ជាតិ
លោក ថោង ខុន ដាក់​យុទ្ធសាស្ត្រ​ថ្មី ក្រោយ​ទេសចរ​នៅ​សៀមរាប ធ្លាក់ចុះ​
02, Aug 2019 , 7:59 am        
រូបភាព
​ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​នានា កាលពី​ថ្ងៃទី​៣១ ខែកក្កដា បាន​ជួបប្រជុំគ្នា​ដើម្បី​ជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ និង​តំបន់​ជុំវិញ ឡើងវិញ ក្រោយ​ចំនួន​ភ្ញៀវទេសចរ​ដែល​ទៅលេង​ខេត្តសៀមរាប​បាន​ថយចុះ ៨,២៩ ភាគរយ​។ កិច្ចប្រជុំ​រក​ដំណោះស្រាយ​ខាងលើ​មានការ​ចូលរួម​ពី អាជ្ញាធរ​ជាតិ​អប្សរា​, គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor), អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា​។

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រៀបចំ​ការងារ​មួយចំនួន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ហើយ​ក្រសួង​ក៏បាន​ដាក់ចេញ​ផែនការ​រួមមាន ទី​១, ការជំរុញ​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ទូទាំង​ខេត្ត និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​។ ទី​២, ការអភិវឌ្ឍ និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​។ និង​ចុងក្រោយ​គេ ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។ 
 
​លោក​បាន​និយាយថា​៖ «​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សាគ្នា ប៉ុន្តែ​បញ្ហាសំខាន់​មុនគេ គឺ​សៀមរាប​ត្រូវការ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​»​។ 
 
​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ដែល​ទៅ​ខេត្តសៀមរាប​មាន​ប្រមាណ ១.២៤​លាន​នាក់ ដែល​ថយចុះ ៨,២៩ ភាគរយ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៩​នេះ​។ 
 
​លោក ថោង ខុន បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​បណ្ដាលមកពី ក្រុមហ៊ុន​ទេសចរណ៍​ដែល​លក់​កញ្ចប់ Zero Cost Tour គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុងតម្លៃ​ទាប​ឬ​មិន​ចំណេញ​តែម្ដង តែ​ពួកគេ​រកស៊ី​នៅតាម​ហាង​វត្ថុ​អនុស្សាវរីយ៍ អាហា​រដ្ឋា​ន ឬ​សណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​លែង​ចង់​មក​ម្តងទៀត​។ 
 
​លោក​បន្ថែមថា ការប្ដូរ​ទិសដៅ​របស់​ទេសចរ​ជន​ជាតិ​កូរ៉េ​ផងដែរ​ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។ ព្រោះ​ភ្ញៀវទេសចរ​កូរ៉េ​ដែល​ធ្លាប់​ឈរ​នៅ​កំពូល​នៃ​ចំនួន​ទេសចរ​មក​កម្សាន្ត​កម្ពុជា បាន​ប្ដូរ​ទៅ​ប្រទេស​វៀតណាម​វិញ ដ្បិត​ប្រទេស​នេះ​មាន​គោលនយោបាយ​ទេសចរណ៍​ថ្មី​។​
 
​លោក​សាស្ត្រាចារ្យ Azédine BESCHAOUCH លេខាធិការ​អចិន្ត្រៃយ៍​នៃ ICC-Angkor បានស្នើ​ឱ្យមាន​ការរៀប​ចំ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​មាន​ជាអាទិ៍ បញ្ជរ​គ្រប់គ្រង​ភ្ញៀវ​មុន​ចូល​ទស្សនា​ប្រាសាទ​, ការបែងចែក​ខ្សែ​ទស្សនកិច្ច​, ចំណត​នៅមុខ​ប្រាសាទអង្គរវត្ត​, បណ្ដាញ​គមនាគមន៍​នៅ​ប្រាសាទ​បា​យ័ន្ត លានជល់ដំរី ប្រាសាទព្រះពិធូ និង​នៅ​តំបន់ភ្នំ​គូលែន ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត Wifi ការរៀបចំ​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ស្នើ​ឱ្យមាន​កិច្ចប្រជុំ​ជំរុញ​សកម្មភាព​ទេសចរណ៍​នេះ​ជាប្រចាំ ៣​ខែ ឬ​៦​ខែម្តង រវាង​អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀម​រាម ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ ក្រសួងបរិស្ថាន និង​ក្រសួង​សំខាន់ៗ​មួយចំនួនទៀត ដោយមាន​ការចូលរួម​ជា​ចាំបាច់​របស់​អង្គការ UNESCO និង​អ្នកជំនាញការ ICC-Angkor ផងដែរ​៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com