សង្គមអន្តរជាតិ
អន្តរជាតិ
បណ្តាប្រទេសនៅអាស៊ី បញ្ជូនសំរាមទៅប្រទេសអ្នកមានវិញជាបន្តបន្ទាប់
× បណ្តាប្រទេសនៅតំបន់អាស៊ី ជាពិសេសអាស៊ី-អាគ្នេយ៍ បានក្លាយជាគោលដៅនៃការបញ្ជូនសំរាមចេញរបស់ប្រទេសអ្នកមាន ពោលគឺក្រោយពេលដែលមហាអំណាចចិន ប្រកាសឈប់នាំចូលសំរាមប្លាស្ទិកកែច្នៃ។
ក្រុមប្រទេសទាំងនោះ រួមមាន ចិន ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ស្រីលង្ការ និងកម្ពុជា ផងដែរនោះ បានបញ្ជូន និងប្រកាសបញ្ជូនសំរាមទាំងនោះត្រឡប់ទៅប្រទេសដើមវិញ។
ចិន៖
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ចិនប្រកាសបិទការនាំចូលសំរាមប្លាស្ទិក និងប្រទេសផ្សេងទៀត ក្នុងគោលបំណងពង្រឹងការការពារបរិស្ថាន និងគុណភាពខ្យល់។ ការសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើឲ្យក្រុមហ៊ុននានាបង្វែទិសដៅមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ម៉ាឡេស៊ី៖
កាលពីខែឧសភាកន្លងទៅ ម៉ាឡេស៊ីបានប្រកាសបញ្ជូនសំរាមប្លាស្ទិក៤៥០តោនត្រឡប់ទៅប្រទេសដើមវិញ។ សំរាមទាំងនោះ មានប្រភពពីអូស្ត្រាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។
ហ្វីលីពីន៖
៦៩កុងតឺន័រសំរាមដែលទៅដល់ហ្វីលីពីននារយៈពេល៦ឆ្នាំចុងក្រោយនេះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ កាលពីចុងខែមិថុនា កន្លងទៅ។ ក្រុមហ៊ុនកាណាដា នាំចូលសំរាមទៅហ្វីលីពីតាមរយៈការដាក់ឈ្មោះផលិតផលទំនិញផ្សេង។
កម្ពុជា៖
កម្ពុជានៅខែកក្កដា ឆ្នាំ២០១៩នេះ ឃើញកុងតឺន័រ៨៣ទូ ដែលផ្ទុកសំរាមប្លាស្ទិកនៅកំពុងផែខេត្តព្រះសីហនុ។ កម្ពុជាប្រកាសបញ្ជូនសំរាមដែលមានសរុបជិត១៦០០តោនទៅប្រទេសដើមវិញ ដែលក្នុងនោះ៧០ទូទៅសហរដ្ឋអាមេរិក និង១៣ទូ ទៅកាណាដា។ ក្រុមហ៊ុនដែលនាំចូលក៏ទទួលរងពិន័យផងដែរ។
ស្រីលង្កា៖
អាជ្ញាធរស្រីលង្ការនៅខែកក្កដា នេះផងដែរ បានសម្រេចបញ្ជូនសំរាម១១១កុងតឺន័រ ដែលនៅផែ Colombo ជិត២ឆ្នាំត្រឡប់ទៅចក្រភពអង់គ្លេសវិញ។ កុងតឺនោះ ក៏ត្រូវបានគេពិនិត្យឃើញថា មានបំណែកសាកសពមនុស្សផងដែរ ប៉ុន្តែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
ឥណ្ឌូណេស៊ី៖
ចុងខែកក្កដា នេះ ឥណ្ឌូណេស៊ី បញ្ជូនសំរាមខុសច្បាប់៧កុងតឺន័រនៅផែ Batam ទៅបារាំង និងហុងកុងវិញ។ ជាមួយគ្នានេះ អាជ្ញាធរត្រៀមបញ្ជូនសំរាម៤២កុងតឺន័រទៀតទៅសហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់។ រីឯសំរាមជាង២១០តោនដោយឡែកទៀត ក៏ត្រូវបញ្ជូនទៅអូស្ត្រាលីវិញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com