ជាតិ
បាក់ឌុប
បាក់ឌុប៖ ក្រសួងអប់រំ ប្រាប់ បេក្ខជនឲ្យទៅពិនិត្យបញ្ជីបេក្ខភាពនៅតាមសាលារៀងខ្លួន ចៀសវាងខុសឈ្មោះ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ សីហា បានប្រាប់ឲ្យបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ សីហានេះ ទៅពិនិត្យបញ្ជីបេក្ខភាព នៅតាមសាលារៀងៗខ្លួន ចៀសវាងការខុសអក្ខរាវិរុទ្ធលើឈ្មោះបេក្ខជន ឬឈ្មោះឪពុកម្ដាយ។ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទៀតថា បេក្ខជន អាចទាក់ទងទៅនាយកសាលា និងជូនដំណឹងមកក្រសួងដើម្បីកែតម្រូវ បើពួកគេ រកឃើញមានកំហុសអក្ខរាវិរុទ្ធលើឈ្មោះរបស់ខ្លួន។
ក្រសួងអប់រំ បានបិទបញ្ជីបេក្ខភាព នៅតាមសាលារួចរាល់ហើយ។ ដូច្នេះបេក្ខជនប្រឡងទាំងអស់ អាចទៅពិនិត្យបញ្ជីបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាន ដើម្បីធានាភាពច្បាស់លាស់ និងចៀសវាងការខុសអក្ខរាវិរុទ្ធលើឈ្មោះបេក្ខជន ឬឪពុកម្ដាយ។ នេះជាការបញ្ជាក់របស់ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី ៣ ខែសីហានេះ។
អ្នកនាំពាក្យក្រសួងអប់រំ បន្តថា បញ្ជីបេក្ខភាពនេះ មានសារៈសំខាន់ណាស់ សម្រាប់បេក្ខជនប្រឡង និងដើម្បីធានាពីភាពត្រឹមត្រូវ លើអត្ដសញ្ញាណរបស់បេក្ខជនផង។ បញ្ជីបេក្ខភាពនេះ ក៏អាចឲ្យបានដឹងថា ពួកគេ មានឈ្មោះប្រឡង ឬអត់ផងដែរ។ បើតាម លោក ឌី ខាំបូលី បេក្ខជនដែលត្រូវបានលុបបេក្ខភាព គឺដោយសារអវត្តមានច្រើន,ធ្លាក់មធ្យមភាគ និងបោះបង់ការសិក្សា។
គួរជម្រាបថា បញ្ជីឈ្មោះបេក្ខជន លេខតុ និងលេខបន្ទប់ នឹងត្រូវបិទផ្សាយ នៅថ្ងៃទី១៨ សីហា នាមណ្ឌលប្រឡងទាំង២០២ នៅទូទាំងរាជធានី-ខេត្ត៕
Tag:
អប់រំ
បាក់ឌុប
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com