អត្ត​ព​លិ​កជាង​៣៥០០​នាក់​មកពី​៥០​ប្រទេស​ចូលរួម​រត់​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ ខណៈ​ចិន​ឈរ​លំដាប់​ទី​១
កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​៣៥០០​នាក់​មកពី​៥០​ប្រទេស​ចូលរួម​រត់​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ ខណៈ​ចិន​ឈរ​លំដាប់​ទី​១
04, Aug 2019 , 10:01 am        
រូបភាព
​អត្ត​ព​លិ​កជាង​៣,៥០០​នាក់​មកពី​៥០​ប្រទេស បាន​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ 6Th Khmer Empire Marathon នៅ​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៤ ខែសីហា​នេះ​។ ចំនួន​នេះ​មានការ​កើនឡើង​១៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​រៀបចំ​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​ខេត្តសៀមរាប​ក្នុង​រដូវ​ខ្សត់​ភ្ញៀវ​ទេសចរណ៍​។ ការការពារ​បរិស្ថាន​បៃតង​ក្នុង​បរិវេណ​អង្គរ និង​អបអរ​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។



 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​លើក​ទី​៦ បាន​ទាក់ទាញ​អត្ត​ព​លិ​កជាង​៣៥០០​នាក់​មកពី​៥០​ប្រទេស​ចូលរួម ក្នុងនោះ​បរទេស​មាន​ចំនួន​ជាង​១៦០០​នាក់ និង​កម្ពុ​ជាជាង​១៩០០​នាក់​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ទាំងនេះ ចិន​ឈរ​លំដាប់​លេខ​១​មាន​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាងគេ ខណៈ​វៀតណាម និង​ជប៉ុន​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។ ចំនួន​នេះ​មានការ​កើនឡើង​១៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ត្រឹមតែ​ជាង​៣​ពាន់​នាក់​។ ការកើនឡើង​នេះ វា​លើសពី​ការរំពឹង​ការរំពឹងទុក​។  
 

 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​មកដល់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានដាក់​ក្តី​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​កើនឡើង​១០​ភាគរយ​។ ការកើនឡើង​លើស​ក្តី​រំពឹងទុក​ឆ្នាំនេះ ធ្វើ​ឲ្យ​លោក ថោង ខុន សង្ឃឹមថា នៅ​ឆ្នាំ​បន្ទាប់​នឹងមាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចូលរួម​កើនឡើង​កាន់តែច្រើន​។ 
 
​បើតាម​លោក សែម ផល្លា នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ កងកម្លាំង​សន្តិសុខ​និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៦០០​នាក់ រួមជាមួយ​ឡានពេទ្យ​ចំនួន​៦ និង​ស្តង់​ពេទ្យ​និង​ទឹក​មួយចំនួន ត្រូវបាន​ដាក់ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​មួយចំនួន ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព និង​ត្រៀម​ជួយ​ដល់​អត្ត​ព​លិ​ក​ដែលមាន​បញ្ហា​។ 
 
​ព្រឹត្តិការណ៍ Khmer Empire Marathon មាន​៤​វិញ្ញាសា គឺ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​៕
 



















Tag:
 ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​
  Khmer Empire
© រក្សាសិទ្ធិដោយ thmeythmey.com