កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​កូរ៉េ​ខាងត្បូង​ទារជំងឺចិត្ត​ ព្រោះ​អត់​ឃើញ Ronaldo ចូល​លេង​ដូច​ការផ្សាយពាណិជ្ជកម្ម​
31, Jul 2019 , 8:19 pm        
រូបភាព
ដោយ: រួបរួម
​ក្របខណ្ឌ​កីឡាបាល់ទាត់​កូរ៉េខាងត្បូង (K League) បាន​ផ្ញើ​លិខិតតវ៉ា​ទៅកាន់​ក្លិប Juventus បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ នាំគ្នា​ប្តឹង​ជំងឺ​ចិត្ត ដោយសារតែ​ពួក​ខំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ជំនួប​មិត្តភាព​នៅ​ក្រុង​សេ​អ៊ូ​ល កាលពីពេល​ថ្មីៗ​កន្លងមកនេះ ប៉ុន្តែ​មិនឃើញ​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ចូល​លេង ដូចជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះឡើយ​។​

 
​អ្នកគាំទ្រ​ជាច្រើន​ក្នុងចំណោម​អ្នកគាំទ្រ​ប្រមាណ​៦៣ ០០០​នាក់ ខកចិត្ត​យ៉ាងខ្លាំង នា​ជំនួប​មិត្តភាព​រវាង​ក្រុម K League All-Stars និង Juventus នៅ​កីឡដ្ឋាន Seoul Olympic ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងមក​។ បញ្ហា​នោះ គឺ​ត្រង់​ថា Ronaldo មិនបាន​ចូល​លេង​ទាល់តែសោះ​ក្នុងជំនួប​ស្មើ ៣-៣ រវាង​ក្រុម​ទាំងពីរ ដោយ​គេ​បាន​អង្គុយ​នៅ​កៅអី​កីឡាករ​បម្រុង​អស់​រយៈពេល​៩០​នាទី​ពេញ​។​
 
​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រុម​អ្នកគាំទ្រ​កូរ៉េខាងត្បូង ខឹងសម្បារ​យ៉ាងខ្លាំង ពីព្រោះ​ពួកគេ​ចង់ឃើញ​កីឡាករ​ឆ្នើម​ព័រ​ទុយ​ហ្គា​ល់ លេង​នៅលើ​ទឹកដី​ខ្លួន​លើកដំបូង ក្រោយ​អវត្តមាន​ជាង​១០​ឆ្នាំ​។ «​យើង​បាន​ផ្ញើលិខិត​ទៅ Juventus ដើម្បី​តវ៉ា ដែល​ក្នុងនោះ ក្លិប​មិន​គោរព​កិច្ចសន្យា តាមរយៈ​ការមិន​ដាក់ Ronaldo ចូល​លេង​»​។ លោក Kim Jin-hyung មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់ K League ថ្លែង​យ៉ាងខ្លី​ទៅកាន់​អ្នកសារព័ត៌មាន​។​
 
​តាម​មន្ត្រី K League ក្លិប​យក្ស​អ៊ីតាលី Juventus ក៏បាន​ស្នើ​ទៅ​អ្នករៀបចំ​កម្មវិធី​ឲ្យ​បន្ថយ​ការប្រកួត​មក​ត្រឹម​៤០​នាទី​ក្នុង​១​តង់ និង​សម្រាក​តង់​តែ​១០​នាទី​ផងដែរ​។ បន្ថែម​ពីលើ​នេះ ពួកគេ​ព្រមាន​លុបចោល​ការប្រកួត បើ​ភាគី​កូរ៉េ​មិន​ធ្វើតាម​ខ្លួន​។​
 
​លោក Kim បាន​ត្អូញត្អែ​ថា ការប្រកួត​បាន​ពន្យា​ប្រមាណ​១​ម៉ោង ហើយ Ronaldo អត់​បាន​ចូល​លេង​ទៀត បន្ថែម​ពីលើ​នេះ ក៏​មិនមាន​ការរៀបចំ​ឲ្យ Ronaldo ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​ផងដែរ​។ តាម Yonhap ប៉ូលិស​ក្រុង​សេ​អ៊ូ​ល បាន​អះអាងថា ទទួលបាន​បណ្តឹង​ជាច្រើន​ពី​ក្រុម​អ្នកគាំទ្រ ដោយ​ចោទ ទាំង​អ្នករៀបចំ​កម្មវិធី (TheFesta) ទាំង​ក្លិប​អ៊ីតាលី ក៏ដូចជា Ronaldo ផ្ទាល់ ថា បាន​បោកប្រាស់​ពួកគេ​។ 
 
​ក្រុម​អ្នកគាំទ្រ​ទាំងនោះ ទាមទារ​សំណង​ថ្លៃ​សំបុត្រ​ប្រមាណ​៦០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ និង​ជំងឺ​ចិត្ត​ផ្សេងទៀត​ទៀត​។ មេធាវី​ម្នាក់ បាន​អះអាង​ប្រាប់​រ៉​យ​ទ័​រថា អ្នកគាំទ្រ​អាចមាន​សិទ្ធិ​ទទួល​សំណង​វិញ ដោយសារតែ​ក្រុមហ៊ុន មិនបាន​ធ្វើតាម​អ្វីដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​៕

Tag:
 បាល់ទាត់​
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com