កីឡាជាតិ
ជាតិ
​កំពង់ចាម​បាន​៣​ពិន្ទុ​លើក​ទី​២ បឹងកេត​មិនទាន់​ស្គាល់​ចាញ់​ក្នុង​ដី រីឯ​វិសាខា​បន្ត​ជោគជ័យ​៧​ប្រកួត​ជាប់​គ្នា​
03, Aug 2019 , 11:32 pm        
រូបភាព
ក្រុមវិសាខា (ខៀវ) និងក្រុម​អង្គរថាយហ្គឺរ បង្ហាញការគោរពគ្នា​ទៅវិញទៅមក ក្រោយចប់ការប្រកួត។ រូបថត CNCC
ក្រុមវិសាខា (ខៀវ) និងក្រុម​អង្គរថាយហ្គឺរ បង្ហាញការគោរពគ្នា​ទៅវិញទៅមក ក្រោយចប់ការប្រកួត។ រូបថត CNCC
ដោយ: រួបរួម
​កំពង់ចាម បានទទួល​ជ័យជម្នះ​លើ​យុវជន​បាទី​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ១-០ រីឯ​ម្ចាស់ផ្ទះ​បឹងកេត​យកឈ្នះ​ក្រសួងការពារជាតិ ៤-៣ មុនពេល​វិសាខា ស៊ី​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ ២-១ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​១៨ នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ នា​ថ្ងៃទី​៣ ខែសីហា​។​



​វ៉ាន់​ក្រី វ៉ាន់​នី  បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៦៤ នៅ​កីឡដ្ឋាន​របស់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​នាំ​ឲ្យ​ក្រុម​ទទួលបាន​៣​ពិន្ទុ​ជា​លើក​ទី​២ ក្រោយ​ចាញ់​១៧​ប្រកួត​ជាប់​គ្នា​ក្នុង​រដូវ​កាល​។ ជ័យជម្នះ​លើកដំបូង​របស់​ពួកគេ គឺ​ពេល​ប្រកួត​បើកឆាក​នៅ​ទឹកដី​អគ្គិសនី​កម្ពុជា នៅ​សប្តាហ៍​ទី​១ ក្នុង​លទ្ធផល ១-០ ដូចគ្នា​។

​ជ័យជម្នះ​នេះ នាំ​ឲ្យ​កំពង់ចាម​បាន​៦​ពិន្ទុ ខណៈ​យុវជន​បាទី​ធ្លាក់​ទៅ​លេខ​រៀង​ចុង​គេ​វិញ ដោយមាន​ត្រឹម​៣​ពិន្ទុ​។​

​បឹងកេត​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​៤​ប្រកួត​ជាប់​គ្នា នៅ​កីឡដ្ឋាន​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ដែល​ខ្លួន​រៀបចំ​សម្រាប់​ការប្រកួត​នៅក្នុង​ទឹកដី​។ នៅ​សប្តាហ៍​ទី​១៨​នេះ ពួកគេ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ ៤-៣​។

​នៅ​ដើមតង់ Na Hyongsung ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ឲ្យ​ការពារជាតិ តែ Julius Oiboh តាម​ស្មើ​វិញ​នៅ​នាទី​២៣ ហើយ Purcino Luiz Eduardo បង្កើត​ការនាំ​មុខ ២-១ សម្រាប់​បឹងកេត​។ រ៉ឹង ប៊ុន​ហៀ​ង វាយបក​បាន​នៅ​នាទី​៤៣ ដែល​ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅ​តង់​ទីមួយ​។ ឈានដល់​ដើមតង់​ទី​ពីរ Khan Mohammed Feez ជួយ​ឲ្យ​ការពារជាតិ​នាំមុខ​សារជាថ្មី ប៉ុន្តែ​បឹងកេត​រកបាន​២​គ្រាប់​វិញ ដែល​សម្រេច​ជា​បន្តបន្ទាប់​ដោយ លី មី​ហ្សា​ន និង Samuel Gbenga​។​

​បឹងកេត​ទទួលបាន​ពិន្ទុសរុប​៣៧ ខណៈ​ក្រសួងការពារជាតិ​រក្សា​នៅ​២៩​ពិន្ទុ ក្រោយ​ប្រកួត​១៨​សប្តាហ៍​ដូចគ្នា​។​
​រីឯ​ជំនួប​នៅ​កីឡដ្ឋាន​វិសាខា ក្រុម​ម្ចាស់ផ្ទះ​ដណ្តើមបាន​លេខ​បី​បណ្តោះអាសន្ន​ពី​អង្គ​រថា​យ​ហ្គឺ​រ​ដែលជា​ក្រុម​ភ្ញៀវ ជាមួយនឹង​លទ្ធផល ២-១​។ ឆុំ ភី​សា រកបាន​គ្រាប់​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​៣៨ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ តែ Ajayi Opeyemi Korede ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​តាមរយៈ​ការសម្រេចបាន​ពីរ​គ្រាប់​សម្រាប់​វិសាខា នៅ​នាទី​៤១ និង​៥២​។​

​លទ្ធផល​នេះ នាំ​ឲ្យ​វិសាខា​រក្សា​កំណត់ត្រា​ឈ្នះ​៧​ប្រកួត​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ពួកគេ​បាន​ចាញ់​អាស៊ី​អឺរ៉ុប ៣-១ នៅ​ទឹកដី​របស់ខ្លួន កាលពី​សប្តាហ៍​ទី​១១​។​

​វិសាខា​ឡើង​ពិន្ទុ​ដល់​៤០ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ​៣​វិញ ដោយ​រក្សា​៣៧​ពិន្ទុ ក្រោយ​ប្រកួត​១៨​លើក​៕


Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com