ជាតិ
CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន ៦ មាន​ទុន​ជាង ៤០​លាន​ដុល្លារ បង្កើត​រោងចក្រ និង​មន្ទីរពេទ្យ​
03, Aug 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​៦ មាន​ទុនវិនិយោគ​សរុប ៤១.៨ លាន​ដុល្លារ​អាមេរិក និង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៣, ២៤១ កន្លែង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​៣១ ខែមិថុនា ឆ្នាំ​២០១៩​។ 


 
​ក្រុមហ៊ុន​ថ្មី​ទាំង​៦ ដែល CDC បាន​ចុះបញ្ជី​ជា​ស្ថាពរ មាន​ក្រុមហ៊ុន​២ ស្ថិតនៅ​រាជធានី​ភ្នំពេញ​។  ក្រុមហ៊ុន NEW EAST SOLAR ENERGY (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៦,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០​កន្លែង​។ 
 
​ក្រុមហ៊ុន THE PRESTIGE HOSPITAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ​ចំនួន​១០០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ទុនវិនិយោគ​ចំនួន ៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​
 
​ក្រុមហ៊ុន​ចំនួន​២​ទៀត មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកណ្ដាល​។ ក្រុមហ៊ុន CHENGHAOSHIYE (CAMBODIA) FASHION CO., LTD  គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅក្នុង​ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ ៤.១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៤១៥​កន្លែង​។​
​ក្រុមហ៊ុន CHAMATHARN CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកកក ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ស្រុក​ស្អាង មាន​ទុនវិនិយោគ​ប្រមាណ ១៦.៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១២​កន្លែង​។ 
 
​ដោយឡែក ក្រុមហ៊ុន​ចំនួន​២​ទៀត មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តតាកែវ​។ ក្រុមហ៊ុន NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិក្ខា​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៣.៧ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២៩ កន្លែង​។ 
 
​ក្រុមហ៊ុន CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ស្រុក​ព្រៃនប់ មាន​ទុនវិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១៧​កន្លែង​៕ 
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com