កីឡាជាតិ
ជាតិ
លោក Luis Fernando Vitorino ថាចេញពីភ្នំពេញក្រោន តាមការសម្រេចរបស់ក្លិប លោក Luis Fernando Vitorino (កណ្តាល)ថតរូបជាមួយកីឡាករបរទេសរបស់ភ្នំពេញក្រោន
× លោក Luis Fernando Vitorino គ្រូបង្វឹកអ្នកចាំទីបានចែកផ្លូវជាមួយក្លិបភ្នំពេញក្រោន ក្រោយចំណាយពេលជាង១ឆ្នាំនៅទីនេះ។ គ្រូបង្វឹករូបនេះបាននិយាយថា លោកមានមោទកភាព ដែលបានឃើញកីឡាករពីររូបក្រោមការបង្ហាត់របស់លោកជាប់ក្នុងក្រុមជម្រើសជាតិ ហើយលោកជឿជាក់ថា នឹងអាចត្រឡប់មកកាន់កម្ពុជាម្តងទៀតនៅពេលណាមួយ។
ប្អូនប្រុសបង្កើតរបស់លោក Leonrdo Vitorino គឺលោក Luis Fernando Vitorino គ្រូបង្វឹកអ្នកចាំទី បានសរសេរសារលើទំព័រហ្វេសប៊ុក បង្ហាញពីការចែកផ្លូវរវាងលោកជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៩។ តែយ៉ាងណា គេមិនទាន់ឃើញសាម៉ីក្លិបបង្ហាញពីការចាកចេញរបស់គ្រូបង្វឹករូបនេះជាផ្លូវការនៅឡើយទេ។
ជាមួយសារដែលគ្មានបង្ហាញមូលហេតុពីការចាកចេញ គ្រូបង្វឹករូបនេះ បានរៀបរាប់ដូច្នេះថា៖«ខ្ញុំនៅតែមិនបោះបង់ការតាំងចិត្តរបស់ខ្ញុំ នៅតែមានការជឿជាក់លើបាល់ទាត់នៅទីនេះ អ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺលទ្ធផលការងាររបស់ខ្ញុំមួយរយៈនេះ គឺខ្ញុំបានឃើញអ្នកចាំទី២រូប ដែលស្ថិតក្រោមការបង្ហាត់របស់ខ្ញុំ គឺពួកគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិ។ ខ្ញុំត្រូវបានចាកចេញពី PPC FC ពីព្រោះខ្ញុំគោរពតាមការសំរេចចិត្តរបស់ក្លិប»។
លោក Luis Fernando Vitorino បានចូលរួមជាមួយភ្នំពេញក្រោនកាលពីអំឡុងខែមេសា ឆ្នាំ២០១៨ ដោយធ្វើជាគ្រូបង្វឹកក្រុមយុវជន។ បន្ទាប់មក លោក ត្រូវបានក្លិបភ្នំពេញក្រោនតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមឈុតធំនៅឆ្នាំ២០១៩ ដែលមានលោក Leonardo Vitorino ដែលជាបងប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ប៉ុន្តែលោក Leonardo Vitorino ត្រូវបានក្លិបភ្នំពេញក្រោនបញ្ចប់កិច្ចសន្យាទាំងការប្រកួតជើងទី១មិនទាន់ចប់។
លោក Luis Fernando Vitorino ក៏ជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo Vitorino នៅឆ្នាំ២០១៧ ផងដែរ៕
លោក Luis Fernando Vitorino
Tag:
បាល់ទាត់
Luis Fernando Vitorino
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com