កីឡាជាតិ
ជាតិ
លោក វី តា​រ៉ា​៖ បើ​មិន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​រួម​ទេនោះ គុន​ល្បុក្កតោ​នឹង​បាត់បង់​
04, Aug 2019 , 11:29 am        
រូបភាព
លោក វី តារ៉ា ពេលបង្ហាញស្នៀតគុនល្បុក្កតោ នៅទីស្នាក់ការ NOCC
លោក វី តារ៉ា ពេលបង្ហាញស្នៀតគុនល្បុក្កតោ នៅទីស្នាក់ការ NOCC
ដោយ:
​ដោយ​ស្រលាញ់​កីឡា​គុន​ល្បុក្កតោ ដែលជា​កេរតំណែល​មរតក​វប្បធម៌​ខ្មែរ លោក វី តា​រ៉ា ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​គុន​ល្បុក្កតោ​បាន​លះបង់​ទាំង​កម្លាំង ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន បើក​ក្លិប​បង្ហា​ត់ដល់​យុវជន​។ ស្ថាបនិក​សាលា​គុន​ល្បុក្កតោ​ដំរី​ស រតនៈ​ឦសាន និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រូបនេះ ហ៊ាន​លះបង់​គ្រប់យ៉ាង សូម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅប្រទេស​ស្គាល់​គុន​ល្បុក្កតោ កាន់តែច្បាស់​។​

 
​អភិរក្ស​និង​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ឲ្យ​បាន​ទូលំទូលាយ គឺជា​ពាក្យ​ដែល​លោក វី តា​រ៉ា ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​គុន​ល្បុក្កតោ ប្រើ​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ក្នុងការ​ជម្នះ​ឧបសគ្គ បន្ត​ដើរ​លើ​វិថី​គុន​ល្បុក្កតោ​ទាំង​លំបាកលំបិន​។ ទោះបី​ដឹងថា​ផ្លូវ​ដើរទៅ​មុខ​ពោរពេញ​ដោយ​ឧបសគ្គ ប៉ុន្តែ​វា​មិនបាន​រារាំង​ចិត្ត តា​រ៉ា ឲ្យ​ឈប់​ដើរ​ត្រឹម​នេះឡើយ​។ សម្រាប់ តា​រ៉ា បើ​មនុស្ស​ម្នាក់ៗ​មិន​ហ៊ាន​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្លះ ដើម្បី​ប្រយោជន៍​រួម​ទេ វា​នឹងធ្វើ​ឲ្យ​គុន​ល្បុក្កតោ ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​អាច​ប្រឈម​នឹង​បាត់បង់​។​
 
​កត្តា​នេះ​បាន​ជំរុញ​ឲ្យ​លោក វី តា​រ៉ា ដែល​គិតពី​ផលប្រយោជន៍​រួម​ជាធំ​បាន​លះបង់​ទាំង​កម្លាំងកាយ ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​បើក​សាលា​បង្ហាត់​គុន​ល្បុក្កតោ​ដល់​យុវជន​ដោយ​ឥតគិតថ្លៃ​។ បច្ចុប្បន្ន តា​រ៉ា មាន​សាលា​គុន​ចំនួន​៣ គឺ​សាលា​គុន​ល្បុក្កតោ​ដំរី​ស សាលា​គុន​ល្បុក្កតោ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​សាលា​ទាំងពីរ​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​សាលា​គុន​ល្បុក្កតោ​រតនៈ​ឦសាន​នៅ​ខេត្តរតនគិរី​។ សម្រាប់​ក្លិប​នៅ​រតនគិរី តា​រ៉ា ត្រូវ​ចំណាយពេល​ស្ទើរ​រៀងរាល់​ចុង​សប្តាហ៍ ដើម្បី​ទៅ​បង្ហាត់​សិស្ស​នៅ​ទីនោះ ដែល​នេះ​បន្ទុក​មួយ​លំបាក ព្រោះ​រាល់​ការចំណាយ​លើ​ថ្លៃ​អាហារ និង​ធ្វើដំណើរ​ជា​បន្ទុក​របស់គេ​។ 
 
​បុរស​សម្បុរ​ស្រអែម​មាឌធំ​រូបនេះ​បាន​បន្តថា កត្តា​ដែល​ជំរុញ​ឲ្យ​រូបគេ​ហ៊ាន​លះបង់​បែបនេះ ព្រោះ​លោក​ចង់​ឲ្យ​គុន​ល្បុក្កតោ​ក្លាយជា​អត្តសញ្ញាណ​ជួយ​ឲ្យ​ប្រទេស​ទូទាំង​ពិភពលោក​ស្គាល់​កម្ពុជា​។ លោក​បន្ថែមថា​៖«​កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​លះបង់ គឺ​ខ្ញុំ​គិតថា បើសិន​ម្នាក់ៗ​គិតតែ​ពី​ផលប្រយោជន៍​បុគ្គល​ខ្លួនឯង​ច្រើន ហើយ​អត់​បាន​គិតពី​ផលប្រយោជន៍​រួម ប្រយោជន៍​រួម​គឺ​ល្បុក្កតោ​នេះឯង​។ ល្បុក្កតោ គឺជា​មរតក​វប្បធម៌​ខ្មែរ ក្បាច់គុន​ខ្មែរ ហើយ​វា​ស្ទើរនឹង​បាត់បង់ ព្រោះ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​តាំងពី​អាណានិគម​បារាំង​រហូតដល់​សម័យ ប៉ុល ពត​»​។​
 
​បើតាម​សៀវភៅ​គុន​ល្បុក្កតោ​ថ្នាក់​ក្រ​មាស ដែល​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន នៅ​សម័យ​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ គុន​ល្បុក្កតោ​បាន​ទៅ​លាក់ខ្លួន​នៅតាម​ទី​វត្ត​អារាម និង​នៅតាម​តំបន់​ដាច់ស្រយាល​គ្មាន​ស្ថាប័ន​ទ្រទ្រង់ ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។ ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ​នៅតាម​ស្រុកភូមិ បាន​ដើរតួនាទី​ជា​អ្នកថែរក្សា​ក្បាច់គុន​នេះ ដោយបាន​ផ្ទេរ​ចំណេះដឹង​ក្បាច់គុន​ទៅ​អ្នកជំនាន់ក្រោយ នៅ​ក្នុងន័យ​អភិរក្ស​ផង សម្រាប់​ការពារ​ខ្លួន​ទប់ទល់​នឹង​អំពើ​ឆក់​ប្លន់​ផង និង​ដើម្បី​កសាង​កម្លាំង​ប្រឆាំង នឹង​ការត្រួតត្រា​របស់​បារាំង​ផង​។​
 
​គុន​ល្បុក្កតោ​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​បំផុត នៅក្នុង​សម័យ​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ដែល​ចេះ​ក្បាច់គុន​ក្បុ​ក្ក​តោ​ជាច្រើន​ត្រូវបាន​សម្លាប់ ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​។ គ្រូ​គុន​ល្បុក្កតោ​ផ្សេងទៀត បាន​លាក់​អត្តសញ្ញាណ​មិន​ហ៊ាន​បង្ហាញ ឬ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទេ ដោយសារតែ​ការហាត់​ក្បាច់គុន និង​សកម្មភាព​ទាំងឡាយណា មិនត្រូវ​បានអនុញ្ញាត​ដោយ​អង្គការ​ខ្មែរក្រហម និង​ហាមឃាត់​ជាដាច់ខាត​។​
 
​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែមករា ឆ្នាំ​១៩៧៩ អ្នកចេះ​ក្បាច់គុន​ល្បុក្កតោ ដែល​នៅ​រស់រានមានជីវិត​ពី​របប​នេះ មាន​ចំនួន​តិចតួច​ណាស់​។ គ្រូ​គុន​ល្បុក្កតោ​មួយចំនួន បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ហើយ​គ្រូ​គុន​ដែល​នៅ​សេសសល់​ក្នុងប្រទេស មិនមាន​លទ្ធភាព​បន្តសកម្មភាព​ក្បាច់គុន​នេះ​បានទេ ដោយសារ​ប្រទេស​ទើប​ងើប​ពីរ​បប​ប្រល័យពូជសាសន៍ និង​ដោយ​មិនមាន​ការស្រាវជ្រាវ និង​អភិរក្ស​ផង​នោះ គុន​ល្បុក្កតោ​ស្ទើរតែ​ត្រូវបាន​បំភ្លេចចោល​និង​បាត់ឈ្មោះ​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ប៉ុន្តែ​ក្រោយ​ការជីក​កកាយ​របស់​ព្រឹទ្ធាចារ្យ​ក្បាច់គុន​មួយចំនួន ពិសេស​លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន ក្បាច់គុន​កេរតំណែល​វប្បធម៌​ប្រពៃណី​មួយ​នេះ​ក៏​រស់រាន​ឡើងវិញ​។ ទោះបី​យ៉ាងនេះ​ក្តី ក៏​នៅមាន​ខេត្ត​មួយចំនួន​ពុំ​សូវ​ស្គាល់​កីឡា​នេះ​ផងដែរ​។ 
 
​ទោះបី​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ខ្វះ​ទីកន្លែង​សម្រាប់​សិស្ស​ហ្វឹកហាត់ ហើយ​វា​មិនបាន​ផ្តល់​ចំណូល ដើម្បី​ទ្រទ្រង់​ចំណាយបាន​គ្រប់គ្រាន់​ក៏ដោយ តែ តា​រ៉ា ដែល​ទើប​ទទួលបាន​ឱកាស​ឲ្យ​ធ្វើជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឆ្នាំនេះ ប្តេជ្ញា​ថា នឹង​បន្ត​ដើរ​លើ​វិថី​នេះ​គ្មាន​ថ្ងៃ​បោះបង់​ឡើយ​។ 
 
​បុរស​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ប្តេជ្ញា​ដូច្នេះ​ថា​៖«​សម្រាប់​ល្បុក្កតោ​អាច​និយាយបានថា ខ្ញុំ​អត់​ចោល​ទេ ខ្ញុំ​នៅតែ​បន្តធ្វើ គ្រាន់តែ​ថា ឲ្យ​ដូច​សព្វថ្ងៃ ឬ​លើស​នឹង​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ដោយសារ​ពេលខ្លះ​យើង​ចង់​ធ្វើ យើង​ស្រលាញ់ ប៉ុន្តែ​វា​អត់​បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​យើង​ឲ្យ​បាន​គ្រប់គ្រាន់​ទេ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ការងារ​ថ្មី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​»​។ 
 
​កូនពៅ​ក្នុងចំណោម​បងប្អូន​ពីរ​នាក់​នៃ​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ​រូបនេះ ចង់​ឲ្យ​ល្បុក្កតោ​មាន​គ្រប់​ខេត្ត​នៅ​កម្ពុជា និង​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​។ លោក​មាន​មហិច្ឆតា​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ឲ្យ​ល្បុក្កតោ​មាន​គ្រប់​ខេត្ត​ទាំងអស់ ដោយសារ​សព្វថ្ងៃ​មាន​ដែរ មិនមែន​ថា​អត់​មាន​ទេ លោកតាៗ ឬ​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ក្នុង​ខេត្ត​នីមួយៗ​មាន ប៉ុន្តែ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដូច​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​អត់​ទាន់​មាន​ទេ​។ ពេល​មាន​គ្រប់​ខេត្តហើយ ខ្ញុំ​ចង់​ឲ្យ​ល្បុក្កតោ​មាន​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក នេះ​ជា​មហិច្ឆតា​ធំ​មួយ​របស់ខ្ញុំ​»​។​
 
​តា​រ៉ា អះអាងថា រូបគេ​ធ្លាប់​ត្រូវបាន​ម្តាយ​ព្រមាន​រហូត​ប្រើពាក្យ​ថា កាត់កាល​ចោល បើសិន​រូបគេ​នៅ​បន្តទៅ​ហ្វឹកហាត់​ក្បាច់គុន​។ ប៉ុន្តែ​ពាក្យ​ព្រមាន​នេះ​មិន​បង្ខាំង​ចិត្ត​គេ ដែល​ស្រលាញ់​គុន​ល្បុក្កតោ ឲ្យ​ឈប់​ហាត់​កីឡា​វប្បធម៌​ប្រពៃណី​មួយ​នេះឡើយ ដោយ​គេ​នៅតែ​បន្ត​លួចលាក់​នៅ​ហ្វឹកហាត់​ដដែល​។ បន្ទាប់មក រូបគេ​ត្រូវបាន​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ផ្តល់ឱកាស​ឲ្យ​សម្តែង​ក្នុង​កម្មវិធី​មួយ ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។ ការសម្តែង​លើកដំបូង​នេះហើយ ដែល​ជួយ​ឲ្យ តា​រ៉ា ទទួលបាន​ការកោតសរសើ​រ​ពី​ម្តាយ និង​បានការ​អនុញ្ញាត​ឲ្យ​បន្ត​ហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ​រហូត​សព្វថ្ងៃ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​លោក វី តា​រ៉ា បាន​រៀបរាប់​ពី​ប្រវត្តិ​ថា​៖«​ខ្ញុំ​បាន​មើល​ខ្សែភាពយន្ត​ខ្មែរ​មួយ​មាន​ចំណងជើង​ថា កំពូល​ក្បាច់គុន​ល្បុក្កតោ ខ្ញុំ​បាន​គិតថា ថ្ងៃ​ណាមួយ​ចង់​ហាត់​ក្បាច់គុន​នេះ​។ ក្រោយមក​នៅ​ឆ្នាំ​២០០៩ មាន​មិត្តភក្តិ​ម្នាក់​បាន​បបួល​ខ្ញុំ ថា​គេ​ស្គាល់​កន្លែង​ហាត់គុន​ល្បុក្កតោ​មួយកន្លែង បន្ទាប់មក​ខ្ញុំ​ក៏បាន​ទៅសុំ​ម៉ាក់ តែ​ដាច់ខាត​គាត់​អត់​ឲ្យ​។ ខ្ញុំ​ក៏បាន​សុំ​គាត់​ជា​លើក​ទី​២ តែ​គាត់​នៅតែ​អត់​ឲ្យ បន្ទាប់មក​ខ្ញុំ​គិតថា ខ្លួនឯង​ចង់​ហើយ​មានតែ​លួច​គាត់​ទៅ​ហ្វឹកហាត់ តែ​ពេលនោះ​គាត់​បានដឹង ហើយ​និយាយថា បើ​ហ៊ាន​ទៅ​ហាត់​ទៀត គាត់​ថា​នឹង​កាត់កាល​ចោល​»​។ 
 
​ម្ចាស់​ក្លិប​ដំរី​ស រតនៈ​ឦសាន និង​វិទ្យាល័យ​ស៊ីសុវត្ថិ​រូបនេះ បាន​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​នៅ​អំឡុង​ឆ្នាំ​២០០៩ ហើយ​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៣ មុន​ផ្តល់ឱកាស​ឲ្យ​ជា​ជំនួយការ​គ្រូបង្វឹក​ជម្រើសជាតិ​លើកដំបូង​នៅ​ឆ្នាំ​២០១៩​នេះ​។ តា​រ៉ា មិន​គ្រាន់តែ​ជា​កីឡាករ និង​គ្រូបង្វឹក​ដ៏​មាន​ប្រជាប្រិយ​មួយរូប​នោះទេ គេ​ក៏​ជា​តារា​សម្តែង​មួយរូប​ផងដែរ​។ មកទល់​បច្ចុប្បន្ន​រូប​គេ​សម្តែង​បាន​ជាង​១០​រឿង​ហើយ ដោយ​ភាគច្រើន​គេ​សម្តែង​ជា​តួ​ប៉ូលិស និង​អ្នក​វាយតប់​៕ 

Tag:
 ល្បុក្កតោ​
  វី តា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com