កីឡាជាតិ
ជាតិ
​កីឡាការិនី កែ ឡេង បារម្ភ​បញ្ហា​ភ្នែក ពេល​ប្រកួត​ការពារ​ជើងឯក​ពិភពលោក​
02, Aug 2019 , 7:19 pm        
រូបភាព
ដោយ:
​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​យុវជន និង​ស្ត្រី​ពិភពលោក 17th Juniors & Women Petanque World Championship នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ វីរ​កីឡាការិនី កែ ឡេង ស្ថិត​ក្នុងចំណោម​កីឡាការិនី​កម្ពុជា​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​មកពី​ជាង​៦០​ប្រទេស ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​។ ម្ចាស់​មេដាយមាស​ពិភពលោក​បី​ជំនាន់​រូបនេះ មិន​រំពឹងថា អាច​ការពារ​តំណែង​ជើងឯក​ពិភពលោក​បាន​នោះទេ​។

 
 
​បញ្ហា​សុខភាព និង​ភ្នែក​បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់ សម្រាប់​ការ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​កីឡាការិនី​រូបនេះ បាត់បង់​ទំនុកចិត្ត​ក្នុង​ការពារ​តំណែង​ខ្លួន​ផងដែរ​។  
 
«​យើង​ជា​ម្ចាស់​ពាន ទោះបី​មានការ​លំបាក​យ៉ាងណា ក៏​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ហើយ​ខ្ញុំ​ក៏​មិនទាន់​គិតថា ខ្ញុំ​អាច​រក្សា​តំណែង​បាន​១០០​ភាគរយ​ដែរ​។ ហេតុអ្វី​ខ្ញុំ​មិន​ច្បាស់​ខ្លួនឯង​ក្នុងការ​រក្សា​តំណែង ជាធម្មតា​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​វ័យ​យើង​កាន់តែ​ចាស់ ហើយ​អ្វីដែល​លំបាក​បំផុត​សម្រាប់​ខ្ញុំ​សព្វថ្ងៃ គឺ​បញ្ហា​សុខភាព និង​ភ្នែក ព្រោះ​មានពេលខ្លះ​ភ្នែក​ខ្ញុំ​ស្រវាំង​ម្តងម្កាល​»​។ វីរ​កីឡាការិនី កែ ឡេង លើកឡើង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពីពេល​កន្លងទៅ​។ 
 
​តែ​យ៉ាងណា​កីឡាការិនី ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​ឆ្នាំ​១៩៩៧​រូបនេះ បាន​អះអាងថា សមត្ថភាព​របស់​អ្នកស្រី​ហាក់​ពុំមាន​ការប្រែប្រួល​នោះឡើយ បើ​ធៀប​នឹង​ការចូលរួម​ប្រកួត​កន្លងមក​។ អ្នកស្រី​អះអាង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​សុខភាព និង​សមត្ថភាព ដែល​ខ្ញុំ​ខំប្រឹង​ហ្វឹកហាត់​រាល់ថ្ងៃ គឺ​ខ្ញុំ​យល់​ខ្លួនឯង​ថា ខ្ញុំ​នៅ​ពេញ​ដូចដើម​»​។ 
 
​សម្រាប់​ការប្រកួត 17th Juniors & Women Petanque World Championship ម្ចាស់​មេដាយមាស​ពិភពលោក​៣​លើក​ជាប់​គ្នា​(២០១៣, ២០១៥, ២០១៧)​រូបនេះ នឹង​លេង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​(Shooting)​និង​៣​នាក់​ទល់​៣​នាក់​។ ក្នុងចំណោម​វិញ្ញាសា​ទាំងពីរ​អ្នកស្រី កែ ឡេង រំពឹង​ស្មើៗ​គ្នា ប៉ុន្តែ​មេដាយមាស​៣​លើក​កន្លងមក អ្នកស្រី ឈ្នះ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។ 
 
​បច្ចុប្បន្ន​វីរ​កីឡាការិនី កែ ឡេង រួមជាមួយ​កីឡា​ការី​នី​និង​យុវជន​ដទៃទៀត កំពុង​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព សម្រាប់​ត្រៀម​ការប្រកួត​ដ៏​ធំ​លំដាប់​ពិភពលោក​មួយ​នេះ​។ សម្រាប់​អ្នកស្រី កែ ឡេង កីឡាករ​កីឡាការិនី​ដែល​ចូលរួម​ការប្រកួត​នេះ គឺមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ពុំមាន​ប្រទេស​ណា​ខ្សោយ​ជាង​ប្រទេស​ណា​នោះទេ​៕       



Tag:
 ​ប៉េតង់​
  កែ ឡេង​
  Patanque World Junior & Women Championship
© រក្សាសិទ្ធិដោយ thmeythmey.com