ជាតិ
អ្នកតំណាងរាស្ត្រ ដួង វណ្ណា ក្នុង​សម្លៀកបំពាក់​សាមញ្ញ​ពេល​ចុះទៅ​ទីតាំង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង​
31, Jul 2019 , 3:20 pm        
រូបភាព
រូបពីហ្វេសប៊ុក «ក្មេងឌឺ»៖ លោកស្រី ដួង វណ្ណា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្លៀកខោជើងវែង និងអាវដៃវែង ពាក់ស្បែកជើងផ្ទាត់ ដែលបានចុះពិនិត្យកន្លែងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ កក្កដា
រូបពីហ្វេសប៊ុក «ក្មេងឌឺ»៖ លោកស្រី ដួង វណ្ណា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្លៀកខោជើងវែង និងអាវដៃវែង ពាក់ស្បែកជើងផ្ទាត់ ដែលបានចុះពិនិត្យកន្លែងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ កក្កដា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ជាង​៤០​នាក់ បាន​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។ ក្នុងស្ថានភាព​គ្រោះថ្នាក់​ច​រា​ចរណ៍​នេះ ក៏មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​នោះដែរ​។​


 
​តាមរយៈ​រូបថត ដែល​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មាន​ស្ត្រី​ម្នាក់ ស្ថិតនៅក្នុង​សម្លៀកបំពាក់​ខោ​ខ្មៅ​ជើងវែង និង​អាវដៃវែង ពាក់​ស្បែកជើងផ្ទាត់ ហាក់​បង្ហាញ​សកម្មភាព​យកចិត្តទុកដាក់ និង​អារម្មណ៍​សង្វេគ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ ស្ត្រី​ម្នាក់​នោះ គឺជា​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​ប្រចាំ​មណ្ឌល​ស្វាយរៀង ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​សួន​ថ្មី សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។ 
 
«​ក្តុកក្តួល​ណាស់​! មាន​អារម្មណ៍​អាណិតអាសូរ​ណាស់​នៅពេល​ឃើញ​ទិដ្ឋភាព​បែបនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ដួង វណ្ណា ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ​មិន​ចង់ឃើញ​ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​បែបនេះ​ឡើយ ពោលគឺអ្នកបើកបរ​ត្រូវគោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់​ខ្លួន​។​
 
​នៅ​ព្រឹក​ថ្ង​ទី​៣១ កក្កដា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដោយ​រថយន្ត​ដឹក​មាន់ បុក​ជាមួយ​រថយន្ត​ដឹក​កម្មករនិយោជិត ហើយក៏​បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករនិយោជិត​ក្រឡាប់​។ ក្នុងចំណោម​កម្មករនិយោជិត ដែល​រងរបួស​ទាំងនោះ មាន​អ្នកខ្លះ បាក់ដៃ បាក់ជើង និង​បែកក្បាល​។ ហើយ​ក្នុងចំណោម​នោះ ក៏មាន​កម្មការិនី មាន​ផ្ទៃពោះ​ផងដែរ​។ ក្រោយ​កើតហេតុ​ការណ៍ អ្នក​ដែល​របួសស្រាល ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​អ្នករបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​៕
 


Tag:
 ​ដួង វណ្ណា​
  CPP
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com