ពីនេះ ពីនោះ
«​ផ្តិល​»​សរសេរ​ជា​ជើង​«​ត​» មានន័យ​ខុសពី​«​ផ្តិល​»​សរសេរ​ជា​ជើង​«​ដ​»
15, Apr 2021 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​ខ្មែរ មាន​លក្ខណៈពិសេស​ត្រង់​ថា​មាន​ជើងព្យញ្ជនៈ​ពីរ​សរសេរ​ដូចគ្នា គឺ​ជើងព្យញ្ជនៈ​«​ត​»​និង​«​ដ​»​។ ជើង​ព្យព្ជានៈ​ទាំងពីរ​នេះ​អាច​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​នឹង​ច្រឡំ​គ្នា​មែនទែន ប្រសិនបើ​មិនបាន​ត្រួតពិនិត្យ​ជាមុន​នោះ​។


 
​សូម​លើក​ឧទាហរណ៍​ជាក់ស្តែង ដូចជា​ពាក្យ​«​ផ្តិល​»​សរសេរ​ជា​ជើង​«​ត​» បង្ហាញថា​វា​ជា​នាមសព្ទ តែ​«​ផ្ដិល​»​សរសេរ​ជា​ជើង​«​ដ​»​បង្ហាញថា​វា​ជា​កិរិយាសព្ទ​។ ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា មួយ​«​ផ្តិល​»​សរសេរ​ជា​ជើង​«​ត​» មានន័យថា ភាជនៈ​ពួក​មួយ មាន​គម្រប មាន​ជើង ឬ​ឥត​គម្រប​ឥត​ជើង ធ្វើ​ដោយ​លោហជាតិ​ផ្សេងៗ មាន​ស្ពាន់ និង​លង់ហិន​ជាដើម ឬ​អំពី​ប្រា​ក់មាស សម្រាប់​ដងទឹក ឬ​ដាក់​ទឹក​ប្រើប្រាស់​។ ជាទូទៅ​អ្នក​ខេត្តកំពត​ភាគច្រើន​មិន​ហៅថា​«​ផ្តិល​»​ទេ តែ​ពួកគេ​និយាយថា​«​បោយ​ទឹក​»​វិញ​។ 
 
​ចំណែក​ពាក្យ​«​ផ្ដិល​»​សរសេរ​ជា​ជើង​«​ដ​» វិញ​មានន័យថា ធ្វើ​ឲ្យ​ដាច់​,​ឲ្យ​កំបុត​,​ឲ្យ​ផុត លែងមាន​តទៅទៀត​។ ឧទាហរណ៍​៖ ផ្ដិល​កំបុត​ពូជ​។​
 
​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ប្រើ​ដោយ​ជើង «​ត​» មានដូចជា​៖ កន្តើយ​,​មន្ត្រី​,​កិត្តិយស​,​កិត្តិនាម​,​មិត្ត​,​លក្ខន្តិក​, ខន្តី​,​ប្រតិបត្តិ​, បញ្ញត្តិ​, ភស្តុតាង​, ផ្តិតផ្តូង​, ផ្តិល​, ផ្តឹ​កៗ​, កន្ត្រោង​,​កន្ត្រៃ​។​ល​។​
 
​ចំពោះ​ពាក្យ​ដែល​ប្រើ​ជើង «​ដ​» មានដូចជា​៖ ក្ដាន់​,​ក្ដាប់​,​ក្តាម​,​ក្ដារខៀន​, ក្ដី​, ក្តាំង​,​ក្ដៅ​,​ក្ដិច​,​ក្ដឹប​,​ក្ដុងក្ដាំង​, ក្ដុល​, ក្ដឿង​, ក្ដួល​,​ក្ដែ​ងៗ​, ភក្ដី​,​សម្ដែង​,​សម្ដី​, ផ្តេសផ្ដាស​,​សណ្ដាប់​,​ស្ដាយ​,​ស្ដាំ​,​ស្ដុកស្តម្ភ​,​ទ្រឹស្ដី​,​សួស្ដី​,​ស្ដោះ​,​ប្ដី​,​ប្ដឹង​,​ប្ដូរ​,​ប្ដេជ្ញា​,​ផ្ដិត​។​ល​៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com