អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១២៨ ពាន់​លាន​រៀល​
01, Aug 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ 2019 - ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​នានា​នៅ​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី រ៉ូ​ដ​សូ (Road Show) នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​បំណង ជូនដំណឹង​ពី​ការធ្វើ​បរិវិសកម្ម និង​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​សាជី​វក​ម្ម (​សញ្ញា​បណ្ណ ABA) ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១២៨ ពាន់​លាន​រៀល (៣២ លាន​ដុល្លារ​អាមេរិក​) នាពេល​ខាងមុខនេះ​។​
 
​សញ្ញា​បណ្ណ ABA នឹង​ក្លាយជា​មូល​ប​ត្រ​បំណុល​ទីមួយ ដែល​ត្រូវបាន​បោះផ្សាយ​ដោយ​ធនាគារពាណិជ្ជ នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​វា​ក៏​ជា​សញ្ញា​បណ្ណ​កម្ពុជា​ដំបូង​គេ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លទ្ធភាព​សង កម្រិត «B» ពី​ភ្នាក់ងារ​វាយតម្លៃ S&P Global Ratings ផងដែរ​។ មួយផ្នែកធំ នៃ​សញ្ញា​បណ្ណ​នេះ នឹង​ត្រូវធ្វើ​បរិវិសកម្ម ដោយ​វិនិយោគិន​ស្ថាប័ន​ក្នុងស្រុក ហើយ​ផ្នែក​ដែល​នៅសល់ នឹង​ត្រូវបាន​បម្រុង​ទុក​សម្រាប់​វិនិយោគិន​រូបវន្តបុគ្គល ដែលមាន​ចង់​វិនិយោគ​លើ​សញ្ញា​បណ្ណ​នេះ​។​


 
​ធនាគារ ABA មាន​គោលបំណង​ប្រើប្រាស់​សាច់ប្រាក់ ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ និង​កំណើន​នៃ​អាជីវកម្ម​ឥណទាន​។ ហើយ​ឥណទាន​ទាំងនោះ នឹង​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ខ្នាតតូច សហគ្រាស​ខ្នាតតូច និង​មធ្យម នៅតាម​ជនបទ រួមទាំង​សហគ្រិន​ជា​ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​លក្ខខណ្ឌ​សំខាន់ៗ​នៃ «​សញ្ញា​បណ្ណ ABA»៖
 
​ ​ក្រុមហ៊ុន​បោះផ្សាយ​៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (​ធនាគារ ABA)​។​
​ ​ចំនួន​សញ្ញា​បណ្ណ​សរុប​ដែល​បោះផ្សាយ​លក់​៖ 128 ពាន់​លាន​រៀល (~32 លាន​ដុល្លារ​អាមេរិក​)​។​
​ ​តម្លៃ​លក់​ក្នុង​មួយ​ឯក​តា​សញ្ញា​បណ្ណ​៖ 100,000 រៀល (~25 ដុល្លារ​អាមេរិក​)​។​
​ ​អត្រា​គូ​ប៉ុង​របស់​សញ្ញា​បណ្ណ​៖ 7.00% - 7.75%  ក្នុង​មួយឆ្នាំ ជាមួយនឹង​ឥណប្រតិទាន​រយៈពេល 3 ឆ្នាំ និង​ការទូទាត់​គូ​ប៉ុង​រៀងរាល់​ឆមាស​។​
​ ​កាលបរិច្ឆេទ​បោះផ្សាយ (​រំពឹងទុក​)៖ ថ្ងៃទី 16 ខែ សីហា ឆ្នាំ 2019​។​
​ ​ប្រភេទ​សញ្ញា​បណ្ណ​៖ សញ្ញា​បណ្ណ បង្កើត​ឲ្យ​មាន​កាតព្វកិច្ច តាមរយៈ​ការចុះបញ្ជីឈ្មោះ ហើយ​ជា​ប្រភេទ​កាតព្វកិច្ច​ដែល​គ្មាន​ទ្រព្យ​ធានា និង​មិនមែនជា​កាតព្វកិច្ច​កម្រិត​ទាប​។​
​ ​ចំណាត់ថ្នាក់​លទ្ធភាព​ស​ង​សម្រាប់​សញ្ញា​បណ្ណ​៖ កម្រិត​«B» ពី​ទីភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង S&P Global​។​
​ ​ចំនួន​ទឹកប្រាក់​វិនិយោគ​អប្បបរមា​៖ 800 លាន​រៀល (~20 ម៉ឺន​ដុល្លារ​អាមេរិក​) សម្រាប់​វិនិយោគិន​ស្ថាប័ន និង 4 លាន​រៀល (~1,000 ដុល្លារ​អាមេរិក​) សម្រាប់​វិនិយោគិន​រូបវន្តបុគ្គល​។​
​ ​កាលបរិច្ឆេទ​ធ្វើ​បរិវិសកម្ម (​រំពឹងទុក​)៖ ថ្ងៃទី 14 ខែ សីហា ដល់​ថ្ងៃទី 15 ខែ សីហា ឆ្នាំ 2019​។​
 
​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី (SBI Royal Securities) គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​តែមួយគត់ សម្រាប់​ការបោះ​ផ្សាយ​នេះ​។​
 
​អំពី​ធនាគារ ABA៖
 
​ធនាគារ ABA គឺជា​ធនាគារ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 1996​។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ផ្នែក​ធនាគារ​ឌីជីថល យ៉ាង​ពេញលេញ ជូន​ដល់​អតិថិជន រួមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម អាជីវកម្ម​ខ្នាតតូច​បំផុត និង​បុគ្គល​ជាដើម​។​
 
​គិត​មកដល់​ត្រឹម​ថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្ម​របស់​ធនា​គារ ABA មាន​ចំនួន 3.36 ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ខ្លួន ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​ឆ្នាំ 2017 ធនាគារ ABA បានទទួល​ចំណាត់ថ្នាក់​ឥណទាន​កម្រិត “B” ពី Standard and Poor’s (S&P) Global Ratings​។ ហើយ​ក្នុង​ឆ្នាំ 2018 S&P បាន​អះអាង​ជាថ្មី​នូវ​ចំណាត់​ឥណទាន​នេះ​ជាមួយនឹង​ទស្សន​វិ​ស្ស័​យ “​វិជ្ជមាន​”​។​
 
​ធនាគារ ABA ក៏បាន​ទទួល​ពានរង្វាន់ “​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា​” ពី​ឆ្នាំ 2015 ដល់​ឆ្នាំ 2019 ពី​ទស្សនាវដ្ដី​ធំៗ​ដូចជា The Banker, Euromoney និង Global Finance​។ 
 
​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ ABA គឺ​ធនាគារជាតិ​កាណាដា (www.nbc.ca) ដែលជា​ធនាគារ​ធំជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កាណាដា និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ Quebec ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​។​
 
​អំពី SBI Royal Securities៖
 
SBI Royal Securities គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​សេវា​វិនិយោគ​គ្រប់បែប រួមមាន ការធានា​ទិញ​មូល​ប​ត្រ ការប្រឹក្សា​យោបល់ ការរួមបញ្ចូល​គ្នា និង​ការទិញ​ក្រុមហ៊ុន និង​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ផងដែរ​។ នៅក្នុង​ឆ្នាំ 2018 ក្រុមហ៊ុន SBI Royal Securities ត្រូវបាន​ទទួលស្គាល់​ជា “Best Corporate and Investment Bank” ដោយ Asiamoney magazine​។​
 
​បង្កើតឡើង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​2010 SBI Royal Securities ជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញលេញ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ​។​
 
SBI Royal Securities បាន​បំពេញ​នូវ​ប្រតិបត្តិការ​ជាច្រើន​ដែល​រួមមាន IPO of the Port of Sihanoukville (CSX: PAS), the IPO of Phnom Penh Special Economic Zone (CSX: PPSP), និង សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា ដែល​បោះផ្សាយ​ដោយ​ហត្ថា​កសិករ​លីមីត​ធី​ត (SX: HKL21A)៕











(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com