ជាតិ
សង្គមជាតិ
ពលរដ្ឋ​ថា កណ្តូប ធ្លាក់​ថ្លៃ​ពី​៤​ម៉ឺន មក​ត្រឹម​២​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម
02, Aug 2019 , 9:39 pm        
រូបភាព
​ប្រជាពលរដ្ឋ​ដែល​ប្រកបរ​បរចាប់​កណ្ដូប​លក់ បាន​ឲ្យ​ដឹងថា តម្លៃ​កណ្ដូប​ក្នុង​ឆ្នាំ​២០១៩​នេះ បាន​ធ្លាក់​ថ្លៃ​ជា​ឆ្នាំមុនៗ​។ ឆ្នាំមុន ឈ្មួញ​ហ៊ាន​ទិញ​កណ្ដូប​ដែល​ពួកគេ​រកបាន​ក្នុង​មួយ​គីឡូ ៤​ម៉ឺន​រៀល ប៉ុន្តែ​ឆ្នាំនេះ​បាន​ត្រឹម ២​ម៉ឺន​រៀន​ប៉ុណ្ណោះ​។

 
​លោក សាវ៉ន ប្រជាពលរដ្ឋ​ចាប់​កណ្ដូប​ម្នាក់ ក្នុង​ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តម្លៃ​កណ្ដូប​ក្នុងឆ្នាំនេះ មិន​ទទួលបាន​តម្លៃ​ថ្លៃ​ដូច​ឆ្នាំមុនៗ​ទេ ដែល​ក្នុង​មួយ​គីឡូក្រាម​បាន​ត្រឹម​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ លោក​បន្តថា កាលពី​ឆ្នាំ​២០១៧ និង ២០១៨ កណ្ដូប​មានតម្លៃ​៤​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ 
 
​លោក​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ឃុំ​របស់លោក បាន​ប្រកបរ​បរចាប់​កណ្ដូប​នេះ បន្ថែម​លើ​មុខរបរ​ធ្វើស្រែ​ចម្ការ​របស់​ពួកគេ ក្រោយ​មាន​ហ៊ុន​មួយចំនួន​ទៅ​វិនិយោគ​ដាំ​អំពៅ​។ លោក​បាន​និយាយថា​៖«​ក្រោយពី​ក្រុមហ៊ុន​ចុះទៅ​ដាំ​អំពៅ យើង​មិនមាន​មុខរបរ​អ្វី ហើយ​មាន​គេ​មករក​ទិញ​កណ្ដូប បងប្អូន​ខ្លះ​ក៏​ទៅ​ចាប់​កណ្ដូប​»​។ 
 
​លោក​បន្ថែមទៀតថា ប្រជាពលរដ្ឋ​បានចេញ​ទៅ​ចាប់​កណ្ដូប​នៅតាម​ចម្ការ​អំពៅ​នានា​ដែលមាន​នៅក្នុង​ឃុំ ចាប់ពី​ម៉ោង​៦ កន្លះ​យប់ រហូតដល់​ពាក់កណ្ដាល់​អធ្រាត្រ​។ ប្រជាពលរដ្ឋ​ម្នាក់​អាច​ចាប់​កណ្ដូប​បាន​ក្នុង​ចន្លោះ​ពី​១ ឬ ២​គីឡូក្រាម ឬ​ច្រើនជាង​នេះ ក្នុង​មួយ​យប់ ហើយ​មាន​ឈ្មួញកណ្ដាល​ជា​អ្នក​ចាំ​ទទួល​ទិញ​កណ្ដូប​ទាំងនោះ​។​
 
​លោក​បាន​និយាយថា​៖«​យើង​លក់​ទៅ​ឲ្យ​ឈ្មួញកណ្ដាល ដែល​គាត់​មក​ទិញ​ដល់​កន្លែង​តែម្តង តម្លៃ​មានការ​ប្រែប្រួល គាត់​ទិញ​ពី​យើង​ហើយ​គាត់​យកទៅលក់​បន្តទៀត​។ ហើយ​អ្នកទិញ​ថា​យកទៅលក់​នៅ​ប្រទេស​ថៃ​»​។ 
 
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​រដូវ​កាល​នៃ​ការចាប់​កណ្ដូប​មាន​ប្រមាណ ២ ឬ​៣ ខែ​ប៉ុណ្ណោះ (​ពី​ខែមិថុនា ដល់ ខែសីហា​)៕ 

Tag:
 ​កណ្តូប
© រក្សាសិទ្ធិដោយ thmeythmey.com