ជាតិ
ឌឺដងនឹង​ការចាប់ខ្លួន​! លោក សម រង្ស៊ី បង្ហាញ​ពានរង្វាន់​ចំនួន​៤ ក្រោយ​ហ៊ុមព័ទ្ធ​ដោយ​សាលក្រម​តុលាការ​
02, Aug 2019 , 3:00 pm        
រូបភាព
​ភ្នំពេញ​៖ សាលក្រម​តុលាការ និង​ការប្រកាស​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច បានក្លាយ​ជា​រឿង​សាមញ្ញ​ទៅហើយ សម្រាប់​លោក សម រង្ស៊ី ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ដោយសារ​ហ៊ុមព័ទ្ធ​ទៅដោយ​បណ្ដឹង​។ មិនតែប៉ុណ្ណោះ​លោក សម រង្ស៊ី ក៏បាន​ចំអក​វិញ​ថា ការប្រកាស​ចាប់ខ្លួន​លោក តាមរយៈ​សាលក្រម​តុលាការ​នេះ វា​ជួយ​ឲ្យ​លោក​ទទួលបាន​ពានរង្វាន់​ប្រជាធិបតេយ្យ​កាន់តែច្រើន​ទៀតផង​។​

 
​ឆ្លើយតប​នឹង​ការ​តាម​ចាប់ខ្លួន​នេះ លោក សម រង្ស៊ី បាន​បង្ហោះ​រូប​ពានរង្វាន់​ចំនួន​៤ ដែល​លោក​ទទួលបាន​ពី​សហគម​អន្តរជាតិ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ ពានរង្វាន់​ទាំងនោះ​រួមមាន ពានរង្វាន់​ប្រជាធិបតេយ្យ​ពី​អង្គការ​ពិភពលោក​គ្មាន​អំពើ​ប្រល័យពូជសាសន៍ (World Without Genocide) របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៨ មិថុនា​។ ពានរង្វាន់ ជើងឯក​ប្រជាធិបតេយ្យ និង​ជា​បិតា​សហជីព​សេរី​របស់​កម្មករ​នៅ​កម្ពុជា ដែល​ទទួលស្គាល់​ពី​ព្រឹទ្ធសភា​រដ្ឋ California កាល​ខែឧសភា​។ ពានរង្វាន់​ជើងឯក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​អង្គការ​សង្គម​ស៊ីវិល​កូរ៉េ ឈ្មោះ​អង្គការ​វេទិកា​សិទ្ធិមនុស្ស និង​សន្តិភាព​អាស៊ី (The Asia Human Rights and Peace Forum) កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ក្វាង​ជូ ប្រទេស​កូរ៉េខាងត្បូង រួមទាំង​ពានរង្វាន់​សេរីភាព ដែល​លោក​ទទួលបាន​ពី​អង្គការ​សេរីនិយម​អន្តរជាតិ កាល​ឆ្នាំ​២០០៦​។​


 
​តាមរយៈ​ការទទួល​ពានរង្វាន់​ទាំងនេះ ទើប​លោក សម រង្ស៊ី បាន​ប្រើប្រាស់​សម្តី​បែប​ផ្លែផ្កា​វិញ​ថា នៅពេលដែល​តុលាការ​ចេញ​សាលក្រម​ដាក់ទោស​ខ្លួន​កាន់តែខ្លាំង លោក​កាន់តែ​ទទួលបាន​ពានរង្វាន់​កាន់តែច្រើន​។ មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលចិត្ត​ប្រើប្រាស់​ពាក្យសម្តី​រិះគន់​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ពួក​ជន​ផ្តាច់ការ តាម​រករឿង​ខ្ញុំ​កាន់តែខ្លាំង​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ទទួលបាន​ពានរង្វាន់ ជា​ជើងឯក​សេរីភាព​និង​ប្រជាធិបតេយ្យ​កាន់តែច្រើន ពី​ទូទាំង​ពិភពលោក ដែល​គេ​ទទួលស្គាល់​តម្លៃពិត​ប្រាកដ និង​វីរភាព​របស់ខ្ញុំ​»​។​
 
​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​កំពុង​និរទេស​ក្រៅប្រទេស បាន​រង​បណ្តឹង​ពីស​ម្ដេច ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល មិនតិចជាង​១០​នោះទេ ដោយ​ក្នុងនោះ បណ្តឹង​៨ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ បណ្ដឹង​ទាំង​៨ ដែល​តុលាការ​កាត់ទោស​រួចហើយ​នោះ តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់គុក​ប្រមាណ​១៣​ឆ្នាំ និង​បង់ប្រាក់​ជាង​១​លាន​ដុល្លារ​៕
 
 






Tag:
 សម រង្ស៊ី​
  តុលាការ​
  ច្បាប់​
  ពានរង្វាន់​
© រក្សាសិទ្ធិដោយ thmeythmey.com