ក្រោយពានរង្វាន់សម្តេច ហ៊ុន សែន បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្លិបបឹងកេតមិនដែលឈ្នះជើងឯកនោះទេ ពោលគឺពួកគេបានត្រឹមចំណាត់លេខ៣ និងលេខ៤តែប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៩ នេះ បឹងកេតហាក់មានក្តីរំពឹងខ្ពស់ក្នុងការប្រជែងដណ្តើមជើងឯក។ អ្វីដែលធ្វើឲ្យពួកគេរំពឹងបែបនេះ គឺសំអាងលើភាពចាស់ទុំផ្នែកបទពិសោធលើទីលានប្រកួតរបស់កីឡាករយុវជន និងវត្តមានចូលរួមរបស់ ចាន់ វឌ្ឍនាកា។ បឹងកេតត្រូវប្រជែងជាមួយក្រុមសូលទីឡូអង្គរ នៅវគ្គ៨ក្រុមចុងក្រោយ។
ភាពចាស់ទុំផ្នែកទំនុកចិត្ត និងបទពិសោធប្រកួតលើទីលានរបស់កីឡាករធ្វើឲ្យក្លិបបឹងកេតជឿជាក់ថា ពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងជាមួយបណ្តាក្លិបនានា ដើម្បីដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ដែលពួកគេមិនធ្លាប់ស្គាល់រស់ជាតិលើកពានសូម្បីមួយលើក។ វត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកបឹងកេតលោក ហៅ សុជាតិ រំពឹងថា នឹងធ្វើឲ្យតំបន់ប្រយុទ្ធកាន់តែមានគុណភាពខ្ពស់។
លោក ហៅ សុជាតិ ពេលចូលរួមចាប់ឆ្នោតការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ
លោក ហៅ សុជាតិ បង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«ខ្ញុំគិតថា កីឡាករបឹងកេតអាចមានឱកាសច្រើនក្នុងការប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំនេះ ដោយសារកីឡាករយុវជនយើងកន្លងមក គាត់ចាប់ផ្តើមមានទំនុកចិត្ត និងបទពិសោធ ហើយមកទល់ពេលយើងឃើញកម្រិតនៃការលេងរបស់គាត់មានការរីកចម្រើនច្រើន។ ម្យ៉ាងការចូលរួមរបស់ វឌ្ឍនាកា ខ្ញុំគិតថា ធ្វើឲ្យតំបន់ប្រយុទ្ធរបស់យើងមានលទ្ធភាពប្រយុទ្ធកាន់តែខ្ពស់»។
សម្រាប់ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បឹងកេតត្រូវប្រជែងជាមួយសូលទីឡូអង្គរ បន្ទាប់ពីពួកគេទម្លាក់សៀមរាបក្នុងលទ្ធផលទាំងពីរជើង ៩-០ ខណៈសូលទីឡូអង្គរទម្លាក់រតនគិរី ២៥-៦។ ការប្រកួតជើងទី១ធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែសីហា និងជើងទី២នៅថ្ងៃទី២១-២២ សីហា។
ទោះបីសូលទីឡូអង្គរជាសមាជិកថ្មី និងទើបឡើងដល់វគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង តែលោក ហៅ សុជាតិ ជឿជាក់ថា កីឡាករពួកគេអាចមានទំនុកចិត្ត និងឆន្ទៈខ្លាំងក្នុងការប្រកួត ដែលអាចនាំការលំបាកដល់ក្រុមលោក។ តែយ៉ាងណា លោក ហៅ សុជាតិ ប្តេជ្ញាខិតខំរៀបចំក្រុមឲ្យបានល្អ ដោយមិនខ្វល់ពីសមត្ថភាពរបស់គូប្រកួត។
លោក ហៅ សុជាតិ បានបង្ហាញក្តីកង្វល់យ៉ាងដូច្នេះថា៖«សូលទីឡូអង្គរមានយុវជនច្រើន ហើយដោយសារគាត់ទើបឡើងដល់វគ្គនេះជាលើកដំបូង កីឡាករគាត់ភាគច្រើនមានទំនុកចិត្ត និងឆន្ទៈខ្ពស់ក្នុងការប្រជែង ដូច្នេះខ្ញុំគិតថា សូលទីឡូអង្គរមិនមែនជាក្រុមងាយស្រួលសម្រាប់យើងយកជ័យជម្នះ»។
តាំងពីពានរង្វាន់នេះបានបង្កើតឡើងនៅឆ្នាំ២០០៧ បឹងកេតធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងនៅឆ្នាំ២០១៤ និងលេខ៤ម្តងនៅឆ្នាំ២០១៧ ដោយពួកគេពុំធ្លាប់ឈ្នះជើងឯកនោះឡើយ។ កត្តានេះ បានធ្វើឲ្យបឹងកេតមានមហិច្ឆតាខ្ពស់ក្នុងការដណ្តើមពាននៅឆ្នាំនេះ៕