ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“ក្អកស្ងួត” មែនទេ? ងាយព្យាបាលណាស់! កុំរំលងរូបមន្តបែបធម្មជាតិទាំងនេះ
× អាការៈក្អកជាបញ្ហាគួរឱ្យរំខានមួយនិងមិនងាយបាត់ទៅវិញដោយឯកឯងលឿនប៉ុន្មានឡើយ។ ក្រៅពីថ្នាំពេទ្យក៏នៅមានឱសថបែបធម្មជាតិមួយចំនួនអាចជួយព្យាបាលអាការៈក្អកនិងបំបាត់អាការៈរមាស់ក្នុងបំពង់បានយ៉ាងប្រសើរផងដែរ។ ថាតើឱសថធម្មជាតិទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីឱសថធម្មជាតិងាយស្រួលផ្សំ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលអាការៈក្អកស្ងួតបានឆាប់រហ័ស ប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ៖
១. ទឹកដោះគោលាយទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាមួយទឹកដោះគោក្ដៅឧណ្ហៗមួយកែវ។កូរឲ្យសព្វ សឹមទទួលទានជាការស្រេច។
២. តែខ្ញី
តែខ្ញីអាចជួយបំបាត់អាការៈក្អកស្ងួតបានយ៉ាងប្រសើរតាមរយៈសារធាតុប្រឆាំងការរលាកដែលវាមានផ្ទុក។ ខ្ញីក៏មានឥទ្ធិពលកាត់បន្ថយការឈឺចាប់និងចង្អោរចង់ក្អួតផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃខ្ញីអាចជួយធ្វើឱ្យផ្លូវដង្ហើមមានភាពធូរស្រាលដែលបំបាត់ការក្អកឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញីក្ដៅឧណ្ហៗ ១ ពែងហើយទទួលទាន។
៣. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម មានផ្ទុកសារធាតុប្រឆាំងមេរោគ និងអុកស៊ីតកម្មដែលជួយបំបាត់បញ្ហាក្អកគួរឲ្យកត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង កូរឲ្យសព្វ សឹមទទួលទានជាការស្រេច។ ភេសជ្ជៈនេះក៏ជួយបំបាត់ការរមាស់ និងភាពស្ងួតក្នុងបំពង់កផងដែរ។
៤. ខ្ពុរមាត់ជាមួយទឹកអំបិល
រូបមន្តធម្មជាតិងាយៗមួយទៀតដើម្បីទប់ទល់ជាមួយអាការៈក្អក គឺការខ្ពុរមាត់ជាមួយទឹកអំបិល។ ទឹកអំបិលជួយកាត់បន្ថយការរលាកនិងហើមក្នុងបំពង់ក ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្បើយពីអាការៈឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៥. ទឹកឃ្មុំលាយម្រេចខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងម្រេចខ្មៅម៉ដ្ឋ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ កែវ។ កូរឲ្យសព្វ សឹមទទួលទានយឺតនៅពេលក្ដៅឧណ្ហៗ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com