ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិដើម​ភាគតិច​«​កួយ​»​ជា​អ្នក​ស្លដែក​ដ៏​ពូកែ និង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ក្នុង​រាជការ​ខ្មែរ​បុរាណ​
04, Aug 2019 , 8:29 am        
រូបភាព
រូបភាពផ្តល់ដោយ លោក អ៊ឹម សុខរិទ្ធី
រូបភាពផ្តល់ដោយ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖​បើ​និយាយ​ពី​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា គឺមាន​ច្រើន​ជាតិ​សាសន៍ តែ​គេ​ពិបាក​នឹង​កំណត់​ចំនួន​បាន​ណាស់ ដ្បិតថា​ត្រូវមាន​ការស្រាវជ្រាវ​ល្អិតល្អន់ និង​ផ្ទៀងផ្ទាត់​ឱ្យបាន​ហ្មត់​ចង់ ហើយ​ការងារ​នេះ ត្រូវការ​ភាសា​វិទូ​តែម្ដង ព្រោះ​ភាសា​មួយចំនួន បាន​បាត់បង់​ជា​បណ្ដើរៗ​។ ក្នុងចំណោម​ក្រុម​ជនជាតិដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជនជាតិ​កួយ ជា​ជាតិ​ភាគតិច​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​និង​មាន​ឯកសារ​ច្រើន​និយាយ​ពី​ជាតិ​សាសន៍​មួយ​នេះ ព្រោះថា​ពួកគេ​មាន​ជំនាញ​ស្លដែក ដ៏​ប៉ិនប្រសប់​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ ជនជាតិ​កួយ​ក៏មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ក្នុង​រាជការ​ខ្មែរ​បុរាណ​ផងដែរ​។​

 
សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​តាម​ការធ្វើ​បទ​បង្ហាញ​ដោយយោង​លើ​ភស្ដុតាង​ប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ​និង​នរៈវិទ្យា ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​ជ្រាលជ្រៅ ជាមួយ​រាជការ​ខ្មែរ​នា​សម័យបុរាណ​។ បើ​គេ​យក​ភស្ដុតាង​ដូច​លើក​ខាងលើ​មក​និយាយ ជនជាតិដើម​ភាគតិច មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​រាជការ ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌ និង​សង្គម​ខ្មែរ​បុរាណ​ផង​។ ទំនាក់ទំនង​ទាំងនោះ អាច​មើលឃើញ​ក្នុង​កិច្ច​ពិធី​ផ្សេងៗ ដែល​រៀបចំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ តាំងពី​កើត​រហូតដល់​ស្លាប់​។ 
 
​លោក អាំង ជូ​លាន នរ​វិទូ និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ពន្យល់​ក្នុង​បាឋកថា​ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ចុងខែ​កក្កដា​ថា មិន​ថា​សម័យបុរាណ​និង​បច្ចុប្បន្ន គេ​ពិបាក​កំណត់​ចំនួន​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ណាស់ ព្រោះថា​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ប្រាកដ ហើយ​ជាការ​ងារ​របស់​ភាសា​វិទូ​តែម្ដង ព្រោះ​តែងមាន​ភាសា​មួយចំនួន​បាន​បាត់បង់​ជា​បណ្តើរៗ​។​


​រូបភាព​ផ្តល់​ដោយ លោក អ៊ឹម សុខ​រិទ្ធី
 
​មាន​ជនជាតិភាគតិច​មួយ​ដែល​លោក អាំង ជូ​លាន លើក​មក​និយាយ​និង​ហាក់​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​រាជការ​ខ្មែរ​សម័យបុរាណ នោះ​គឺ​ជនជាតិ​កួយ​។ ជនជាតិ​នេះ​មាន​ភាពលេច​ធ្លោ​ជាងគេ ដោយសារ​សម័យ​បារាំង​មាន​ឯកសារ​និយាយ​ច្រើន​ពី​ជនជាតិ​មួយ​នេះ​។ បារាំង​បាន​លើកតម្កើង​ជនជាតិ​មួយ​នេះ ដោយមាន​ជំនាញ​និង​ទេពកោសល្យ​ខាង​វិជ្ជា​ស្លដែក​ដ៏​ប៉ិនប្រសព្វ ដែលជា​បច្ចេកទេស​មួយ​ដ៏​ពិបាក​។​
 
«​បារាំង​បាន​បន្សល់ទុក​នូវ​ឯក​សារ​ជាច្រើន​ពី​សកម្មភាព​ជីក​ថ្ម​រ៉ែ​ដែក ការ​ស្លដែក​របស់​ជនជាតិ​កួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អាំង ជូ​លាន​។ លោក អាំង ជូ​លាន បន្ថែមថា ជនជាតិភាគតិច​កួយ ដែល​ល្បីល្បាញ​ក្នុងការ​ស្លដែក​នោះ គឺ​កួយ​នៅ​កំពង់ស្វាយ ដែល​ស្ថិតនៅ​ខេត្តកំពង់ធំ​សព្វថ្ងៃ រហូត​មាន​ចម្រៀង​ក្នុង​ពិធីមង្គលការ​ដោយ​លើកសរសើរ​ពី​ដាវ​កំពង់ស្វាយ​នេះដែរ​។ លោក​សាស្ដ្រាចារ្យ​បន្ថែម​៖« តាម​ការស្រាវជ្រាវ​ពី​បុរាណ​វិទូ​បារាំង ដែក​របស់​កួយ​មានគុណ​ភាពល្អ​ជាងដែក​ដែល​បារាំង​យក​ពី​បរទេស​ទៅទៀត តែដោយសារ​ដែក​ពី​បរទេស​គេ​ផលិត​ជា​លក្ខណៈ​ឧស្សាហកម្ម​ដូច្នេះ​គេ​លក់​ក្នុងតម្លៃ​ថោក​ជាង ហើយ​កួយ​ធ្វើ​ដោយ​ដៃ យូរៗ​ទៅ​ក៏​លែងមាន​អ្នក​ផលិត បាត់បង់​ទៅ​រហូតដល់​សង្គ្រាមលោក​លើក​ទី​២ អស់រលីង​»​។​
 
​ជាមួយនឹង​ភាពល្បីល្បាញ​នៃ​ដែក​ជនជាតិ​កួយ​កំពង់ស្វាយ​នេះ អ្នកភូមិ​នៅ​វាលវែង​ដែល​មិន​ធ្លាប់​ចេះ​ស្លដែក​ឯណោះ​វិញ មាន​ប្រពៃណី​មួយ​គឺ​ការ​សែន​ដែក​។ ទំនៀម​នេះ​ត្រូវបាន​អ្នកភូមិ​ធ្វើ​រៀងរាល់ថ្ងៃ​១៤​រោច ខែភទ្របថ គឺ​មុន​ភ្ជុំបិណ្ឌ​មួយថ្ងៃ ដែល​គេ​ប្រមូល​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មក​ដាក់​សែន​។ ការណ៍​នេះ​ក៏ដោយ​សារ​ពួកគេ​មាន​ជំនឿ​ខ្លាំងក្លា​ទៅលើ​ដែក​ជនជាតិ​កួយ​នេះ​តែម្ដង​។ 


​រូបភាព​ផ្តល់​ដោយ លោក អ៊ឹម សុខ​រិទ្ធី
 
​ងាក​ទៅ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ឯណោះ​វិញ គឺ​ខេត្ត​បុរី​រ៉ា​ម ខេត្ត​សុ​រិ​ន្ទ្រ និង​ខេត្ត​អូ​ប៊ុន នៅ​ទីនោះ​ក៏មាន​ជនជាតិ​កួយ​រស់នៅ​ច្រើន​ដែរ និង​សម្បូរ​ទីតាំង​អាចម៍ដែក​បុរាណ​។ ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​ដោយផ្ទាល់ ជនជាតិ​កួយ​នៅ​ទីនោះ​ថា​គេ​មិនដែល​ចេះ​ស្លដែក​ទេ ព្រោះ​ប៉ែក​ខាង​ណោះ​គេ​និយម​ទាក់ដំរី​។ ការងារ​ទាក់ដំរី គឺ​ពួក​កួយ​ទាំងនោះ​ចុះមក​ទាក់​ដល់​ស្រុក​ខ្មែរ រហូតដល់​ទសវត្ស​ឆ្នាំ​១៩៧០​។ 
 
​យ៉ាងណាក៏ដោយ តាមរយៈ​ការស្រាវជ្រាវ​របស់លោក អាំង ជូ​លាន លោក​បាន​រកឃើញថា កួយ​នៅ​តំបន់​ខាងលើ​ដ្បិត​មិនចេះ​ស្លដែក​តែ​ពួកគេ​មាន​វិជ្ជា​ដុំ​ដែក តែ​សព្វថ្ងៃ​មាន​ចំនួន​តិចតួច​។ ហើយ​អ្វី​កាន់តែ​ងឿងឆ្ងល់​នោះ គឺ​ពួកគេ​ប្រសព្វ​ក្នុង​ការធ្វើ​ដាវ​លក់​ឱ្យ​ភ្ញៀវទេសចរ ដោយ​មិន​ធ្វើ​សម្ភារ​ប្រើប្រាស់​ដទៃទៀត​ឡើយ​។ «​ម៉េច​គាត់​ធ្វើ​តែ​ដាវ​? នេះ​ជា​អ្វីដែល​ឆ្ងល់ ធ្វើ​លក់​ឱ្យ​ទេសចរ​ធ្វើ​តែ​ដាវ ម៉េច​មិន​ធ្វើ​របស់​អ៊ី​ផ្សេង​?...​ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​ពី​ដើម​ថា កួយ​ឱ្យតែ​ចុះ​ពី​ផ្ទះ​ទៅ​គេ​ស្ពាយ​ដាវ​មួយ ធ្វើឱ្យ​ខ្ញុំ​យល់ថា សង្ស័យថា អត់​ភស្ដុតាង​មិន​ទៅ​ជឿ​១០០​ភាគរយ​ទេ តែ​ខ្ញុំ​សង្ស័យថា​ប្រទេស​កម្ពុជា​ពី​ដើម ខ្ញុំ​ជឿថា​កួយ​មាន​ចំណែក​នៅក្នុង​ទ័ព​ផង ចំណែក​ជា​អាវុធ​...​ហេតុ​ម៉េច​បានជា​កន្លែង​ហ្នឹង​គ្រប់កន្លែង​ឱ្យតែ​កួយ ខ្ញុំ​មិនមែន​ដាវ​ទាំងអស់នោះ​របស់​កួយ​ទេ​...​ខ្ញុំ​យល់ថា​មាន​ចំណែក​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​សម័យអង្គរ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក អាំង ជូ​លាន ដោយ​លោ​បញ្ជាក់ថា នេះ​ជា​ប្រធានបទ​ដែល​អ្នកស្រាវជ្រាវ​ត្រូវ​សិក្សា​បន្តទៀត ដើម្បីឱ្យ​ច្បាស់​១០០​ភាគរយ​៕
 
​រូបភាព​ផ្តល់​ដោយ លោក អ៊ឹម សុខ​រិទ្ធី៖






 

Tag:
 ជនជាតិដើម​ភាគតិច​
 ​កួយ​
 ​ស្លដែក​
 ​អាំង ជូ​លាន​
© រក្សាសិទ្ធិដោយ thmeythmey.com