បុរស​រូប​ប​នេះ បាន​សារភាពថា បាន​ចាប់ជំរិត និង​សម្លាប់​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ឈ្មោះថា Alexandra និង​ក្មេងស្រី​ម្នាក់ទៀត ឈ្មោះថា Luiza ដែល​បាន​បាត់​ខ្លួន កាលពី​ខែមេសា​កន្លងទៅ​។

​ទោះជា​បែបនេះ​ក្តី មេធាវី​របស់​ជនសង្ស័យ Dinca បាន​អះអាង​ទៀតថា ព្រះរាជអាជ្ញា​រូ​ម៉ា​នី មាន​មន្ទិល​សង្ស័យថា លោក​ប្រហែលជា​ប្រព្រឹត្ត​បទល្មើស​បែបនេះ​ច្រើនជាង​២​ករណី​ដែល​លោក​បាន​សារភាព​ពេលនេះ​។

​រឿងហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ព្រហស្បតិ៍ ទី​២៥ ខែកក្កដា សប្តាហ៍​មុន ដោយ​ក្មេងស្រី Alexandra ត្រូវបាន​ចាប់ជំរិត​នៅក្បែរ​ផ្ទះ ។ យ៉ាងណាមិញ ក្រោយ​ត្រូវបាន​គេ​ចាប់ជំរិត ជនរងគ្រោះ​អាច​ស្វែងរក​មធ្យោបាយ​ដើម្បី​ហៅ​ទូរ​សព្ទ​អាសន្ន​ចំនួន ១១២​ដង ហើយ​បាន​ផ្តល់ព័ត៌មាន​ដល់​ប៉ូលិស​អំពី​ទីតាំង ដែល​នាង​ត្រូវបាន​គេ​ចាប់ឃុំខ្លួន​។ យោងតាម​សំដី​ប៉ូលីស ក្មេងស្រី​រូបនេះ បាន​ស្រែកថា «​គាត់​មកហើយ​, គាត់​មកហើយ​» មុននឹង​បណ្តាញ​ទូរ​សព្ទ​នាង ត្រូវបាន​កាត់ផ្តាច់ ។​

​មហាជន រិះគន់ថា មន្ត្រី​សមត្ថកិច្ច បរាជ័យ​ក្នុងការ​អនុវត្ត​តួនាទី​ដោយ​យកចិត្តទុកដាក់ ហើយ​ធ្វើ​អន្តរាគមន៍​យឺត​ពេលវេលា​ដើម្បី​ស្វែងរក​ទីតាំង និង​ជួយសង្គ្រោះ​ក្មេងស្រី​ចំទង់​រូបនោះ​។ តាម AFP ប្រធានាធិបតី​រូ​ម៉ា​នី លោក Klaus Iohannis នៅ​ថ្ងៃ​អង្គារ ទី​៣០ កក្កដា បាន​រិះគន់​ធ្ងន់ៗ​លើ​ភាព​ចន្លោះ​ប្រ​ហូ​ង​ក្នុងករណី​ឃាតកម្ម​នេះ និង​បានទាមទារ​ឲ្យ​ចាត់វិធានការ​ចាំបាច់​នា​ន ដើម្បី​ធានា​ឲ្យ​បាន​ថា សោកនាដកម្ម​បែបនេះ លែង​អាច​កើតឡើង​ក្នុងប្រទេស​លោក​៕

 



Tag:
 ​រូ​ម៉ា​នី​
  អំពើ​ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com