ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ចង់​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​? មេដឹកនាំ EU ឆ្លើយថា «​អត់​ទេ​» តែ «​ត្រូវគោរព​លក្ខខណ្ឌ​»
02, Aug 2019 , 8:59 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Federica  Mogherini ក្នុងទីក្រុងបាងកក (រូបពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន)
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Federica Mogherini ក្នុងទីក្រុងបាងកក (រូបពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន)
ដោយ: ថ្មីៗ
«​យើង មិន​ដែលមាន​គម្រោង​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​លើ​កម្ពុជា​នោះទេ​»​។ នេះ​គឺជា​ចម្លើយ​របស់​អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស​និង​គោលនយោបាយ​សន្តិសុខ ទៅកាន់​សារព័ត៌មាន Nikkei Asian Review ដែល​សួរថា «​តើ​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ពី​ការអនុវត្ត​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​លើ​កម្ពុជា​?»​។​


 
​សារព័ត៌មាន Nikkei Asian Review បាន​សម្ភាស​អ្នកស្រី Federica ពេល​អ្នកស្រី ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥២ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ថៃ ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។ ទោះជា​អ្នកស្រី ផ្តល់​ចម្លើយ​ថា​សហភាព​អឺរ៉ុប​គ្មាន​បំណង​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ក្តី តែ​អ្នកស្រី សង្កត់ធ្ងន់ថា កម្ពុជា​និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ាន ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  «​ត្រូវគោរព​លក្ខខណ្ឌ​» ដូចជា គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស រួមទាំង​សិទ្ធិ​ការងារ​ផងដែរ​។ 
 
​អ្នកស្រី Federica បន្តថា អត្ថប្រយោជន៍​របស់ EBA ដែល​ផ្តល់​ឲ្យ​កម្ពុជា មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះទេ​។ ទន្ទឹមនឹង​ការប្រើ​ភាសា​វិជ្ជមាន​បែបនេះ អ្នកស្រី ក៏​បន្ថែមថា ផ្ទុយទៅវិញ អ្វីដែល​ផ្លាស់ប្តូរ​នោះ គឺ​ស្ថានភាព​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា «​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​» ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។ 
 
​មេដឹកនាំ​សហភាព​អឺរ៉ុប​រូបនេះ លើកឡើង​ទៀតថា កម្ពុជា នៅ​អាច​កែប្រែបាន​។ អ្នកស្រី មានប្រសាសន៍ថា សហភាព​អឺរ៉ុប បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​កម្ពុជា ដើម្បី​ឈានទៅរក​ចំណុច​វិជ្ជមាន​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​កម្ពុជា នៅមាន​ពេល​ច្រើន ក្នុង​ការបើក​លំហ​នយោបាយ និង អនុញ្ញាត​ឲ្យ​មាន​គណបក្សប្រឆាំង​ឡើងវិញ​»​។​
 
​អ្នកស្រី អះអាងថា អ្នកស្រី នឹង​លើកឡើង​ពីសារ​ដែល​ផ្តល់​ក្នុង​កិច្ច​សម្ភាស​នេះ នៅ​ចំពោះមុខ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​។ ជំនួប​ទ្វេភាគី​រវាង​អ្នកស្រី និង លោក ប្រាក់ សុខុន បានកើត​ឡើង​ហើយ​។ 
 
​ព័ត៌មាន​អំពី​ជំនួប​នេះ មិនទាន់​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ផ្សព្វផ្សាយ​នៅឡើយ​ទេ​។ ប៉ុន្តែ គេហទំព័រ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បាន​ផ្សាយ​ពីស​ម្តី​របស់​អ្នកស្រី Federica ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កម្ពុជា ត្រូវបានទាមទារ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង សិទ្ធិ​ការងារ ដែលជា​សិទ្ធិ​ស្នូល​។ គណៈកម្មការ​អឺរ៉ុប បាន​សរសេរ​ក្នុង​គេហទំព័រ​របស់ខ្លួន​ថា​៖«​អ្នកស្រី បានបញ្ជាក់​ជាថ្មី ពី​ភាពចាំបាច់​នៃ​ការកែលម្អ​ជាក់ស្តែង​និង​គួរ​ឲ្យ​ទុកចិត្តបាន ទៅលើ​បញ្ហា ដែល​កំពុង​ព្រួយបារម្ភ​»៕ 
 

Tag:
 កម្ពុជា​
  EU
  EBA
  Federica
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com