កម្ពុជា​ឆ្លើយតប​៖ យើង ស្មាន​មិន​ដល់​សោះ​ថា អាមេរិក វាយប្រហារ​ដ៏​គឃ្លើន​លើ​យើង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​ឆ្លើយតប​៖ យើង ស្មាន​មិន​ដល់​សោះ​ថា អាមេរិក វាយប្រហារ​ដ៏​គឃ្លើន​លើ​យើង​
01, Aug 2019 , 10:23 am        
រូបភាព
លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា
លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ហួសចិត្ត​ខ្លាំង ដែល​ស្ថានទូត​អាមេរិក បាន​រិះគន់​ជាថ្មី​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​ការបរទេស បាន​ហៅ​ការរិះគន់​របស់​ស្ថានទូត​អាមេរិក ថា​ជា «​អាកប្បកិរិយា​ខ្វះ​ការទូត​» និង​មិន​គោរព​កម្ពុជា​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ការបរទេស បាន​ប្រើ​ភាសា​ធ្ងន់ៗ​ដូច្នេះ​ថា​៖«​យើង នឹក​ស្មាន​មិន​ដល់​ទាល់តែសោះ​ថា ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភបំពាន​ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត ត្រូវបាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​តំណាង​ឲ្យ​ប្រទេស​ដែលមាន​អារ្យធម៌​មួយ​»​។ 
 
​អ្នកនាំពាក្យ​ការបរទេស យល់ថា សកម្មភាព​របស់​ស្ថានទូត​អាមេរិក ប្រព្រឹត្តទៅ​ផ្ទុយ​នឹង​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា  ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​អាមេរិក​។
 
​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​គម្រប់​មួយឆ្នាំ​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦​នៅ​កម្ពុជា​។ ក្រោយមក​មួយថ្ងៃ គឺ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងនាម​រដ្ឋាភិបាលរ​បស់​ខ្លួន បាន​បង្ហោះ​សារ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​រម្លឹក​ពី​ការបោះឆ្នោត​នេះ​។ 
 
​ស្ថានទូត​អាមេរិក បានចាត់ទុក​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ថា​មានកំ​ហុង​ឆ្គង​យ៉ាងខ្លាំង ដោយ​មិនមាន​សេរីភាព និង​យុត្តិធម៌ ហើយក៏​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ដែរ​។ ស្ថានទូត​​អាមេរិក បន្តថា ការបោះឆ្នោត​នេះ បាន​ផាត់​ចោល​អតីត​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​បាត់បង់​ថែមទៀត​នូវ​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការជំរុញ​ការផ្សះផ្សា​នយោបាយ និង​ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១មក​។​
 
​ទន្ទឹមនឹងនេះ ស្ថានទូត​អាមេរិក បាន​អំពាវនាវ​ជាថ្មី ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ហើយ​ទម្លាក់​បទ​ចោទ​ចេញ​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្សប្រឆាំង និង​អ្នកទោសនយោបាយ​ដទៃទៀត​។ លើសពីនេះ ស្ថានទូត​អាមេរិក ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​ការចោទប្រកាន់​ប្រជាពលរដ្ឋ ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ​៕
 
 

Tag:
 ​ក្រសួងការបរទេស​
  ស្ថានទូត​អាមេរិក​
  ប្រជាធិបតេយ្យ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com