សង្គមអន្តរជាតិ​
អន្តរជាតិ
វិស្សមកាល​ដ៏​រវល់​របស់​គ្រួសារ​ដែលមាន​កូនភ្លោះ​៥​រូប និង​កូនច្បង​២​រូប​ទៀត​
03, Aug 2019 , 8:29 pm        
រូបភាព
ដោយ: ធីតា
​លោក Chad និង​អ្នកស្រី Amy Kempel ដែល​រស់នៅ Mountain House រដ្ឋ California សហរដ្ឋអាមេរិក ក្លាយជា​ឪពុកម្តាយ​ដ៏​រវល់​បំផុត ចាប់តាំងពី​ឆ្នាំ​២០១៨​មក បន្ទាប់ពី​មានកូន​ភ្លោះ​រហូតដល់​ទៅ​៥​នាក់ បន្ថែម​លើ​កូនស្រី​ពីរ​នាក់​ដែលមាន​ស្រាប់​ទៅហើយ គឺ Savannah និង Avery​។​

 
Lincoln, Noelle, Grayson, Preston និង Gabriella ដែលមាន​អាយុ​ជាង​១​ឆ្នាំ បានធ្វើ​ដំណើរ​ជាមួយ​បងស្រី​ទាំង​ពីររូប រួមជាមួយ​ឪពុកម្តាយ​ក្នុង​ដំណើរ​កម្សាន្ត​បែប​ម៉ារ៉ាតុន​មួយ​។ បើតាម​ការផ្សាយ​របស់ Paris Match គ្រួសារ Kempel ចង់​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុង​សៀវភៅ «Guinness Book» សម្រាប់​ដំណើរ​ម៉ារ៉ាតុន ដោយ​រុញ​រទេះ​កូនតូច​ដល់​ទៅ​៥​នាក់​។​


 
​ក្នុង​ដំណើរ​ចំងាយ​ជាង​៤២​គីឡូម៉ែត្រ លោក Chad និង​អ្នកស្រី Amy Kempel ប្រើ​ថិរវេលា​៤​ម៉ោង និង​៤៥​នាទី ដោយ​រុញ​កូន​៥​នាក់ អម​ជាមួយ​កូនស្រី​ពីរ​នាក់​បន្ថែមទៀត​ជាមួយ​ខ្លួន​។ អ្នកស្រី Amy បាន​លើកឡើងថា​៖«​បើតាម​ខ្ញុំ​ដឹង មិនដែល​ធ្លាប់​ឃើញ​អ្នកណា​ធ្វើបែបនេះ​នោះឡើយ ដូច្នេះ​យើង​សង្ឃឹម​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្ម​»​។ 
 
​លោក Chad និង​អ្នកស្រី Amy បាន​អះអាងថា ការ​សម្រាក​វិស្សមកាល​របស់ខ្លួន មិនមែនជា​ការងាយស្រួល​នោះឡើយ ដោយ​ពួកគាត់​ត្រូវ​ត្រៀមលក្ខណៈ​គ្រប់សព្វ​បែបយ៉ាង​សម្រាប់​កូនៗ​ទាំង​៧​នាក់ ជាពិសេស​កូនភ្លោះ​ទាំង​៥ ប៉ុន្តែ​ពួកគាត់​តែងតែ​សប្បាយចិត្ត​ជានិច្ច​។​
 
​វា​ជា​រឿង​ដ៏​កម្រ​បំផុត​ទាក់ទង​នឹង​ការផ្តល់​កំណើត​កូនភ្លោះ​ដល់​ទៅ​៥​នាក់ ដោយ​ករណី​ដំបូង​បានកើត​ក្នុង​គ្រួសារ​កាណាដា​ឈ្មោះ Dionne កាលពី​ឆ្នាំ​១៩៣៤​។ កាលពី​ខែឧសភា ឆ្នាំ​២០១៩​នេះ ស្ត្រី​ប៉ូឡូញ​ម្នាក់​កើត​បានកើត​៦​នាក់ ស្រី​៤ និង​ប្រុស​២​។ ស្ត្រី​ឈ្មោះ Nadya Sulman មានឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក ក្រោយ​ផ្តល់កំណើត​កូន​៨​នាក់​កាលពី​ឆ្នាំ​២០០៩ ហើយ​គាត់​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា «Octomum»៕









Tag:
 កូនភ្លោះ​
© រក្សាសិទ្ធិដោយ thmeythmey.com