ជាតិ
ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ «​តុម​» ឬ «​ប៉ោង​»
03, Aug 2019 , 7:29 pm        
រូបភាព
«​តុម​» ឬ «​ប៉ោង​» របស់​ប្រជា​នេសាទ​ម្នាក់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
«​តុម​» ឬ «​ប៉ោង​» របស់​ប្រជា​នេសាទ​ម្នាក់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
«​តុម​» គឺជា​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​ប្រើប្រាស់​សម្រាប់​នេសាទ​ត្រី​ជា​យូរណាស់​មកហើយ​។ យើង​អាច​ឃើញ​វត្តមាន​របស់​វា នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​៖ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកណ្តាល  ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ អ្នកនេសាទ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន បាន​ហៅ​ឧបករណ៍​នេសាទ​នេះ​ថា «​ប៉ោង​»​។​

 
«​តុម​» ឬ «​ប៉ោង​» មាន​កម្ពស់​ចាប់ពី​បាត​ក្រោម​ដល់​មាត់​លើ ៥០ ទៅ ១២០ សង់ទីម៉ែត្រ និង​មាន​អង្កត់ផ្ចិត ៤០ ទៅ ៥៥ សង់ទីម៉ែត្រ​។ វា​ត្រូវបាន​ច្នៃ​បង្កើតឡើង​ពី​បន្ទះ​ឫស្សី​។ មាត់​ខាងលើ នៃ «​តុម​» ឬ «​ប៉ោង​» មាន​រាង​ដូច​មាត់​ដប មាន​អង្កត់​ផ្ទិ​ត ១២ សង់ទីម៉ែត្រ​។ ចំណែកឯ​បាត​ក្រោម មាន​មាត់ ឬ​ប្រើស​មូល​មួយ សម្រាប់​ឲ្យ​ត្រី​ចូល ដែលមាន​អង្កត់​ផ្ទិ​ត ៤.៥ សង់ទីម៉ែត្រ​។ ផ្ទុយ​ពី​ឧបករណ៍​នេសាទ​ដែល​បង្កើតឡើង​ពី​ឫស្សី​ផ្សេងៗ ទៀត «​តុម​» ឬ «​ប៉ោង​» ត្រូវបាន​គេ​ដាក់​វា​បញ្ឈរ ដោយ​ចង​ព្យូ​រ​នឹង​មែ​ឈើ ឬ​បង្គោល​ឈើ​។ 
 

«​តុម​» ឬ «​ប៉ោង​» របស់​ប្រជា​នេសាទ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្បែរ​ស្ពាន គី​ហ្ស៊ូ​ណា​។ រូបភាព​៖ ឈុត ឈា​ណា​
 
«​តុម​» ឬ «​ប៉ោង​» ភាគច្រើន ត្រូវបាន​ប្រជា​នេសាទ​ប្រើប្រាស់​នាពេល​ថ្ងៃ នៅ​កន្លែង​ដែលមាន​ទឹកនឹង និង​ថ្លា ក្បែរមាត់ច្រាំង នៅក្នុង​បឹង​ទន្លេសាប ទន្លេសាប តំបន់​វាលទំនាប​លិច​ទឹក​នៃ​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេ​ស​មេគង្គ​លើ និង​តាម​ដៃទន្លេ​របស់​វា​ផងដែរ​។ ប្រជា​នេសាទ​ចង​ព្យូ​រ «​តុម​» ឬ «​ប៉ោង​» ជាប់​នឹង​មែកឈើ បង្គោល​ឈើ ដោយ​ពន្លិច​ទៅក្នុង​ទឹក ទុក​តែ​ផ្នែក​មាត់​ខាងលើ​ត្រឹម​ករប​ស់វា នៅលើ​ផ្ទៃ​ទឹក​។ នៅក្នុង «​តុម​» ឬ «​ប៉ោង​» គេ​ដាក់​នុយ​ដូចជា​៖ គ្រាប់ល្ង​លីង កន្ទក់ បំណែក​សម្បុក​កណ្តៀរ ឬ​ប្រហុក ដើម្បី​ទាក់ទាញ​ត្រី​ឲ្យ​ចូល​។​
 
​ប្រជា​នេសាទ​ប្រើ «​តុម​» ឬ «​ប៉ោង​» នេះ ទៅតាម​កាល​វេលា និង​ទីកន្លែង​ផ្សេងៗ ដូចជា​៖ នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេសាប គេ​ប្រើប្រាស់​វា​ចាប់ពី​ខែមិថុនា ដល់​ខែធ្នូ​។ នៅតាម​តំបន់​វាលទំនាប​នៃ​ទន្លេមេគង្គ និង​ទន្លេបាសាក់ គេ​ប្រើប្រាស់​វា ចាប់ពី​ខែមិថុនា ដល់​ខែតុលា​។ នៅតាម​ដៃទន្លេ​នៃ​ទន្លេមេគង្គ​លើ គេ​ប្រើប្រាស់​វា ចាប់ពី​ខែ កក្កដា ដល់​ខែកញ្ញា​។ 
 
​ឧបករណ៍​នេសាទ «​តុម​» ឬ «​ប៉ោង​» នេះ ភាគច្រើន អាច​ចាប់បាន​ពពួក​ត្រី​តូចៗ ដូចជា​៖ ត្រី​ចង្វា  ត្រី​ចង្វា​ឆឺ​ត  ត្រី​ចង្វា​តូច  ត្រី​ចង្វា​ស  ត្រី​ចង្វាមូល  ត្រី​ចង្វា​ផ្កាឈូក  ត្រី​ចង្វាភ្លៀង​ស្រែ  ត្រី​ចង្វាភ្លៀង​ឆ្នូត  ត្រី​ចង្វា​ភ្នំ  ត្រី​ចង្វាភ្លៀង​ភ្នំ  ត្រី​ចង្វាភ្លៀង​ភ្នំ​ឆ្នូត  ត្រី​ចង្វា​អង្កត់  ត្រី​ចង្វា​អង្កត់​ធំ  ត្រី​ចង្វា​ស្រលូង  ត្រី​ចង្វា​ស្រលូង​ឆ្នូត  ត្រី​ចង្វា​ពោត  ត្រី​ចង្វា​ពោត​តូច  ត្រី​ចង្វា​ល្អិត  ត្រី​ចង្វា​ក្រហម ត្រី​ចង្វា​ឆ្នូត​ពីរ (Rasbora spp.); ត្រី​ស្លឹក​ឬ​ស្សី (Oxygaster pointoni) ត្រី​ស្លឹក​ឬ​ស្សី​ធំ  ត្រី​ស្លឹក​ឬ​ស្សី​តូច (Paralaubuca spp.); ត្រី​រៀល​តុ​ប  ត្រី​រៀល​អង្កាម  ត្រី​រៀល​អំពិល (Gymnostomus spp.); ត្រី​ចន្ទាស​ភ្លុក  ត្រី​ចន្ទាស​ភ្លុក​ព្រុយ  ត្រី​ចន្ទាស​ភ្លុ​ប្រាក់  ត្រី​ចន្ទាស​ភ្លុក​ពោត  ត្រី​ចន្ទាស​ភ្លុក   ត្រី​ចន្ទាស​ភ្លុក​ស (Parachela spp.) និង​ត្រី​កំភ្លាញ​ភ្លុក  ត្រី​កំភ្លាញ​ស្រែ (Trichopodus spp.)​។​
 
​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​បច្ចុប្បន្ន ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេងៗ ពិសេស​ឧបករណ៍​នេសាទ​ដែលមាន​ភ្ជាប់​ចរន្តអគ្គិសនី បាន​បង្កបញ្ហារ​ប្រឈម​ដ៏​ខ្លាំង​បំផុត ចំពោះ​មច្ឆជាតិ​ទូទៅ​។ បន្ថែម​ពីលើ​នេះ ការសាងសង់​ទំនប់​វារិ​អគ្គីសនី ក៏​អាចជា​បញ្ហា​ប្រឈម ដល់​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ពួកវា ដើម្បី​ពង​-​កូន​ផងដែរ​។ សូមជួយ​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើងទាំងអស់គ្នា​!

© រក្សាសិទ្ធិដោយ thmeythmey.com