ជាតិ
រយៈពេល២០ថ្ងៃ អាជ្ញាធរស្ដារសំរាម និងភក់ ជាង៤ពាន់ម៉ែត្រគុប ចេញពីប្រឡាយបឹងត្របែក
×
ដោយ៖ សុវណ្ណ ស្រីពេជ្រ
ភ្នំពេញ៖ សំរាម និងភក់ ជាង៤ពាន់ម៉ែត្រគុប ត្រូវបានអាជ្ញាធរស្ដារចេញពីប្រឡាយទឹកស្អុយបឹងត្របែក ក្នុងរយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃ ១២ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ កាលពីថ្ងៃទី១ សីហា យ៉ាងដូច្នេះ។
សាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់គ្រឿងចក្រ និងឡានសម្រាប់កាយ និងស្ដារសំរាមនៅទីតាំងប្រឡាយបឹងត្របែក ដើម្បីសម្រួលប្រព័ន្ធលូបង្ហូរទឹក ក៏ដូចជាសោភ័ណភាពទីតាំងនេះ។ នេះបើតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លោកបន្តដូច្នេះ៖«គិតមកត្រឹមថ្ងៃនេះ (ថ្ងៃទី១ សីហា) គឺ២០ថ្ងៃមកហើយ ក្នុងដំណើរការសម្អាតសំរាម និងភក់ទាំងនេះ។ ហើយចំនួនដែលស្ដារបាន ជាង ៤ពាន់ម៉ែត្រគីប។ បើនិយាយជាភាគរយ ក្នុង៤ពាន់ម៉ែត្រគុបនេះ គឺបាន១៣ភាគរយហើយ ដោយប្រើគ្រឿងចក្រ៣គ្រឿង និងឡាន៩គ្រឿង»។
លោក សាំ ពិសិដ្ឋ បានបន្ថែមថា ការកាយសម្អាតនេះ មិនមែនយកតែសំរាមទេ គឺផ្ដោតលើការបារភក់ជ្រាំ ដែលមានក្នុងបាតប្រឡាយទឹកស្អុយបឹងត្របែក។ ប្រធានមន្ទីរសាធារណការរូបនេះ អះអាងថា ភក់ជ្រាំទាំងនេះកើតចេញពីកាកសំណល់ផ្ទះបាយ និងបន្ទប់ទឹក ដែលហូរមកពីប្រភពផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដែលបង្កជាបញ្ហាពិបាក និងធ្វើឲ្យប្រព័ន្ធទឹកលូស្ទះ។ បើតាម លោក សាំ ពិសិដ្ឋ សំរាមដែលបានកាយចេញពីប្រឡាញបឹងត្របែក ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាមបឹងជើងឯក។ ចំណែកឯ ភក់ដែលស្ដារបាន យកទៅចាក់ចោលនៅដីឡូត៍នៅក្នុងខណ្ឌដង្កោ៕
Tag:
សំរាម
ភក់
ប្រឡាយបឹងត្របែក
© រក្សាសិទ្ធិដោយ thmeythmey.com