កីឡាជាតិ
ជាតិ
លីគថ្ងៃនេះ មាន៤ប្រកួត ក្នុងនោះណាហ្គាត្រូវប៉ះគិរីវង់ដែលទម្លាក់ខ្លួនពីពានរង្វាន់សម្តេច ហ៊ុន សែន ខ្សែបម្រើជើងចាស់របស់ណាហ្គាវើលដ៍ ឃឹម បូរី (ឆ្វេង) និង ដាវ នីម ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់គិរីវង់។ រូបថត កាត់ចេញពីផ្ទាំងពាណិជ្ជកម្មរបស់ក្លិបទាំងពីរ
× ការប្រកួតសប្តាហ៍ទី១៨នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩នៅថ្ងៃអាទិត្យនេះ នាវេលាម៉ោង៦ល្ងាច ណាហ្គាវើលដ៍ត្រូវប៉ះគិរិវង់សុខសែនជ័យ នៅស្តាតចាស់ ខណៈព្រះខ័នរាជស្វាយរៀងស្វាគមន៍អគ្គិសនីកម្ពុជា បន្ទាប់ពីជំនួបរវាងសូលទីឡូអង្គរ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៅកីឡដ្ឋានខេត្តសៀមរាប និងរវាងអាស៊ីអឺរ៉ុប ជាមួយភ្នំពេញក្រោននៅអេអ៊ីយូស្ពតផាក នៅម៉ោង៣ និង៣០នាទី។
ណាហ្គាវើលដ៍ ត្រូវរក្សាពង្រឹងតំណែងលេខ២ និងបន្តប្រមាញ់យកលេខ១ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បន្ទាប់ពីពួកគេអស់ឱកាសក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដោយសារចាញ់គិរីវង់សុខសែនជ័យនៅវគ្គ១៦ក្រុមចុងក្រោយ។ នេះពេលវេលាសម្រាប់ណាហ្គាក្នុងការសងសឹកលើគិរីវង់ ដែលទើបប្រើនិមិត្តសញ្ញាថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីជើងទីមួយ ណាហ្គាបានទទួល៣ពិន្ទុនៅទឹកដីគិរីវង់ជាមួយនឹងលទ្ធផល ៣-១។ សម្រាប់ជំនួបនាវេលាម៉ោង៦នៅស្តាតចាស់នេះ វាជាការបង្ហាញវត្តមានក្រៅដីលើកដំបូងផងដែរសម្រាប់ក្រុមពីខេត្តតាកែវ ក្រោមរហស្សនាមថ្មីថា «មាន់គក»។
ដោយឡែកនៅម៉ោង៦ដូចគ្នា ព្រះខ័នរាជស្វាយរៀងស្វាគមន៍អគ្គិសនីកម្ពុជា ដោយកាលពីជើងទីមួយព្រះខ័នស្វាយរៀងដែលមិនទាន់ស្គាល់ចាញ់សោះនោះ ឈ្នះអគ្គិសនីកម្ពុជា ១-០។
នៅវេលាម៉ោង៣ និង៣០នាទី ភ្នំពេញក្រោនត្រូវព្យាយាមលុបលាងការខកចិត្តក្រោយផ្ទួនៗ។ ពួកគេត្រូវតទល់ជាមួយម្ចាស់អាស៊ីអឺរ៉ុបនៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ដែលគេបានយកឈ្នះ ១-០ កាលពីជើងទីមួយ។
នៅកីឡដ្ឋានខេត្តសៀមរាប នាវេលាម៉ោង៣ និង៣០នាទី ដូចគ្នា សូលទីឡូអង្គរស្វាគមន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយជើងទីពីរក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕
© រក្សាសិទ្ធិដោយ thmeythmey.com