អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​ពី​ការអភិវឌ្ឍ​ដី​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​
04, Aug 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នេរសមុទ្រ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​ជា​ឆ្នេរ​ល្អ​ដាច់​គេ នៅក្នុង​ពិភពលោក ។ ដើម្បី​រក្សា​សោភ័ណភាព និង​ប្រើប្រាស់​ឆ្នេរ​ដ៏​មាន​សក្តានុពល​នេះ ឲ្យ​បានជា​ប្រយោជន៍​ជាតិ រាជរដ្ឋាភិបាល មានការ​កំណត់​គ​ន្លាត​សម្រាប់​ការសាងសង់​សំណង់ និង​ការប្រើប្រាស់​ឆ្នេរ ឲ្យ​បាន​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ចីរភាព​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លេខ ៤៤២ ចុះ​ថ្ងៃទី ០៨ កុម្ភៈ ២០១២​។
 
​តើ​ត្រូវ​សាង​សង់គ​ន្លាត​ប៉ុន្មាន​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​? 
 
​តាម​សារាចរ​ណែនាំ តំបន់ឆ្នេរ​ត្រូវបាន​បែង​ចែកជា​ពីរ​ផ្នែក​៖ ឆ្នេរសមុទ្រ និង​ដី​ចំណី​ឆ្នេរ​។ ឆ្នេរសមុទ្រ ត្រូវ​បានគិត​រាប់​ចាប់ពី​ទឹកជោរ​ខ្ពស់បំផុត ឡើងមក​លើគោក​ចំនួន ៣០​ម៉ែត្រ សម្រាប់​ឆ្នេរ​ជម្រាល និង​កំណត់​ចំនួន ២០ ម៉ែត្រ សម្រាប់​ឆ្នេរ​ចោត​។ 
 
​ចំណែកឯ​ដី​ចំណី​ឆ្នេរ រាប់​ចាប់ពី​ព្រំ​នៃ​ឆ្នេរសមុទ្រ រហូតដល់ ៥០​ម៉ែត្រ ចូល​ទៅខាង​ដីគោក​។ ប៉ុន្តែ​ប្រសិនបើ​មាន​ផ្លូវ​នៅ​តំបន់​នោះ គេ​ត្រូវ​រាប់​ដល់​ត្រឹម​ផ្លូវ​សាធារណៈ​នោះ​។ 
​ជាការ​កំណត់ដោយ​ច្បាប់ ផ្នែក​ទាំងពីរ​នេះ គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​មិនអាច​ឲ្យ​មានការ​សាងសង់​សំណង់​ណាមួយ នៅលើ​តំបន់​នេះ​នោះទេ​។ នេះ​មានន័យថា រាល់​ការសង់​សំណង់​ផ្សេងៗ អាចធ្វើ​ទៅបាន ចម្ងាយ​យ៉ាងហោចណាស់ ៥០ ម៉ែត្រ ពី​ឆ្នេរសមុទ្រ​។​
 
​ការប្រើប្រាស់​ដី​ចំណី​ឆ្នេរ​​ដី​ចំណី​ឆ្នេរ ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ ដែលមាន​ដូចជា ដី​ចំណី​ឆ្នេរ ដែលជា​ទីប្រជុំជន​សម្រាប់​គោលដៅ​ទេសចរណ៍ និង​ដី​ចំណី​ឆ្នេរ​ដែល​មិនសូវមាន​មនុស្ស​រស់នៅ​។​
 
 ១. ដី​ចំណី​ឆ្នេរ នៅ​ទីប្រជុំជន​
 
​រាល់​ការសាងសង់​សំណង់​ណាមួយ ដែល​ត្រូវបាន​អនុញ្ញាត​នៅ​លើដី​ចំណី​ឆ្នេរ​នេះ មិនត្រូវ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ និង​ប្រាស់ចាក ពី​ការបម្រើ​សម្រាប់​ទេសចរណ៍​នៃ​តំបន់​នោះទេ​។​
 
​សកម្មភាព​ខាងក្រោម​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដូចខាងក្រោម​៖
 
•​ ​គេ​អាច​សាងសង់​ជា​តូប​តូចៗ ដែល​នៅ​ចន្លោះ​ដើមឈើ និង​ត្រូវមាន​ចម្ងាយ​ពីគ្នា ប្រមាណ ១៥ ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ដល់​ការដើរ​ចេញចូល​របស់​ភ្ញៀវទេសចរ​។​
•​ ​កន្លែង​ចត​យានយន្ត ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ដាក់​ផងដែរ ប៉ុន្តែ​មិនត្រូវ​ប៉ះពាល់​ដល់ សោភ័ណភាព​នោះទេ​។​
•​ ​គេ​អនុញ្ញាត​ឲ្យ​មានការ​សាង​សង់ប​ន្គ​ន់​សាធារណៈ ក្នុង​ចំនួន​សក្តិសម ប៉ុន្តែ​មិនត្រូវ​ប៉ះពាល់​ដល់​សោភ័ណភាព​នោះទេ​។​
•​ ​ការសាងសង់​រូបសំណាក​ផ្សេងៗ ក៏​អាចធ្វើ​ទៅបាន ដើម្បី​លំអ​ទស្សនីយភាព នៃ​តំបន់​នោះ​ផងដែរ​។​
•​ ​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​កំពង់ផែ​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​ការសាងសង់​នោះ ផ្តល់​ផលប្រយោជន៍​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច គេ​អាច​នឹងត្រូវ​បានអនុញ្ញាត​បាន​។​
•​ ​រាល់​សំណង់​រឹងមាំ​ផ្សេងៗ ត្រូវបាន​ហាមឃាត់ លើកលែងតែ​សំណង់​ដូចជា​ស្ពាន​សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ ឬ​កន្លែង​ទស្សនា​ទិដ្ឋភាព​ក្រោម​បាតសមុទ្រ​ជាដើម ដែល​សម្រួល​ដល់​វិស័យ​ទេសចរណ៍ អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើឡើង ក្នុង​តំបន់​នោះ​។​
 
២. ដី​ចំណី​ឆ្នេរ ដែល​មិនសូវមាន​មនុស្ស​
 
​ការប្រើប្រាស់​នឹងត្រូវ​បាន​អនុញ្ញាត​ដូចខាងក្រោម​៖
 
•​ ​អាច​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​កំពង់ផែ​ផ្សេងៗ ប៉ុន្តែ​គេ​ត្រូវ​គិតគូរ​ពី​បញ្ហា​ប៉ះពាល់ ដល់​បរិស្ថាន​។​
•​ ​អនុញ្ញាត​ឲ្យ​សាងសង់​កំពង់ផែ​លើទឹក សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ត្រូវ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​។​
•​ ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ភូមិឋាន​ថ្មី​ផងដែរ​។​
•​ ​បើ​មាន​សំណង់​រោងចក្រ​ផ្សេង​ដែល​បញ្ចេញ​ផ្សែង ត្រូវតែមាន​ការសិក្សា​ពី​ផលប៉ះពាល់ បរិស្ថាន​ផងដែរ​។​
•​ ​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​សំណង់​ផ្សេងទៀត ដែល​ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com