ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ហាម​ពលរដ្ឋ​ចុះ​លេង​ទឹកសមុទ្រ និង​នេសាទ រយៈពេល​៤​ថ្ងៃ​
03, Aug 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃទី ៣ សីហា ដោយបាន​ហាម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចុះ​លេង​ទឹកសមុទ្រ ចាប់ពី​ថ្ងៃទី ៣-៦ ខែសីហា​។ រីឯ​ប្រជា​នេសាទ ក៏​មិនត្រូវ​ចេញ​នេសាទ នៅក្នុង​រយៈពេល​នេះដែរ​។ សេចក្តីជូនដំណឹង​ដដែល​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​សាធារណជន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។


 
​រដ្ឋបាលខេត្ត​ព្រះសីហនុ ចេញ​សេចក្ដីជូនដំណឹង​នេះ បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ពិសេស​នៅ​ថ្ងៃទី​៣ ខែសីហា​នេះ ដោយបាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៦ ខែសីហា​នេះ នៅ​តំបន់​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ និង​កោះកុង នឹងមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង ដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី​។ តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ខ្យល់មូសុង​និរតី​នេះ មាន​ល្បឿនខ្លាំង​ពី ១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី ១-២ ម៉ែត្រ​៕
 

Tag:
 ឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com