ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​៖ មិនត្រូវ​ឲ្យ​នាំ​សំរាម​ចូល​កម្ពុជា​ដាច់ខាត
04, Aug 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានបង្ហាញ​ពី​ម៉ឺងម៉ាត់ មិន​ឲ្យ​មានការ​លួច​នាំ​សំរាម​ពី​បរទេស ចូលមក​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រើ​ភាសា​បែប​ដាច់​ណាត់​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២ ខែ​សហា ឆ្នាំ​២០១៩​។


 
​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​សរសេរ​ពីស​ម្តី​របស់​ប្រមុខ​រដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា មិន​អនុញ្ញាត​ដាច់ខាត​ឲ្យ​មានការ​នាំចូល​សំរាម​ពី​បរទេស ដើម្បី​កែច្នៃ​ឬ​ផលិត​ជា​ថាមពល​អគ្គិសនី​នោះទេ​»​។​
 
​ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល បាន​លើកទឹកចិត្ត​ឲ្យ​មានការ​កែច្នៃ​សំរាម​ក្នុងស្រុក​វិញ ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​បន្ថែម ដែល​អាច​ការពារ​បរិ​ស្ថាន និង​ដោះស្រាយ​បញ្ហា​សំរាម ក៏ដូចជា​ដោះស្រាយ​កន្លែង​ចាក់សំរាម ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ​។  
 
​បញ្ជា​របស់​មេ​ដឹ​នាំ ឲ្យ​ទប់ស្កាត់​ការ​នាំចូល​សំរាម គឺធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ រកឃើញ​សំរាម​ប្លា​ស្ទិ​ក​៨៣​កុងតឺន័រ ដែលមាន​ទម្ងន់​ជិត​១៦០០​តោន នៅ​កំពង់​ផៃ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែ​កក្ដ​ដា ដោយ​ក្រសួងបរិស្ថាន អះអាងថា មាន​ប្រភព​មកពី​កាណាដា​និង​អាមេរិក​។ 
 
​ក្រុមហ៊ុន​មួយ​ឈ្មោះ Chungyuen ជា​អ្នក​នាំ​សំរាម​ទាំងនោះ ចូលមក​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន Chungyuen នាំ​សំរាម​ទាំងនោះ ចេញពី​កម្ពុជា យ៉ាងយូរ ត្រឹម​ថ្ងៃទី​២៤ ខែសីហា​៕ 

Tag:
 ​សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com