ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ក្អក​ស្ងួត​” មែន​ទេ​? ងាយ​ព្យាបាល​ណាស់​! កុំ​រំលង​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​
02, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ក្អក​ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ​និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។  ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅមាន​ឱសថ​បែប​ធម្មជាតិ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក​និង​បំបាត់​អាកា​រៈរ​មាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឱសថ​ធម្មជាតិ​ងាយស្រួល​ផ្សំ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​បាន​ឆាប់រហ័ស ប្រសើរ​ជាង​ការប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖
 
១. ទឹកដោះគោ​លាយ​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ជាមួយ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។​កូរ​ឲ្យ​សព្វ សឹម​ទទួលទាន​ជាការ​ស្រេច​។​
 
២. តែ​ខ្ញី​
 
​តែ​ខ្ញី​អាចជួយ​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​តាមរយៈ​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​វា​មាន​ផ្ទុក​។ ខ្ញី​ក៏មាន​ឥទ្ធិពល​កាត់បន្ថយ​ការឈឺចាប់​និង​ចង្អោរ​ចង់​ក្អួត​ផងដែរ​។ លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​នៃ​ខ្ញី​អាចជួយ​ធ្វើឱ្យ​ផ្លូវដង្ហើម​មាន​ភាព​ធូរស្រាល​ដែល​បំបាត់​ការ​ក្អក​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្ញី​ក្ដៅ​ឧណ្ហៗ ១ ពែង​ហើយ​ទទួលទាន​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ និង​អុកស៊ីតកម្ម​ដែល​ជួយ​បំបាត់​បញ្ហា​ក្អក​គួរ​ឲ្យ​កត់សម្គាល់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង កូរ​ឲ្យ​សព្វ សឹម​ទទួលទាន​ជាការ​ស្រេច​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​បំបាត់​ការ​រមាស់ និង​ភាព​ស្ងួត​ក្នុង​បំពង់ក​ផងដែរ​។​

៤. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​
 
​រូបមន្ត​ធម្មជាតិ​ងាយៗ​មួយទៀត​ដើម្បី​ទប់ទល់​ជាមួយ​អាកា​រៈ​ក្អក គឺ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។ ទឹកអំបិល​ជួយ​កាត់បន្ថយ​ការ​រលាក​និង​ហើម​ក្នុង​បំពង់ក ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ធូរស្បើយ​ពី​អាកា​រៈ​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​

៥. ទឹកឃ្មុំ​លាយ​ម្រេចខ្មៅ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ម្រេចខ្មៅ​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ កែវ​។ កូរ​ឲ្យ​សព្វ សឹម​ទទួលទាន​យឺត​នៅពេល​ក្ដៅ​ឧណ្ហៗ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com