ជាតិ
ក្រសួង​ធនធានទឹក​៖​ខេត្ត​ព្រះសីហនុ កោះកុង និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​
04, Aug 2019 , 11:03 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ កម្ពុជា កំពុង​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​នៃ​ព្យុះ​ចំនួន​៣ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ពិសេស​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ បើតាម​សេចក្ដីជូនដំណឹង​ថ្មី របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៤ ខែសីហា​នេះ ខេត្តកោះកុង ព្រះសីហនុ និង​ផ្លូវជាតិ​លេខ​៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១០ ខែសីហា​។


 
​សេចក្ដីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្ដាល មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ទៅ​មធ្យម​។ រីឯ​ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ព្រះវិហារ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ទៅ​បង្គួរ​។ ដោយឡែក ចាប់ពី​ថ្ងៃទី ៨ និង​ទី​៩ ខែសីហា បណ្ដា​ខេត្ត ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ នឹងមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​៩-១០ ខែសីហា នឹងមាន​ភ្លៀង​កម្រិត​ធ្យ​ម​ទៅ​បង្គួរ​។ 
 
​ឥទ្ធិពល​សម្ពាធ​ទាប (ITCZ ) លាតសន្ធឹង​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម ភ្ជាប់​នឹង​ព្យុះ​ទី​៧ ដែល​បាន​រលាយខ្លួន​នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​។ ព្យុះ​ទី​៨ ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស​កូ ដែល​ស្ថិត​ឆ្ងាយ​ក្នុង​មហាសមុទ្រ​នៅឡើយ​។ ព្យុះ​នេះ មិនមាន​ឥទ្ធិពល​មកលើ​កម្ពុជា​នោះទេ ដោយ​នឹងមាន​ឥទ្ធិពល​លើ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ នៅ​ភាគ​ខាងកើត​ហ្វីលីពីន នឹង​កើត​ព្យុះ​មួយទៀត​ទី​៩ ឈ្មោះ ឡេ​គី​ម៉ា នឹងមាន​ឥទ្ធិពល​មកលើ​កម្ពុជា​។ 
 
​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក អំពាវនាវ ឲ្យ​សាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ឥទ្ធិពល​នៃ​ល្បឿន​ខ្យល់​ខ្លាំង​ក្នុង​កម្រិត​ពី​១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​រលក​សមុទ្រ​ធំ មាន​កម្ពស់​ពី​១-២​ម៉ែត្រ​៕ 
 

រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម


Tag:
 អាកាសធាតុ​
 ​ភ្លៀង​
 ​ព្យុះ​
 ​ទឹកជំនន់​
 
© រក្សាសិទ្ធិដោយ thmeythmey.com