ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Bangkok Airways ទទួលបាន​កំណើន​អតិថិជន ទោះ​មានការ​ប្រកួតប្រជែង​តឹងតែង​នៅ​កម្ពុជា​
01, Aug 2019 , 11:41 am        
រូបភាព
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុន Bangkok Airways Public Company Limited
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុន Bangkok Airways Public Company Limited
​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែច្រើន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​។ Bangkok Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ដែល​បាន​មកដល់​កម្ពុជា​តាំងពីដើម​ទសវត្សរ៍​១៩៩០ បាន​កំពុង​ឈរជើង និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​ជាច្រើន​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​។ លោក ពុ​ទ្ធី​ពង្ស ប្រាសាទ​ទង់​-​អូ​សុទ្ធ (Puttipong Prasarttong-Osoth) ដែល​ប្រធាន​ក្រុមហ៊ុន​ក្រុមហ៊ុន​បាងកក​អ៊ែរ​វេ (Bangkok Airways Public Company Limited) បាន​យល់ព្រម​ផ្តល់​បទសម្ភាសន៍​តាម​អ៊ីមែល​ដល់​លោក លាង ដឺ​លុច អ្នកកាសែត​ជាន់ខ្ពស់​នៃ​សារព័ត៌មាន thmeythmey.com ដើម្បី​និយាយ​អំពី​បរិយាកាស​ទីផ្សារ​អាកាសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ទីផ្សារ​របស់​ក្រុមហ៊ុន​របស់លោក​ផង​។​

 
​សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ពុ​ទ្ធី​ពង្ស ប្រាសាទ​ទង់​-​អូ​សុទ្ធ ប្រធាន​ក្រុមហ៊ុន Bangkok Airways ខាងក្រោម​នេះ​៖
 
លោក លាង ដឺ​លុច​៖ តើ​លោក​អាច​រៀបរាប់​ប្រាប់​អ្នកអាន​របស់​យើង​បានទេ អំពី​ប្រវត្តិ​នៃ​ការកកើត​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរ​វេ (Bangkok Airways, PG) របស់លោក​?
 លោក Puttipong Prasarttong-Osoth៖ ក្រុមហ៊ុន​បាងកក​អ៊ែរ​វេ ត្រូវបាន​បង្កើតឡើង​ដោយ​លោក Prasert Prasarttong-Osoth ដែលជា​អ្នកបង្កើត​ជំនួញ​អាកាសចរណ៍​នៅក្នុង​ឆ្នាំ​១៩៦៨ ដែលជា​ផ្នែក​មួយ​នៅក្នុង​ក្រុមហ៊ុន​ក្រុង​ថេប​សហ​គោល (Krungthep Sahakol Company) ដែល​លោក​គឺជា​ម្ចាស់​។​ នៅក្នុង​ឆ្នាំ​១៩៨៤ លោក Prasert បាន​បង្កើត​ក្រុមហ៊ុន Sahakol Air ដើម្បី​គ្រប់គ្រង​ជំនួញ​អាកាសចរណ៍​របស់​ក្រុមហ៊ុន ក្រុង​ថេប សហ​គោល ដែល​បាន​ប្រតិបត្តិការ​ជំនួញ​នេះ​តាំងពី​ការចាប់ផ្តើម​មក​។ ឈ្មោះ Sahakol Air ក្រោយមក​ក៏ត្រូវ​បាន​ប្តូរ​ទៅជា Bangkok Airways​។​

នៅក្នុង​ឆ្នាំ​១៩៨៩ ក្រុមហ៊ុន​បាងកក​អ៊ែរ​វេ បាន​សាងសង់​ព្រលានយន្តហោះ​ដំបូង​នៅលើ​កោះ​សាមុយ ដែល​ក្រោយមក​ក៏ត្រូវ​បាន​ពង្រីក​ទៅជា​អាកាសយានដ្ឋាន​អន្តរជាតិ​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដដែល​នេះ គឺជា​ម្ចាស់​អាកាសយានដ្ឋាន​ចំនួន​៣​ដែល​រួម​មាននៅ​កោះ​សាមុយ សុខោទ័យ និង​ព្រលានយន្តហោះ​ត្រាត​។​
 
​លោក លាង ដឺ​លុច​៖ តើ​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរ​វេ​មាន​យន្តហោះ​ប៉ុន្មាន​គ្រឿង និង​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​ណាខ្លះ​?
 លោក Puttipong Prasarttong-Osoth៖ ពេលនេះ​យើង​មាន​យន្តហោះ​ចំនួន​៤០​គ្រឿង រួមមាន ATR72-500 ចំនួន​២​គ្រឿង ATR72-600 ចំនួន​១៣​គ្រឿង Airbus 319 ចំនួន​១៦​គ្រឿង និង​Airbus 320 ចំនួន​៩​គ្រឿង​។​
Bangkok Airways ធ្វើ​ប្រតិបត្តិការ​នៅតាម​បណ្តា​គោលដៅ និង​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ថៃ កម្ពុជា ចិន ក្រុង​ហុងកុង ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី ឡាវ មី​យ៉ាន់​ម៉ា វៀតណាម សិង្ហ​បុរី និង​ប្រទេស​ម៉ា​ល់​ឌី​វ​។ យើង​មាន​គម្រោង​ពង្រីក​បណ្តាញ​ហោះហើរ​របស់​យើង​បន្ថែមទៀត​នៅពេល​អនាគត ដើម្បី​សម្រួល​ដល់​អតិថិជនរ​បស់​យើង​។​


 
​លោក លាង ដឺ​លុច​៖ តើ​ក្រុមហ៊ុន Bangkok Airways របស់លោក​បានចាប់ផ្តើម​នៅ​កម្ពុជា​តាំងពី​ពេលណា​? ហេតុអ្វី​?
លោក Puttipong Prasarttong-Osoth៖ យើង​មាន​សេវា​តាម​តម្រូវការ​ជា Charter services រវាង​បាងកក និង​ភ្នំពេញ នៅ​ខែមីនា​ឆ្នាំ​១៩៩២​។ បន្ទាប់មក​យើង​មាន​កាលវិភាគ​នៃ​ជើងហោះហើរ​ជាក់លាក់​រវាង​បាងកក​-​ភ្នំពេញ ចាប់ពី​ខែកញ្ញា​ឆ្នាំ​១៩៩៧ និង​បាងកក​-​សៀមរាប​ចាប់ពី​ខែមករា​ឆ្នាំ​១៩៩៨​មក​។​

មូលហេតុ​ដែល​យើង​បង្កើត​គោលដៅ​ហោះហើរ​មក​កម្ពុជា ក៏​ព្រោះតែ​យើង​បាន​សម្លឹង​ឃើញ​សក្តានុពល​របស់​កម្ពុជា​ជា​គោលដៅ​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កម្ពុជា​សម្បូរ​ដោយ​វប្បធម៌ ទំនៀមទម្លាប់ និង​គោលដៅ​ទេសចរណ៍​ជាច្រើន​កន្លែង ក្នុងចំណោម​នោះ​គឺមាន រមណីយដ្ឋាន​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ អង្គរវត្ត​។ លើសពីនេះ​ទៀត កម្ពុជា​ក៏​ជា​គោលដៅ​ទាក់ទាញ​វិនិយោគ និង​ធុរកិច្ច​ផងដែរ​។ ដូច្នេះ កម្ពុជា​គឺជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ​ដែល​ស្រូបយក​អ្នកដំណើរ​មកពី​ពេញ​ពិភពលោក​។​

លោក លាង ដឺ​លុច​៖ តើ​ក្រុមហ៊ុន​របស់លោក​មាន​ជើងហោះហើរ​ចំនួន​ប៉ុន្មាន​ដង​នៅ​កម្ពុជា​? និង​បាន​បង្កើត ការងារ​ចំនួន​ប៉ុន្មាន​ដែរ​នៅ​កម្ពុជា​?
លោក Puttipong Prasarttong-Osoth៖ យើង​មាន​ជើងហោះហើរ​ចំនួន​៦​ដង​ជា​រៀងរាល់ថ្ងៃ​រវាង​ភ្នំពេញ និង​បាងកក និង​ជើងហោះហើរ​រៀងរាល់ថ្ងៃ​៥​ដង​រវាង​បាងកក​និង​សៀមរាប​។ យើង​មិនមាន​តួលេខ​ច្បាស់លាស់​នៃ​ចំនួន​ការងារ​ដែល​យើង​បាន​បង្កើត​នៅ​កម្ពុជា​នោះទេ​។ តែ​យើង​ពិតជា​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​លើ​ផ្នែក​ទីផ្សារ និង​ផ្នែក​លក់ ក៏ដូចជា​ផ្នែក​ប្រតិបត្តិការ ដូចជា​អ្នក​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន​របស់​យើង​។​
 
​លោក លាង ដឺ​លុច​៖ ដូច​លោក​បានឃើញ​ហើយ បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែច្រើន​នៅ​កម្ពុជា​។ តើ​អ្វី​ជាការ​វាយតម្លៃ​របស់លោក​ចំពោះ​ទីផ្សារ​អាកាសចរណ៍​នៅ​កម្ពុជា​?
​លោក Puttipong Prasarttong-Osoth៖ វា​ពិតជា​មានការ​ប្រកួតប្រជែង​មែន នៅពេល​ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ដែល​កំពុង​ប្រតិបត្តិ​ការហោះហើរ​ទៅ​មកពី​កម្ពុជា​។ ទោះ​យ៉ាងនេះ​ក្តី យើង​នៅតែ​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​ក្រោម​ពាក្យស្លោក «Asia’s boutique Airline»​។ តាមរយៈ​ពាក្យស្លោក​នេះ យើង​បាន​បង្កើត​សេវា​យ៉ាង​សម្បូរបែប ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​របស់​យើង​រីករាយ​ជាមួយនឹង​ការហោះហើរ​។ សេវា​ទាំងនោះ​មានដូចជា ទីកន្លែង​សម្រាក​រង់ចាំ​សម្រាប់​អតិថិជន ទាំងអស់​របស់​យើង ប្រភេទ Blue Ribbon  និង Boutique lounges, ទីតាំង​រង់ចាំ​ដែល ត្រូវបាន​តុបតែង យ៉ាង​ល្អ និង​សេវា​ម្ហូបអាហារ​ដ៏​ល្អ​នៅពេល​ហោះហើរ​ផងដែរ​។​

ជាងនេះទៅទៀត ការណ៍​ដែល​យើង​មាន​ជើងហោះហើរ​ដែល​ភ្ជាប់​ទៅ​ទីក្រុង​ទាំងពីរ គឺ​ភ្នំពេញ និង​សៀមរាប​នោះ វា​ក៏បានផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​យើង​ដែល​ត្រូវធ្វើ​ដំណើរ​បន្ត ទៅ គោលដៅ​នានា​ក្នុង​តំបន់​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ដែលជា​ដៃគូ​របស់​យើង​នៅ​ជុំវិញ ពិភពលោក ដែរ​។ យើង​ជឿជាក់ថា សេវា​ដែល​យើង​បាន​បង្កើតឡើង​ដូច​ការរៀបរាប់​ខាងលើនេះ បានអនុញ្ញាត​ឱ្យ យើង​អាច​នៅ​ឈរជើង​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាកាសចរណ៍​នេះ​បាន​។​



​លោក លាង ដឺ​លុច​៖ តាម​ការយល់ឃើញ​រប​ស់លោក តើ​ការប្រកួតប្រជែង​បែបនេះ​លំបាក​យ៉ាងណា​? តើ​Bangkok Airways នឹងមាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខ្លួន​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​របស់​អតិថិជន​?
លោក Puttipong Prasarttong-Osoth៖ វា​ពិតជា​លំបាក​សម្រាប់​យើង នៅក្នុង​ការប្រកួតប្រជែង​ដ៏​តឹងតែង ជាពិសេស​នៅពេលដែល​អតិថិជន​មាន​ជម្រើស​កាន់តែច្រើន​។ យើង​ទទួលស្គាល់ថា គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​តែងមាន​ផលិតផល និង​សេវា​ពិសេស​របស់​ពួកគេ​រៀងៗ​ខ្លួន​។ ទោះ​យ៉ាងនេះ​ក្តី Bangkok Airways បានធ្វើ​ការងារ​យ៉ាង​ប្រាកដប្រជា​ដើម្បី​ផ្តល់​សេវា​ដ៏​ល្អ​បំផុត​ដល់​អតិថិជនរ​បស់​យើង​ទាំងអស់ ដោយ​រាប់​ចាប់តាំងពី​ដំណាក់កាល​នៃ​ការ កក់​សំបុត្រ​យន្តហោះ ការចុះឈ្មោះ (Check in) ការរង់ចាំ និង​រហូតដល់​សេវា​នៅក្នុង​យន្តហោះ​។​
​យើង​ក៏​សន្យា​បន្ត​ផ្តល់ជូន​សេវា​ដែលមាន​ស្តង់ដារ​ខ្ពស់​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដើម្បីឱ្យ​អតិថិជន​របស់​ទទួល​បាន​ភាព​រីករាយ គ្រប់​ពេលដែល​ពួកគេ​ប្រើប្រាស់​សេវា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង​។​

​លោក លាង ដឺ​លុច​៖ តើ​លោក​អាច​បង្ហាញ​តួលេខ​អតិថិជន​ដែល​បាងកក​អ៊ែ​រវេ​របស់លោក ទទួលបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​?
លោក Puttipong Prasarttong-Osoth៖ យើង​ទទួលបាន​កំណើន​នៃ​ចំនួន​អតិថិជន​របស់​យើង​ដែល​ធ្វើដំណើរ​ចេញចូល​កម្ពុជា​តាមរយៈ​យន្តហោះ​របស់​យើង​។ ឆ្នាំ​២០១៤ យើង​ទទួលបាន ៤៧១ ០០០ នាក់​។ ឆ្នាំ ២០១៥ យើង​ទទួលបាន ៥៤០ ០០០ នាក់​។ ឆ្នាំ ២០១៦ យើង​ទទួលបាន ៥៩៤ ០០០​នាក់​។ ឆ្នាំ ២០១៧ យើង​ទទួលបាន ៥៩៥ ០០០​នាក់ និង​ឆ្នាំ​២០១៨ យើង​ទទួលបាន​រហូតដល់ ៦១៥ ០០០​នាក់​។​
 
​លោក លាង ដឺ​លុច​៖ លោក Puttipong Prasarttong-Osoth តើ​លោក​មាន​គម្រោង​បង្កើន​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុងពេល​អនាគត​ឬទេ​?
លោក Puttipong Prasarttong-Osoth៖ យើង​កំពុង​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ និង​ពិចារណា​លើ​គោលដៅ​ថ្មី​ដែរ​។​
 
​លោក លាង ដឺ​លុច​៖ បើតាម​ការវាយតម្លៃរ​ប​ស់លោក តើ​អនាគត​នៃ​ទីផ្សារ​អាកាសចរណ៍​រប​ស់​កម្ពុជា​នៅ​វិ​វត្ត​ទៅ​យ៉ាងណាដែរ​?
 ​លោក Puttipong Prasarttong-Osoth៖ កម្ពុជា​កំពុងមាន​កំណើនសេដ្ឋកិច្ច​កើនឡើង ហើយ​ឧ​ស្សហកម្ម​ទេសចរណ៍​ក៏​រីកចម្រើន​ដែរ​។ ពីរ​ចំណុច​នេះ​នឹង​ពិតជា​ជះឥទ្ធិពល​ដល់ទី​ផ្សា​រអា​ការ​ចរណ៍​នៅ​កម្ពុជា​។ យើង​ជឿជាក់ថា ទីផ្សារ​នេះ​នឹង​បន្ត​រីកលូតលាស់​ជា​បន្តបន្ទាប់ ដោយសារតែ​កំណើន​ខ្ពស់​នៃ​ការធ្វើដំណើរ​បែប​ទេសចរណ៍​ផង និង​វិនិយោគ​ផង​ពី​ពិភពលោក​មកកាន់​កម្ពុ​ជា​៕



Tag:
 អាកាសចរណ៍ Bangkok airways
  Check-in
  Phnom Penh
  Bangkok
© រក្សាសិទ្ធិដោយ thmeythmey.com